ភ្នំពេញៈ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ដែល​តំណាង​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រគល់​ថវិកា និង​បរិក្ខារពេទ្យ​ជាច្រើន​ប្រភេទ ដែលជា​ជំនួយ​របស់​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​កម្ពុជា​ទៅ​ដល់​ភាគី​នៃ​ប្រទេស​មីយ៉ាន់ម៉ា​នា​ព្រឹក​ថ្ងៃទី​ ១៩ ខែសីហា ​ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

លោក ម៉ម ប៊ុនហេង ឱ្យដឹងថា ការផ្តល់​ថវិកា និង​បរិក្ខារពេទ្យ​នេះ​ជា​ការបង្ហាញ​នូវ​សាមគ្គីភាព​រវាង​ប្រទេស​កម្ពុជា​ជាមួយនឹង​ប្រទេស​មីយ៉ាន់ម៉ា ដែល​ប្រទេស​នេះ​ក៏​កំពុងតែ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក​មានប្រសាសន៍​ថា៖ «​ខណៈដែល​ប្រទេស​កម្ពុជា​កំពុង​តែមាន​ការឆ្លង​រាលដាល​ខ្លាំង​នៃ​វីរុស​កូវីដ​​ ១៩ ប៉ុន្តែ​យើង​នៅតែ​ជួយ​ទៅដល់​ប្រទេស​ផ្សេងទៀត​ដែល​នេះ​គឺជា​សន្ដាន​ចិត្ត​ដ៏ទូលំទូលាយ​របស់​សម្តេច​តេជោ​ដែល​លោក​មាន​បេះដូង​ទូលាយ សម្តែង​នូវ​សាមគ្គីភាព​ជាមួយនឹង​ប្រជាជន​នៅក្នុង​តំបន់ ក៏ដូចជា​ប្រជាជន​ទាំងអស់​ផងដែរ​»​។

លោកនាយក​រដ្ឋមន្ត្រី​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់លោក​នៅ​ថ្ងៃទី​ ១៩ ខែសីហា​ថា កម្ពុជា​ដ្បិតតែ​ជា​ប្រទេស​តូច ហើយ​ស្ថានភាព​សេដ្ឋកិច្ច នៅមាន​កម្រិត​យ៉ាងណាក្តី តែ​ស្មារតី​នៃ​ការចូលរួម​ក្នុង​សហគមន៍ ធម៌មេត្តា និង​មនោសញ្ចេតនា​ក្នុង​ការជួយ​រំលែក​ការលំបាក​នានា មាន​លម្ហ​ធំ​ទូលាយ ដែល​ជា​វប្បធម៌​ដ៏មហស្ចារ្យ​នៃ​ជាតិ​សាសន៍​នៅ​អាស៊ី​មួយ​នេះ​។

ថ្នាក់ដឹកនាំ​មីយ៉ាន់ម៉ា​ទទួល​ស្វាគមន៍​លោក​ ម៉ម ប៊ុនហេង ​នៅ​ព្រលានយន្តហោះ​។ រូបថត SPM

លោក​បាន​លើកឡើងថា៖ «​កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០២០ ​កន្លងទៅ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ផ្តល់​ម៉ាស់​ប្រមាណ ២ ​លាន​ម៉ាស់ និង​បរិក្ខារ​ពេទ្យ​មួយចំនួន​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​ផងដែរ ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩​។ ក្រៅតែពី​ប្រទេស​មីយ៉ាន់ម៉ា កម្ពុជា ក៏បាន​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ ជាមួយ​ប្រទេស​សមាជិក​អាស៊ាន និង​មិនមែន​សមាជិក​អាស៊ាន​មួយចំនួនទៀត​ផងដែរ​»​។

គ្រឿង​បរិក្ខារ​ដែល​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​កម្ពុជា ឧបត្ថម្ភ​ទៅ​មីយ៉ាន់ម៉ា​នេះ រួមមាន ម៉ាស់​ចំនួន ៣ ​លាន ឧបករណ៍​តេស្ដ​រហ័ស​ចំនួន​ ៥០០ ០០០ សម្លៀកបំពាក់​សុវត្ថិភាព PPE ចំនួន ២ ០០០ ​ឈុត ម៉ាស៊ីន​ផលិត​អុកស៊ីហ្ស៊ែន​ស្វ័យប្រវត្តិ​ចំនួន​ ១០០ ​គ្រឿង ម៉ាស៊ីន​ជំនួយ​ដកដង្ហើម​ចំនួន​ ២០ ​គ្រឿង និង​ម៉ាស៊ីន​តាមដាន​សញ្ញា​ជីវិត​ចំនួន​ ២០ ​គ្រឿង​។

ក្រៅតែពី​ការផ្តល់​ជា​ជំនួយ​បរិក្ខារពេទ្យ​នេះ​លោក ហ៊ុន សែន ក្នុង​នាម​ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ឧបត្ថម្ភ​ថវិកា​ប្រមាណ ២០ ​ម៉ឺន​ដុល្លារ ជូន​ប្រទេស​មីយ៉ាន់ម៉ា ហើយ​កម្ពុជា​ក៏បានផ្តល់​ថវិកា​ប្រមាណ ១០ ​ម៉ឺន​ដុល្លារ តាមរយៈ​សហគមន៍​អាស៊ាន ជូន​មីយ៉ាន់ម៉ា​ផងដែរ​។

ទន្ទឹមនឹង​នេះដែរ ដើម្បី​រួមចំណែក​ជួយ​ដោះស្រាយ​ការលំបាក​របស់​រដ្ឋាភិបាល និង​ប្រជាជន​មីយ៉ាន់ម៉ា​ពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ​នេះ​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា លោកស្រី​ ប៊ុន រ៉ានី ហ៊ុនសែន ក៏បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​ ១០ ​ម៉ឺនដុល្លារ​ជូន​ដល់​កាកបាទក្រហម​មីយ៉ាន់ម៉ា​ផងដែរ​។

គួរបញ្ជាក់​ផងដែរ​ថា កាលពី​ខែកក្កដា ឆ្នាំ​ ២០២១ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ២០ ​ម៉ឺន​ដុល្លារ និង​សម្ភារ​វេជ្ជសាស្ត្រ​មួយចំនួន ជូន​ដល់​រដ្ឋាភិបាល​វៀតណាម ហើយ​ក្នុងអំឡុង​ឆ្នាំ​ ២០២០ កម្ពុជា ក៏បាន​ឧបត្ថម្ភ​បរិក្ខារ​ពេទ្យ​ទៅកាន់​ប្រទេស​ឡាវ នេប៉ាល់ និង​ទីម័រ​ផងដែរ​៕