ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក​ វេង សាខុន នៅ​ថ្ងៃទី​ ១៩ សីហា បានបង្ហាញ​អំពី​វឌ្ឍនភាព​នៃ​ការរៀបចំ និង​កិច្ចដំណើរការ​នៃ​មន្ទីរពិសោធន៍​ជីវបច្ចេកវិទ្យា ដែលជា​ផ្នែក​មួយ​នៃ​មន្ទីរពិសោធន៍​ជាតិកសិកម្ម ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​អគ្គនាយកដ្ឋាន​កសិកម្ម​។

ដោយបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០០៨ បច្ចុប្បន្ន​មន្ទីរពិសោធន៍​ជីវបច្ចេកវិទ្យា​នេះ បាននិង​កំពុង​បំពេញ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការផ្ដល់​សេវា​វិភាគ​គុណភាព​គ្រាប់ពូជ​ដំណាំ​គ្រប់​ប្រភេទ​មីក្រូ​ជីវសាស្ត្រ និង​ជាលិកា​វប្បកម្ម ដើម្បី​ជំរុញ​ផលិតកម្ម​កសិកម្ម​នៅ​កម្ពុជា​ឱ្យ​មាន​ការកើនឡើង ស្របតាម​បរិបទ​ថ្មី​នៃ​វិទ្យាសាស្ត្រ​កសិកម្ម​ដល់​ស្ថាប័នរដ្ឋ ឯកជន ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោករដ្ឋមន្ត្រី​។

លោក​បន្តថា ដើម្បី​ធានា និង​លើកកម្ពស់​ផលិតភាព​ផលិតកម្ម​កសិកម្ម​តាមរយ:​ការប្រើប្រាស់​គ្រាប់ពូជ​ដំណាំ​មាន​គុណភាព​ល្អ បញ្ជាក់​ពី​ពូជ​សុទ្ធ និង​តម្លៃ​សមរម្យ​ស្របទៅតាម​គុណភាព​នៃ​គ្រាប់ពូជ​ដំណាំ​នីមួយៗ​នោះ ក្រុមការងារ​នៃ​មន្ទីរពិសោធន៍​ជីវបច្ចេកវិទ្យា​ដែល​ទទួលបន្ទុក ផ្នែកវិភាគ​គ្រាប់ពូជ បាន​ប្រឹងប្រែង​ធ្វើការ​វិភាគ​យ៉ាង​យកចិត្ត​ទុកដាក់​បំផុត​ទៅលើ​គ្រាប់ពូជ​ដំណាំ​គ្រប់​ប្រភេទ ដែល​បាន​ផលិត​ក្នុងស្រុក និង​នាំចូល​ពី​ក្រៅប្រទេស​នៅ​មុនពេល​អនុញ្ញាត​ឱ្យ​ធ្វើចរាចរ​នៅលើ​ទីផ្សារ និង​មុន​ធ្វើ​ការដាំដុះ​។

លោក​ថា​៖ «​ការវិភាគ​គុណភាព​គ្រាប់ពូជ​ដំណាំ​អាច​ជួយ​ការពារ​ផលប្រយោជន៍​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ ដែល​រួមមាន អ្នក​ដាំដុះ អ្នក​ផលិត​គ្រាប់ពូជ និង​អ្នកលក់​គ្រាប់ពូជ ធានា​បាន​នូវ​គុណភាព និង​សុវត្ថិភាព​ផលិតផល​ដំណាំ​សម្រាប់​អ្នក​បរិភោគ​»​។

បើតាម​លោក​រដ្ឋមន្ត្រី ក្រៅពី​ការវិភាគ​គុណភាព​គ្រាប់ពូជ មន្ទីរពិសោធន៍​ជីវបច្ចេកវិទ្យា​ក៏​បាន​ធ្វើការ​ផ្តោត​សំខាន់​ទៅលើ​ការវិភាគ​ធាតុ​ចូល​កសិកម្ម ដូចជា ជីសរីរាង្គ ជីជីវសាស្ត្រ ថ្នាំ​កសិកម្ម​ជីវសាស្ត្រ និង​ការវិភាគ​រក​វត្តមាន​អតិសុខុមប្រាណ​ដែលមាន​ប្រយោជន៍ និង​ពពួក​បង្ក​ជំងឺឆ្លង​ផ្សេងៗ​ទៀត​នៅលើ​ប្រភេទ​ផលិតផល​មួយចំនួន ដូចជា​បន្លែ និង​ផ្លែឈើ​។ ពិសេស​គឺ ក្រុមការងារ​នៃ​មន្ទីរពិសោធន៍​មាន​សមត្ថភាព​ធ្វើ​ជាលិកា​វប្បកម្ម ដែល​ជា​បច្ចេកទេស​ទំនើប​មួយ​ក្នុង​ចំណោម​បច្ចេកវិទ្យា​ដទៃទៀត ដែល​បាន​អនុវត្ត​ក្នុង​ផលិតកម្ម​កសិកម្ម និង​ជា​បច្ចេកវិទ្យា​បណ្តុះ​កូន​រុក្ខជាតិ​ចេញពី​ជាលិកា​ផងដែរ​។

លោក​បញ្ជាក់ទៀតថា​៖ «​កូន​រុក្ខជាតិ​ដែល​បណ្តុះ​ចេញពី​ជាលិកា ជាទូទៅ​មាន​សុខភាព​ល្អ និង​គ្មាន​ជំងឺ​រាតត្បាត​»​។

លោក​ នៅ រតនា ប្រធាន​មន្ទីរពិសោធន៍​ជាតិ​កសិកម្ម ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ផ្អែកលើ​ប្រព័ន្ធ​ស្តង់ដា​ជាតិ​គ្រាប់ពូជ និង​សមាគម​ធ្វើតេស្ត​គុណភាព​គ្រាប់ពូជ​អន្តរជាតិ ការវិភាគ​គុណភាព​គ្រាប់ពូជ​ដំណាំ គឺ​តម្រូវ​ឱ្យ​ខាង​មន្ទីរពិសោធន៍​ជីវបច្ចេកវិទ្យា​ផ្តោត​សំខាន់​លើ​ប៉ារ៉ាម៉ែត្រ​ចំនួន​ ៤ គឺ​ការធ្វើ​តេស្ត​រក​អត្រា​សំណើម ភាពសុទ្ធ គ្រាប់ពូជ​លាយ និង​ដំណុះ​គ្រាប់ពូជ​។ ចំណែក​ការវិភាគ​មីក្រូ​ជីវសាស្ត្រ ភាគច្រើន​ផ្ដោត​សំខាន់​ទៅលើ​ពពួក​អតិសុខុមប្រាណ បាក់តេរី និង​ពពួក​ផ្សិត មាន​ប្រយោជន៍ ដើម្បី​ធានាថា ជីសរីរាង្គ ជី​ជីវសាស្ត្រ ថ្នាំ​កសិកម្ម​ជីវសាស្ត្រ​ទាំងនោះ​គ្មាន​ហានិភ័យ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​អ្នក​ផលិត និង​អ្នក​បរិភោគ​។

លោក​បញ្ជាក់ថា​៖ «​គ្រាប់ពូជ​ដំណាំ​ទាំងអស់​មាន​គំរូ​ប៉ារ៉ាម៉ែត្រ​ផ្សេងៗ​គ្នា គ្រាប់ពូជ​ខ្លះ​មាន​អត្រា​សំណើម​ខ្ពស់ និង​មាន​ដំណុះ​លឿន​ឆាប់រហ័ស​»​។

លោក​បាន​បន្តថា​៖ «​ចំណែក​ជីសរីរាង្គ ដូចជា ជី​លាមក​សត្វ ជីកំប៉ុស​គោក និង​ទឹក ជីឡ​ជីវឧស្ម័ន ជី​ជីវសាស្ត្រ និង​ថ្នាំ​កសិកម្ម​។ ជីវសាស្ត្រ​មួយចំនួន​ក៏​មាន​ពពួក​បាក់តេរី និង​ផ្សិត​បង្ក​ជា​ជំងឺ​ឆ្លង​ដល់​ដំណាំ​ផងដែរ​។ ដូច្នេះ​បើ​យើង​វិភាគ​ឃើញ មាន​បញ្ហា យើង​ត្រូវ​បំផ្លាញចោល យើង​យកតែ​ពពួក​បាក់តេរី​ និង​ផ្សិត ដែលមាន​ប្រយោជន៍​ប៉ុណ្ណោះ​»​។

លោក​បន្តថា ក្នុង​ឆ្នាំ​ ២០២០ ក្រុមការងារ​នៃ​មន្ទីរពិសោធន៍​ជីវបច្ចេកវិទ្យា​បាន​ចុះ​យក​សំណាក និង​វិភាគ​គ្រាប់ពូជ​បាន​ចំនួន​ ៥០៣ ​សំណាក​ក្នុងនោះ​ភាគច្រើន​ជា​គ្រាប់​ពូជស្រូវ​ និង​មួយចំនួន​ទៀត​ជា​គ្រាប់ពូជ​ដំណាំ​ផ្សេងៗ​ដូចជា​គ្រាប់ពូជ​ពោត ថ្នាំជក់ ម្ទេស ត្រសក់ សណ្តែកបាយ សណ្តែកសៀង ស្ពៃ ម្រះ ល្ហុង ឆៃថាវ ត្រកួន សាឡាត់ ត្រឡាច​...​និង​ននោង​។ ទន្ទឹមនឹងនេះ​ក្រុមការងារ​ក៏បាន​ចុះ​ប្រមូលយក​សំណាក និង​វិភាគ​ជីសរីរាង្គ ជី​ជីវសាស្ត្រ និង​ថ្នាំ​ជីវសាស្ត្រ​បាន​ចំនួន​ ៣៧ ​សំណាក​ផងដែរ​។

ទាក់ទង​នឹង​ការងារ​ពិសោធន៍​ផ្នែក​ជាលិកា​វប្បកម្ម លោក​រតនា​ឱ្យដឹង​ដែរ​ថា មកទល់ពេលនេះ​ក្រុមការងារ​មន្ទីរពិសោធន៍​ជីវបច្ចេកវិទ្យា​បាន​ធ្វើការ​បណ្ដុះ​ជាលិកា​រុក្ខជាតិ​ហូប​ផ្លែ​មួយចំនួន បាន​ដោយ​ជោគជ័យ​ហើយ ដូចជា ដំឡូងមី ពោត និង​ចេកអំបូង​លឿង ជាដើម​។ ក្រៅពីនេះ​ក្រុមការងារ​ក៏​ទទួលបាន​ជោគជ័យ​លើ​ការបណ្ដុះ​ជាលិកា​រុក្ខជាតិ​តាំង​លម្អ​មួយចំនួន​ទៀត ដែល​រួមបញ្ចូល​នូវ​ពពួក​ផ្កា​អរ័គីដេ​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​បច្ចុប្បន្ន មន្ត្រី​ទទួលបន្ទុក​អនុវត្ត​បច្ចេកទេស​ជាលិកា​វប្បកម្ម​កំពុង​ធ្វើការ​ស្រាវជ្រាវ​រក​វិធីសាស្ត្រ និង​បច្ចេកទេស​ថ្មីៗ​បន្ថែមទៀត​ក្នុង​ការកាត់​បណ្តុះ និង​វិធីសាស្ត្រ​ដាក់​បន្សាំ​ក្នុង​បន្ទប់ពិសោធន៍ និង​បរិយាកាស ខាងក្រៅ​ឱ្យបាន​កាន់តែ​ប្រសើរ​បន្ថែមទៀត​»​។

បើតាម​លោក​ នៅ រតនា បច្ចេកវិទ្យា​ដែល​បាន​ប្រើប្រាស់​ក្នុង​ជាលិកា​វប្បកម្ម​រុក្ខជាតិ រួមមាន បច្ចេកវិទ្យា​បណ្ដុះ​ប្រូតូប្លាស ឯក​កោសិកា និង​បណ្ដុំ​កោសិកា​វប្បកម្ម​។ ការបណ្ដុះ​ជាលិកា និង​សរីរាង្គ ត្រូវ​បាន​ប្រើប្រាស់​ក្នុង​វិស័យ​ជាច្រើន រួមមាន វិស័យ​កសិកម្ម បរិស្ថាន វេជ្ជសាស្ដ្រ និង​ក្នុង​វិស័យ​ឧស្សាហកម្ម​៕