ព្រះ​វិហារៈ កម្លាំង​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះ​វិហារ​កំពុង​ស្រាវ​ជ្រាវ​ស្វែងរក​ម្ចាស់​ឈើ​ប្រណីតដែល​លាក់ទុក​នៅ​ឃុំ​រណសិរ្ស ​ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ​ ក្រោយ​ពី​ចុះ​បង្ក្រាបហើយ​បាន​រក​ឃើញ​ចំនួន​ ១៦៥​ ដុំ កាលពី​ថ្ងៃទី​ ១​៨ និង​ថ្ងៃទី​ ១៩​ ខែសីហា​។

លោក ស៊ុម សុ​វុត្ថា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀងបានថ្លែង​នៅ​រសៀល​ថ្ងៃទី ១៩ ខែសីហា​​ថា កម្លាំង​ជំនាញ​របស់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង​កំពុង​ស្វែ​ង​រក​ម្ចាស់​ឈើប្រណីត ដែល​បាន​យកទៅ​លាក់ទុក​នៅ៣ទីតាំង​ផ្សេងគ្នា ក្នុង​ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ក្រោយ​ពីបាន​​បង្ក្រាប​ឈើប្រណីត​ប្រភេទ​ឈ្លីក​បាន​ចំនួន ១៦៥ ដុំ នៅ​ថ្ងៃទី ១៨ និង ១៩ ខែសីហា​។

លោកនាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀងបានឱ្យដឹង​ថា នៅ​ថ្ងៃទី ១៨ ខែសីហា កម្លាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​រដ្ឋបាល​រណសិរ្ស​ និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សង្គម​ថ្មី​បាន​ចុះបង្ក្រាប​ដោយ​ដកហូត​ប្រភេទ​ឈើ​ឈ្លីក​ដែលមាន ​២ ទីតាំង នៅ​ក្នុង​ឃុំ​រណសិរ្ស។

លោក​ថ្លែងថា៖ «ទីតាំង​ទី១​ នៅ​ទួល​ចម្ការចេក ​ភូមិ​តា​សែង​ជើង​ ដែលមាន​ឈើចំនួន ១៦ ដុំ និង​ទី​តាំងទី​២ នៅ​ប្រឡាយ​កូន​ស្ពាន​ខាងកើត ​ភូមិ​តា​សែង​កណ្តាល​មាន​ចំនួន ១២១ ដុំ​ សុទ្ធតែ​ប្រភេទ​ឈើ​ឈ្លីក​សរុប​ទាំង ២ ទីតាំង មាន​ទាំងអស់​ចំនួន ១៣៧ ដុំ» ។

លោក ​ស៊ុម សុ​វុត្ថា បានឱ្យដឹងទៀត​ថា ដោយឡែក នៅ​ព្រឹក​ឡើង​ថ្ងៃទី ១៩ ខែសីហា​ ​ក្រុមការងារ​បាន​បន្ត​ចុះ​បង្ក្រាប ១ ទីតាំង​ទៀត​ នៅ​ប្រឡាយ​កូន​ស្ពាន​ខាងកើត ​ភូមិ​តា​សែង​ស្វាយ រកឃើញឈើចំនួន ២៨ ដុំ​បន្ថែមទៀត។ លោក​ថ្លែងថា៖ «ក្រុម​ល្មើស​ទាំងនោះ​ប្រហែល​ប្រុង​នឹង​ដឹកជញ្ជូន​តាម​រថយន្ដ​ចេញ​តាម​ច្រក​តា​សែង​ឆ្ពោះទៅ​ស្រុក​ស្ទោង​ចូលក្នុង​ខេត្តកំពង់ធំ» ។

បើតាម​លោក សុ​វុត្ថា ឈើ​ដែល​បង្ក្រាបបាន​ កម្លាំង​សមត្ថកិច្ច​បាន​ដឹកជញ្ជូន​តាម​រថយន្ត​យកមក​រក្សាទុក​នៅ​ទីស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង ដើម្បី​វាស់វែងនិង​កសាង​សំណុំរឿង​តាម​នីតិវិធី​​ច្បាប់​ស្តីពី​ព្រៃឈើ​បញ្ជូនទៅ​ថ្នាក់លើ​ពិនិត្យសម្រេច។

លោក អួន រុន មេ​ប៉ុស្តិ៍រដ្ឋបាល​ឃុំ​រណសិរ្សបានថ្លែង​នៅថ្ងៃទី ១៩ សីហា​​ថា កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រណសិរ្ស​ចំនួន ៣ នាក់ ​បាន​ចូលរួម​សហការ​ក្នុងការ​ចុះទៅ​បង្ក្រាប​ករណី​ឈើ​ប្រណី​ត​នេះ ប៉ុន្តែ​ពេល​ចុះទៅ​ដល់​មិន​បានឃើញ​ជនសង្ស័យ​នោះទេ។

លោក​ថ្លែងថា៖ «កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​គ្រាន់តែ​ចូលរួម​សហការក្នុង​កិច្ចការងារ​ហ្នឹងហេតុនេះ​ឈើប្រណីត​មាន​ចំនួន​ប៉ុន្មានខ្ញុំ​មិនដឹង​ច្បាស់​ទេ។ ចំពោះ​ការបង្ក្រាប​ករណី​ឈើប្រណីត​នេះ មិនមាន​ឃាត់​បាន​ជនសង្ស័យ​ឡើយ ព្រោះ​ចុះទៅ​ដល់​ឃើញ តែ​ឈើ​នៅ​គរលើ​គ្នា​រាយប៉ាយ​ពេញ​ហ្នឹង» ៕