ភ្នំពេញៈ គម្រោង​ភាព​ជា​ដៃគូ​លើ​វិស័យ​ព្រៃឈើ និង​​ជលផល​ក្នុង​ប្រទេស​កម្ពុជា​ (PaFF) ត្រូវបាន​ប្រកាស​ឱ្យ​អនុវត្ត​បន្ត​ក្នុង​ដំណាក់កាល​​ទី​ ៣ បន្ទាប់ពី​ការអនុវត្ត​គម្រោង​ចំនួន​ ២ ​ដំណាក់កាល​នាពេល​​កន្លងមកនេះ​ត្រូវបាន​រកឃើញ​​ថា បាន​ចូលរួម​ពង្រឹង​លើ​ការអនុវត្ត​សិទ្ធិ​របស់​ប្រជាសហគមន៍​រាប់ម៉ឺន​នាក់​នៅក្នុង​ខេត្ត​គោលដៅ​។

កាលពី​ម្សិលមិញ គម្រោង PaFF ត្រូវបាន​ប្រកាសឡើង​ក្នុង​ដំណាក់​ទី​ ៣ តាមរយៈ​ប្រព័ន្ធ​វីដអូ​ហ្ស៊ូម ដោយ​មាន​ការចូលរួម​ជា​មន្ត្រី​តំណាងឱ្យ​រដ្ឋបាល​ព្រៃឈើ​រដ្ឋបាល​ជលផល​ក្រសួងបរិស្ថាន ក្រសួង​ទេសចរណ៍ អាជ្ញាធរ​មូលដ្ឋាន​។

ក្នុងនោះ​ក៏មាន​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន និង​តំណាង​សហគមន៍​មូលដ្ឋាន​មកពី​បណ្តា​រាជធានី-ខេត្ត​ចូលរួម​សរុប​ជាង ១០០ ​នាក់​។

តាម​ការប្រកាស​ក្នុង​សិក្ខាសាលា​បានឱ្យដឹងថា កម្មវិធី PaFF ដំណាក់កាល​ទី​ ៣ នឹង​បន្ត​អនុវត្ត​នៅក្នុង​ខេត្តក្រចេះ​​ ខេត្តស្ទឹងត្រែង ខេត្តកំពង់ធំ និង​ខេត្តព្រះវិហារ ដែលមាន​ទឹកប្រាក់​ចំនួន​ ៦,២ ​លាន​ដុល្លារ​អាមេរិក សម្របសម្រួល​អនុវត្ត​ដោយ​អង្គការ​ចំនួន​ ៤ គឺ​អង្គការ រីខូហ្វ RECOFTC),​អង្គការ​កម្មវិធី​ផ្លាស់ប្តូរ​បទពិសោធ​អនុផល​ព្រៃឈើ​នៅ​អាស៊ី​ (NTFP-EP),​មូលនិធិ​សកល​ដើម្បី​អភិរក្ស​ធនធានធម្មជាតិ​ (WWF) ​និង​សមាគម​ថែរក្សា​បរិស្ថាន និង​វប្បធម៌ (CEPA)​។

គម្រោង​របស់​ PaFF មាន​ ៣ ​ដំណាក់កាល​ដែលមាន​រយៈពេល​ ៨ ​ឆ្នាំ ចាប់ផ្តើម​ពី​ខែវិច្ឆិកា​ឆ្នាំ​ ២០១៤ រហូតដល់​ខែមិថុនា​ឆ្នាំ​ ២០២៣​។ គម្រោង​នេះ​ត្រូវបាន​អនុវត្ត ដើម្បី​រៀបចំ​ផែនការ​គ្រប់គ្រង​អភិវឌ្ឍន៍​សហគ្រាស​សហគមន៍/​សហគមន៍​អេកូទេសចរណ៍ បង្កើត​ និង​អនុវត្ត​ឥណទាន​សហគមន៍​​ព្រៃឈើ និង​នេសាទ និង​ពង្រឹង​បណ្តាញ​សហគមន៍​ព្រៃឈើ សហគមន៍​នេសាទ និង​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​។

លោក សេង ទៀក នាយក​អង្គការ WWF ដែល​បាន​ដឹកនាំ​កម្មវិធី PaFF អស់​រយៈពេល​ ៤ ​ឆ្នាំ​កន្លងមកនេះ បាន​ថ្លែងថា ការរួម​សហការគ្នា​របស់​​អង្គការ​ដៃគូ​នៃ​កម្មវិធី​ PaFF ​គឺជា​គំរូ​ល្អ​មួយ​ដែល​បានបង្ហាញ​​ឱ្យឃើញ​ពី​សារៈសំខាន់ និង​ភាពប្រសើរ​នៃ​កិច្ចសហប្រតិបត្តិការ​រួម​គ្នា ដើម្បី​ទទួល​បាន​នូវ​ភាពជោគជ័យ​កាន់តែ​ប្រសើរ​សម្រាប់​មនុស្ស និង​ធម្មជាតិ ។

លោក​បាន​បញ្ជាក់ថា​៖ «​តាមរយៈ​ការពង្រឹង​សមត្ថភាព និង​ផ្តល់​ធនធាន​នានា​ចាំបាច់​ដល់​សហគមន៍​ដើម្បី​ឱ្យ​ពួកគេ​អាចធ្វើ​ការសម្រេចចិត្ត គ្រប់គ្រង និង​ប្រើប្រាស់​ធនធាន​​ធម្មជាតិ​របស់ខ្លួន គឺជា​តម្រូវការ​ចាំបាច់​សម្រាប់​ការអនុវត្ត​​បន្ត​ទៅមុខទៀត ដើម្បី​លើក​កម្ពស់​ភាព​ជា​ម្ចាស់ និង​ការគាំទ្រ​​ដល់​ការអភិវឌ្ឍ​ជីវភាព​រស់នៅ​រយៈពេល​វែង និង​ដល់​ការអភិរក្ស​ធនធាន​ជីវចម្រុះ​»​។

តាម​របាយការណ៍​របស់​ក្រុម​អង្គការ​អនុវត្ត​គម្រោង​ PaFF ​បានឱ្យដឹងថា ដំណាក់កាល​ដំបូង​ទាំង​ ២ ​របស់ PaFF បាន​ជួយ​ដល់​ប្រជាជន​ប្រមាណ​ ៤៤ ៦០០ ​នាក់​ដែល​ពឹង​ផ្អែកលើ​ព្រៃឈើ និង​ជលផល​នៅក្នុង​សហគមន៍​។

នៅក្នុង​ដំណាក់កាល​ទាំង​ ២ ​នេះ​ PaFF បាន​ជួយ​ដល់​សហគមន៍​ចំនួន​ ៦០ ឱ្យ​ទទួលបាន​សិទ្ធិ​លើ​ព្រៃឈើ និង​ជលផល​នៅក្នុង​មូលដ្ឋាន​ជា​ផ្លូវការ និង​បាន​គាំទ្រ​ដល់​សហគមន៍​ចំនួន​ ១៣៤ ក្នុងការ​អភិវឌ្ឍ និង​អនុវត្ត​ផែនការ​គ្រប់គ្រង​ធនធាន​ទាំងនេះ​។

បន្ថែម​ពី​នេះ​កម្មវិធី​នេះ​ក៏បាន​បង្កើត​នូវ​បរធន​ខ្នាតតូច​ចំនួន​ ១៤ និង​គម្រោង​ឥណទាន​ចំនួន​ ៤៦ ​ដើម្បី​ជួយផ្ដល់​ជា​​ហិរញ្ញប្បទាន​ដល់​ការគ្រប់គ្រង​ព្រៃឈើ និង​សហគមន៍​នេសាទ​បាន​ខ្ចីប្រាក់​។

លោក Markus Buerli នាយក​នៃ​ទីភ្នាក់ងារ​សម្រាប់​ការអភិវឌ្ឍ​ និង​កិច្ចសហប្រតិបត្តិការ​ប្រទេស​ស្វ៊ីស​ (SDC) ​ប្រចាំ​នៅ​​ប្រទេស​កម្ពុជា បាន​ថ្លែងថា សមាជិក​សហគមន៍​នៅ​ជនបទ​របស់​កម្ពុជា​មាន​សិទ្ធិ​ផ្នែក​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ ដែល​ផ្សារភ្ជាប់​ទៅនឹង​ធនធាន​ធម្មជាតិ​ដែល​ពួកគេ​ពឹង​អាស្រ័យ​សម្រាប់​ជីវភាព​រស់នៅ​។ លោក​យល់ថា នេះ​គឺជា​មូលហេតុ​ដែល PaFF អនុវត្ត​​អភិក្រម ដែល​ផ្ដោតលើ​សិទ្ធិ​ស្របច្បាប់​។

លោក​បាន​បញ្ជាក់ថា​៖ «​អភិក្រម​នេះ​កំពុងតែ​ជួយ​ដល់​​សហគមន៍​ឱ្យមាន​សិទ្ធិ​ទទួល​បាន និង​ប្រើប្រាស់​ធនធាន​ព្រៃឈើ និង​ជលផល​នៅ​មូលដ្ឋាន​របស់​ពួកគេ ស្រប​ពេល​ជាមួយ​នឹង​ការលើកកម្ពស់​ការយល់ដឹង​ដល់​សហគមន៍ និង​អាជ្ញាធរ​លើ​ការប្រែប្រួល​អាកាសធាតុ និង​ការគ្រប់គ្រង​​ធនធានធម្មជាតិ​ប្រកប​ដោយ​និរន្តរភាព​»​។

អ្នកស្រី សាយ អាំ លេខា​នៃ​គណៈកម្មការ​គ្រប់គ្រង​សហគមន៍​ព្រៃឈើ ព្រៃ​ក្បាល​ ៣ នៅក្នុង​ខេត្តកំពង់ធំ បាន​ថ្លែងថា សព្វថ្ងៃនេះ អ្នកស្រី​បាន​ចូលរួម​នៅក្នុង​កិច្ចពិភាក្សា​ជាច្រើន ហើយ​ក៏​បានដឹង​ច្បាស់​ពី​របៀប​ដែល​ប្រជាសហគមន៍​គួរតែ​ចំណាយ​ថវិកា​សម្រាប់​ផែនការ​គ្រប់គ្រង​ព្រៃ​សហគមន៍​ដែល​ទទួលបាន​ពី​គ្រោងការ​ឥណទាន​។

អ្នកស្រី​បាន​បញ្ជាក់ថា​៖ «​បច្ចុប្បន្ននេះ ខ្ញុំ​បាន​យល់ដឹង​បន្ថែម​ពី​សកម្មភាព​ដែល​យើង​អាច​ធ្វើបាន ដើម្បី​គ្រប់គ្រង​ព្រៃឈើ ដោយសារ​ខ្ញុំ​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​របស់​គម្រោង​ឥណទាន​ជា​រៀងរាល់ខែ​»​។

លោក សៀ រ៉ា អនុប្រធាន រដ្ឋបាល​ព្រៃឈើ​កម្ពុជា​មាន​បាន​បង្ហាញ​ការអបអរសាទរ ដែល​ប្រជាសហគមន៍​ទទួល​បាន​ការលើកកម្ពស់​ជីវភាព​​រស់នៅ និង​ពង្រឹង​សមត្ថភាព​។ ​លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ​​ថា​៖ «​ខ្ញុំ​សូម​សម្ដែង​នូវ​ភាពត្រេកអរ​ចំពោះ​សមិទ្ធផល​របស់​កម្មវិធី​ PaFF នៅ​ដំណាក់កាល​ទាំង​ ២ ​កន្លងមក និង​រំពឹងថា PaFF ​ដំណាក់កាល​ទី​ ៣ នឹង​ទទួលបាន​សមិទ្ធផល​កាន់តែ​ច្រើន​បន្ថែមទៀត​»៕