ភ្នំពេញៈ លោកស្រី លី អៃឡែន តំណាង​អង្គការ​សុខភាព​ពិភពលោក​ (WHO) ប្រចាំ​កម្ពុជា​បាន​ធ្វើការ​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ខំប្រឹងប្រែង​ ដើម្បី​ទទួលបាន​វ៉ាក់សាំង​សម្រាប់​ចាក់​ជូន​ទៅដល់​ប្រជាពលរដ្ឋ ធ្វើឱ្យ​កម្ពុជា​ជា​ប្រទេសមួយ​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច​របស់​អង្គការ​សុខភាព​ពិភពលោក​ដែល​ទទួលបាន​ជោគជ័យ ក្នុងការ​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩​។

តំណាង​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​កម្ពុជា​បាន​លើកឡើង​ដូចនេះ នា​ព្រឹក​ថ្ងៃទី​ ១៩ ខែសីហា ក្នុងពេល​ចុះ​យក​ថវិកា​ និង​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន​ជា​រង្វាន់​លើកទឹកចិត្ត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រគល់ជូន​លោកយាយ លោកតា​ចំនួន ៣ ​នាក់ ដែលមាន​អាយុ​ពី​ ១០១ ​ឆ្នាំ​ដល់​ ១០៣ ឆ្នាំ​ក្នុងស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដែល​បាន​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩​។

លោកស្រី លី អៃឡែន បានឱ្យដឹងថា លោកស្រី​សង្កេតឃើញ​មាន​កត្តា​ ៣ ​សំខាន់ ដែល​បាន​កំណត់​ឱ្យ​ដំណើរការ​នៃ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ នៅក្នុង​ប្រទេស​កម្ពុជា​ទទួល​បាន​ជោគជ័យ​។ កត្តា​ទី​១ គឺ​ការដឹកនាំ​ដ៏ខ្លាំង​របស់​រាជរដ្ឋាភិបាល ដែល​ធានា​ឱ្យ​មាន​នូវ​វ៉ាក់សាំង​ក្នុង​ប្រទេស​គ្រប់គ្រាន់ សម្រាប់​ចាក់​ជូន​ដល់​ប្រជាពលរដ្ឋ​។

លោកស្រី​បញ្ជាក់ថា៖ «​កម្ពុជា​មាន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ តាម​ផែនការ​ច្បាស់លាស់ ហើយ​មាន​យុទ្ធសាស្ត្រ​ច្បាស់លាស់​ក្នុង​ការធ្វើឱ្យ​ប្រជាពលរដ្ឋ ដែល​ពិបាក​ក្នុង​ការទទួល​បាន​វ៉ាក់សាំង ក៏​អាច​ទទួលបាន​នូវ​វ៉ាក់សាំង​គ្រប់ៗ​គ្នា​។ រាជរដ្ឋាភិបាល​កម្ពុជា ធានា​បានឱ្យ​ការផ្តល់​វ៉ាក់សាំង​នេះ សម្រាប់​ប្រជាពលរដ្ឋ​ដែល​នៅ​ឆ្ងាយៗ​ ឬ​តាម​ទីជនបទ​ដាច់ស្រយាល​»​។

សម្រាប់​កត្តា​ទី​២ គឺ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​តែម្តង ដោយ​លោកស្រី លី អៃឡែន បាន​បញ្ជាក់ថា​នៅ​ប្រទេស​មួយចំនួន​ប្រជាពលរដ្ឋ​មាន​ការរារែក​ក្នុង​ការចាក់​វ៉ាក់សាំង ប៉ុន្តែ​សម្រាប់​ប្រទេស​កម្ពុជា ប្រជាពលរដ្ឋ​មាន​ការជឿជាក់​ខ្ពស់​ក្នុង​កម្មវិធី​ទទួល​វ៉ាក់សាំង​កូវីដ​ ១៩ ​ហើយ​ក៏បាន​ចូលរួម​យ៉ាង​សស្រោកសស្រាំ​ផងដែរ​។

លោកស្រី លី អៃឡែន មានប្រសាសន៍ថា៖ «​ចំណែក​កត្តា​ទី​៣ គឺ​ការសហប្រតិបត្តិការ សម្របសម្រួល​បានល្អ មិនថា​តែ​ក្នុង​វិស័យ​រដ្ឋ​ទេ តែ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​មាន​ការសហការ​ល្អ​ជាមួយ​នឹង​ដៃគូ​ក្នុង​វិស័យ​ផ្សេងៗ​ទៀត​ដែរ​។ ដូចនេះ​កត្តា​ទាំង​ ៣ ​នេះ​គឺ​បាន​ជំរុញ​ឱ្យ​កម្ពុជា​ទទួលបាន​ជោគជ័យ​ក្នុង​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​នេះ​»​។

លោកស្រី​សង្កត់ធ្ងន់​ថា៖ «​សមិទ្ធផល​ដែល​ទទួលបាន​សម្រាប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​នៅ​ប្រទេស​កម្ពុជា គឺជា​សមិទ្ធផល​មួយ​គួរឱ្យ​ស្ញប់ស្ញែង​»​។

នៅក្នុង​អត្ថបទ​មួយ​ដែល​បានចេញ​ផ្សាយ ដោយ​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​ ១២ ខែសីហា​កន្លងមក បាន​លើកឡើង​ថា ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ គឺជា​យុទ្ធសាស្ត្រ​ដ៏ខ្លាំង​មួយ ប៉ុន្តែ​វា​មិនមែន​ជា​ដំណោះស្រាយ​វេទមន្ត ដើម្បី​បញ្ចប់​ជំងឺ​រាតត្បាត​កូវីដ​ ១៩ ​នោះ​ទេ​។

ការចាក់​វ៉ាក់សាំង​តែមួយ​មុខ មិនមែន​ជា​ដំណោះស្រាយ​វេទមន្ត​នោះទេ វា​គ្រាន់តែ​ជា​ឧបករណ៍​មួយ​ក្នុងចំណោម​ឧបករណ៍​ដ៏សំខាន់​ជាច្រើន​នៅក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ដោយ​វា​ជួយ​កាត់បន្ថយ​មិន​ឱ្យ​ឈឺ​ជំងឺ​ធ្ងន់ធ្ងរ ជួយ​កាត់បន្ថយ ការចូល​សម្រាក​នៅ​មន្ទីរពេទ្យ និង​កាត់បន្ថយ​ការស្លាប់​។

អត្ថបទ​ដដែល​បាន​បន្តថា​៖ «​សុទិដ្ឋិនិយម​ចំពោះ​វ៉ាក់សាំង​អាច​បង្ក​គ្រោះថ្នាក់​។ កាលដែល​បាន​ចាក់​វ៉ាក់សាំង​រួចហើយ មិន​មានន័យថា អ្នក​គួរតែ​ឈប់​អនុវត្ត​វិធានការ​បង្ការ​ផ្សេងទៀត​ដូចជា​ការពាក់​ម៉ាស់​នៅ​ទីសាធារណៈ ការរក្សា​គម្លាត​សុវត្ថិភាព និង​ចៀសវាង​ការជួបជុំ ឬ​ប្រមូលផ្តុំ​មនុស្ស​ជាដើម​នោះទេ​»​។

ជាមួយ​គ្នា​នោះដែរ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ក៏បាន​ថ្លែង​ផងដែរ​ថា គិត​មកដល់​ពេល​នេះ​មាន​មនុស្ស​វ័យ​ចំណាស់​ដែលមាន​អាយុ​ពី​ ១០០ ​ឆ្នាំ​ឡើង បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ មាន​ចំនួន​ ៥៧ ​នាក់​ហើយ​។

លោកស្រី​មានប្រសាសន៍​ថា៖ «​វឌ្ឍនភាព​នៃ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុងប្រទេស​កម្ពុជា​មាន​ការវិវឌ្ឍ​ល្អប្រសើរ​មែនទែន ដែល​យើង​មាន​មោទនភាព​ផងដែរ ដោយសារ​គិត​ត្រឹម​យប់​ថ្ងៃទី​ ១៨ ខែសីហា កម្ពុជា​បាន​ចាក់​បាន​ជាង​ ៨ ​លាន​នាក់​ហើយ ធៀប​នឹង​ប្រជាពលរដ្ឋ​ ១០ ​លាន​នាក់ ហើយ​ក្រុម​អាយុ​ពី​ ១២ ​ដល់​ក្រោម​ ១៨ ​ឆ្នាំ​ក៏មាន​ល្បឿន​លឿន​ផងដែរ​»​។

ទន្ទឹមនឹង​នោះដែរ លោកស្រី​ ឱ វណ្ណឌីន ក៏បាន​លើកឡើង​ផងដែរ​ទាក់ទង​ទៅនឹង​ការចាក់​វ៉ាក់សាំង​ដូស​ទី​ ៣ ដែលមាន​ការសម្រេច​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដោយ​លោកស្រី​បានឱ្យ​ដឹងថា មកដល់​ពេល​នេះ​អ្នក​ដែល​ទទួល​បានការ​វ៉ាក់សាំង​ដូស​ទី​ ៣ ឬ​ដូស​ជំរុញ​គឺមាន​ប្រមាណ​ជាង​ ៤០ ​ម៉ឺន​នាក់​ហើយ​៕

វីដេអូ៖