ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​ បានសម្រេច​បិទ​បញ្ចប់​ការអនុវត្ត​នូវ​យុទ្ធនា​ការ ពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់ ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ នៅ​ទូទាំងប្រទេស​ចាប់​ពី​​ថ្ងៃទី២០ ខែសីហា​តទៅ​ ប៉ុន្តែ​ជាមួយ​គ្នានេះ​​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ណែនាំ​ ដល់​បណ្តា​អភិបាល​រាជធានី​-ខេត្ត ត្រូវ​បន្ត​អនុវត្ត ​ការ​រឹតបន្ដឹង​វិធានការ​សុខាភិបាល វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ដោយ​ផ្អែក​តាម​សភាពការណ៍​វិ​វត្ត​ជាក់ស្តែង​នៃ​ជំងឺ​នេះ។

ការសម្រេច​បិទ​បញ្ចប់​នេះ ត្រូវបាន​ប្រកាស​តាមរយៈ​​សេចក្តីណែនាំ​ ស្តី​ពី​ការពង្រឹង​ការអនុវត្ត​វិធានការ​ប្រយុទ្ធ​ និង​ទប់ស្កាត់​ការឆ្លង​រាលដាល ​នៃ​ជំងឺ​កូ​វីដ១៩ ដែល​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នា​ល្ងាច​ថ្ងៃទី១៩ ខែសីហា​នេះ។

ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ១៩ ជាពិសេស​មេរោគ​បំប្លែង​ថ្មី​ ប្រភេទ​ដែល​តា (Delta) រាជ​រដ្ឋាភិបា​ល​បានសម្រេច​ដាក់ចេញ និង​បន្ត​អនុវត្ត​នូវ​យុទ្ធនា​ការ ពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​នៅ​ទូទាំងប្រទេស រយៈពេល ២១ ថ្ងៃ​ ចាប់តាំងពី​ថ្ងៃទី២៩ ខែកក្កដា ដល់​ថ្ងៃទី១៩ ខែសីហា។

លោក ហ៊ុន សែន បានលើកឡើង​តាមរយៈ​សេចក្តីណែនាំ​នេះ​ថា ៖ «ការអនុវត្ត​នៅ​ទូទាំងប្រទេស រយៈពេល ២១ ថ្ងៃ កន្លងមកនេះ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ទទួលបាន លទ្ធផល​វិជ្ជមាន ដោយបាន​ជួយ​ដល់​ការគ្រប់គ្រង និង​ការ​ពន្យារពេលបាន​មួយកម្រិត​នូវ​ការឆ្លង​រាលដាល ទ្រង់ទ្រាយ​ធំ​ ក្នុង​សហគមន៍​នៃ​មេរោគ​កូ​វីដ១៩ ប្រភេទ​ដែល​តា (Delta)​»។

ការវិវត្ត​សភាពការណ៍ ក្នុង​រយៈពេល ២ សប្តាហ៍​ចុងក្រោយ​នេះ បង្ហាញថា អត្រា​នៃ​ការឆ្លង​រាលដាល​ ក្នុង​សហគមន៍​នៃ​មេរោគ​កូ​វីដ១៩ និង​អត្រា​អ្នកជំងឺ​កូ​វីដ១៩ កម្រិត​មធ្យម ក៏ដូចជា​អត្រា​អ្នកស្លាប់​ ដោយសារ​ជំងឺ​នេះ មាន​ទិន្នាការ​ថេរ ហើយ​​ទន្ទឹមនេះ អត្រា​អ្នកជា​សះស្បើយ​ ក៏មាន​ការកើនឡើង បើទោះបីជា​មេ​រោគ​បំប្លែង​ថ្មី​ បាន​ឆ្លង​រាលដាល​ក្នុង​សហគមន៍​ក្នុង​ចំនួន​កាន់តែច្រើនឡើងៗ រហូត​ទៅដល់ ២៣ រាជធានី-ខេត្ត​ក្តី។

លោក ហ៊ុន សែន បញ្ជាក់​ថា ៖ «ទោះជា​យ៉ាងនេះ​ក្តី ជាមួយនឹង​ការរកឃើញ​ជា​បន្តបន្ទាប់​ក្នុង​ចំនួន​ច្រើន និង​នៅ​ស្ទើរ​គ្រប់​ទីកន្លែង​នៅ​ទូទាំងប្រទេស លទ្ធភាព​នៃ​ការ​ឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ​ ក្នុង​ពេលខាងមុខ​នៃ​មេរោគ​កូ​វីដ១៩ ប្រភេទ​ដែល​តា (Delta) នេះ នៅ​បន្ត​ជា​បញ្ហា​ប្រឈម​ចំពោះមុខ​ដ៏​គួរឱ្យ​ព្រួយបារម្ភ​សម្រាប់​កម្ពុជា»។

លោក​ថា រាជរដ្ឋាភិបាល​ បានសម្រេច​បិទ​បញ្ចប់​ការអនុវត្ត​យុទ្ធនាការ​នេះ ប៉ុន្តែ​គ្រប់​បណ្តា​គណៈ​អភិបាល រាជធានី​ខេត្ត ត្រូវ​បន្ត​អនុវត្ត​ការ​រឹតបន្ដឹង​ វិធានការ​សុខាភិបាល វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ដោយផ្អែក​តាម​សភាពការណ៍​វិ​វត្ត​ជាក់ស្តែង​នៃ​ជំងឺ​នេះ ក្នុងភូមិ​សាស្ត្រ​រាជធានី​-ខេត្ត​ ដែល​ស្ថិតក្រោម​សមត្ថកិច្ច​របស់​ខ្លួន ក្រោម​ការសម្របសម្រួល​របស់​គណៈ​ប្រតិបត្តិ​នៃ​គណៈកម្មការ​អន្តរក្រសួង និង​អនុគណៈកម្មការ​ដែលមាន​ការពាក់ព័ន្ធ៕

វីដេអូ៖