ភ្នំពេញៈ រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានប្រកាស​ផ្អាក​មិនឱ្យ​នេសាទ​គ្រំ​ក្រឡាហូល​ក្នុង​សមុទ្រ​កម្ពុជា​រយៈពេល​ ២ ​ខែ ចាប់ពី​ថ្ងៃទី​ ១ ខែកញ្ញា ដល់​ថ្ងៃទី​ ៣១ ខែតុលា ដោយសារ​ជា​រដូវ​ពងកូន​។ នេះ​បើតាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​ជលផល​ពី​ថ្ងៃទី​ ១៧ ខែសីហា​។

សេចក្តី​ជូនដំណឹង​បញ្ជាក់ថា ការបិទ​នេសាទ​អូស​គ្រំ​ក្រឡាហូល ២ ​ខែ​នេះ ព្រោះ​ជា​រដូវ​ពង​កូន​របស់​គ្រំ​ក្រឡាហូល និង​​ដើម្បី​ថែរក្សា​ការពារ​ធនធាន​ជលផល​សមុទ្រ​ឱ្យបាន​គង់វង្ស​។

លោក​ ស៊ុំ គង់ ប្រធាន​ការិយាល័យ​នេសាទ​សមុទ្រ​នៃ​រដ្ឋបាល​ជលផល ថ្លែងថា ក្នុង​រយៈពេល​ ២ ​ខែ​នេះ​ ​ជា​រដូវ​បន្ត​ពូជ​របស់​ប្រភេទ​គ្រំ​ក្រឡាហូល​ស្ថិតក្នុង​ដែនសមុទ្រ​កម្ពុជា​។ ទោះជា​យ៉ាងណា គ្រំ​ក្រឡាហូល​នេះ​មាន​ច្រើនជាងគេ​នៅក្នុង​តំបន់​ថ្មស ខេត្តកោះកុង និង​តំបន់​កោះ​ខ្យង ស្ថិតនៅ​ព្រំប្រទល់​ខេត្ត​កំពត និង​ខេត្ត​ព្រះសីហនុ​។

លោក​បាន​បន្តថា បន្ទាប់ពី​ចប់​ក្នុង​រយៈពេល​ ២ ​ខែ​នេះ ប្រជានេសាទ​អាច​បន្តធ្វើ​ការនេសាទ​វិញ​បាន​ហើយ​។ ប៉ុន្តែ បើ​ប្រជានេសាទ​ធ្វើការ​នេសាទ​ក្នុង​រដូវ​ហាមឃាត់​នេះ ពួកគាត់​នឹងត្រូវ​មានទោស​ទណ្ឌ ឬក៏​ត្រូវ​ព្រមាន​តាមច្បាប់​របស់​ជលផល​។

លោក​ ស៊ុំ គង់ ​ថ្លែងថា​៖ «​នៅពេលដែល​រដ្ឋបាល​ជលផល​ចេញ​សេចក្តីជូនដំណឹង​នេះ ខាង​ជលផល​ដែនសមុទ្រ​នឹង​ចុះទៅ​ពង្រឹង និង​ទប់ស្កាត់​លើ​ការធ្វើ​នេសាទ ដែល​បំពាន​ចំពោះ​សេចក្តី​ជូនដំណឹង​នេះ​»​។

លោក នៅ សាម៉ាប់ ប្រធាន​គណៈកម្មការ​សហគមន៍​នេសាទ ស្រុកស្រែ​អំបិល ខេត្តកោះកុង បាន​ឱ្យ​ដឹង​ដែរ​ថា ក្នុង​ដែន​នេសាទ​​របស់លោក​មិន​មាន​ប្រភេទ​គ្រំ​ក្រឡាហូល​ទេ ប៉ុន្តែ​គ្រំ​ទាំងនេះ​​បាន​នាំចូល​មកពី​តំបន់​ថ្មស យក​មក​ចែក​ក្នុង​តំបន់​របស់លោក​។

ទោះជា​យ៉ាងណា​លោក​បាន​ស្វាគមន៍​ចំពោះ​រដ្ឋបាល​ជលផល ដែល​បានប្រកាស​ផ្អាក​មិនឱ្យ​ធ្វើ​អាជីវកម្ម ឬ​នេសាទ​ក្នុងអំឡុងពេល​ ២ ​ខែ​ដែលជា​រដូវ​ពងកូន​នេះ ព្រោះ​វា​នឹង​រក្សាបាន​នូវ​កំណើន និង​ធនធាន​សមុទ្រ​ឱ្យ​រក្សា​បាន​គង់វង្ស​ទៅមុខ​ទៀត​៕