បាត់ដំបង/ប៉ៃលិនៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ឱ្យ​ក្រុមការងារ​ទទួល​ទិញ​ផ្លែ​មៀន​ក្នុង​ខេត្តបាត់ដំបង​ផ្តោត​គោលដៅ​ប្រមូល​ផ្លែ​មៀន​ពី​កសិករ​ក្រីក្រ​ដែល​ដាំ​មៀន​ដោយផ្ទាល់ ចំណែក​ឈ្មួញ​ធំៗ​ត្រូវ​រក​ទីផ្សារ​ដោយ​ខ្លួនឯង ខណៈ​តួលេខ​បឋម​ក្នុង​ការប្រមូលទិញ​ផ្លែ​មៀន​ពី​ប្រជាកសិករ​ក្នុង​រយៈពេល ២ ​ថ្ងៃ​ បាន​ជាង ១០០ ​តោន​។

កាលពី​ថ្មីៗ​នេះ​លោកនាយក​រដ្ឋមន្ត្រី​បាន​ចេញ​បញ្ជា​ឱ្យ​លោក ហ៊ីង ប៊ុនហៀង នាយករង​ខុទ្ទកាល័យ​របស់លោក​ដឹកនាំ​កម្លាំង​ទៅ​ប្រមូល​ទិញ​ផ្លែ​មៀន​ពី​កសិករ ដែល​មិនអាច​រក​ទីផ្សារ ដើម្បី​លក់បាន ដើម្បី​យក​ផ្លែ​មៀន​ទាំងនោះ​ទៅ​ចែកជូន​កងទ័ព​នគរបាល កងរាជអាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក​ទទួលទាន​ដោយ​មិន​គិតថ្លៃ​។

លោក ហ៊ុន សែន បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់លោក​នៅ​ថ្ងៃទី​ ១៨ សីហា​ថា នេះ​គឺជា​វិធី​ដោះ​ទាល់​មួយ​ក្នុង​កាលៈទេសៈ​ដ៏លំបាក​កុំឱ្យ​កសិករ​ក្រីក្រ​ខាតបង់​ធ្ងន់ធ្ងរ​ពេក ហើយ​ជា​ដំណោះស្រាយ​សម្រាប់​រយៈពេល​ខាងមុខ គឺ​ក្រសួង​កសិកម្ម ក្រសួងពាណិជ្ជកម្ម អភិបាលខេត្ត​បាត់ដំបង និង​ប៉ៃលិន ត្រូវខិតខំ​ដោះស្រាយ​រក​ទីផ្សារ​ជូន​កសិករ​។

បន្ថែម​ពីនេះ​លោក ហ៊ុន សែន ក៏បាន​សង្កត់ធ្ងន់​ថា លោក​មិនបាន​ប្រើ​ថវិកាជាតិ ដើម្បី​ទិញ​ផលិតផល​ទាំងនេះ​នោះទេ ហើយ​ក្នុង​គោលដៅ​ប្រមូល​ទិញ​ផ្លែ​មៀន​ដែល​កំពុង​គ្មាន​ទីផ្សារ​នៅពេលនេះ គឺ​ត្រូវផ្តោត​សំខាន់​ទៅលើ​ប្រជាកសិករ​ក្រីក្រ ដែល​ជួបប្រទះ​ការខ្វះខាត​ និង​ការអត់​ទីផ្សារ​លក់​ផ្លែ​មៀន​ពិតប្រាកដ​។

លោក​បញ្ជាក់ថា​៖ «​ឯកឧត្តម ហ៊ីង ប៊ុនហៀង ឯកឧត្តម​ ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង លោកជំទាវ ​បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន​ត្រូវ​ចងចាំ​ពាក្យ​ (​ទិញ​ពី​កសិករ​) ​សំដៅ​ដល់​កសិករ​ក្រីក្រ​ដែល​ដាំ​មៀន​ដោយផ្ទាល់​។ សម្រាប់​ចម្ការ​មៀន​របស់​មន្ត្រី​ទាំង​ស៊ីវិល ទាំង​កងកម្លាំង​ប្រដាប់អាវុធ​ ឬ​របស់​ឧកញ៉ា អ្នកឧកញ៉ា ឬ​អ្នកជំនួញ​ត្រូវ​រក​ទីផ្សារ​ដោយ​ខ្លួនឯង​។ ខ្ញុំ​អាច​បញ្ចាំ​ផ្ទះ​យកលុយ​ទៅ​ទិញ​ពី​កសិករ​ដែល​កំពុង​ជួប​ការលំបាក តែ​ខ្ញុំ​ពុំមាន​លទ្ធភាព​ជួយ​ដល់​ម្ចាស់​ដី ដែលមាន​ចម្ការ​មៀន​ច្រើន​នោះទេ សុំ​ការយោគយល់​ផង​»​។

លោក ហ៊ីង ប៊ុនហៀង បានលើកឡើង​ពីថ្ងៃ​ទី​ ១៩ សីហា ក្នុងពេល​ចុះ​ដល់​ចំការ​មៀន ប្រជាកសិករ​នៅក្នុង​ខេត្ត​បាត់ដំបង​ថា ការប្រមូលទិញ​ផ្លែមៀន​ទាំងនេះ គឺ​មិនមែន​យកមក​ធ្វើ​អាជីវកម្ម​នោះទេ​។ ផ្លែ​មៀន​ដែល​ប្រមូល​ទិញ​បាន នឹង​ចែក​ដល់​ប្រជាពលរដ្ឋ​ និង​កងកម្លាំង​ក្នុង​ម្នាក់ ២ គីឡូក្រាម​។

លោក​រៀបរាប់ថា​៖ «​នេះ​គ្រាន់តែ​ការទប់ទល់​ការលំបាក​ក្នុង​រយៈពេល​ខ្លី​ទេ​។ សូមកុំ​ច្រឡំ​​ថា នេះ​ជាការ​ទិញ​សម្រាប់​នាំចេញ​ទៅណា​ផ្សេងទៀត គឺ​មិនមែន​ទេ​។ មិនមែន​ជា​ការលក់ដូរ​ទេ គឺ​ទិញ​ហើយ គឺ​ប្រមូល​ឱ្យ​គណៈ​អភិបាលខេត្ត​ប្រគល់ឱ្យ​គណៈ​អភិបាលស្រុក​ខ្លះ​ និង​អធិការ​ហូប​នៅ​ហ្នឹង​។ នេះ​មិនមែន​ទីផ្សារសេរី នាំ​ចេញ​ទៅ​ក្រៅប្រទេស​ទេ គឺ​ទិញ​ហើយ​ធ្វើ​អំណោយ​មនុស្សធម៌​»​។

លោក​ ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៩ សីហា​ថា ក្នុង​រយៈពេល​ ២ ថ្ងៃ ចាប់ពី​ថ្ងៃទី ១៨ ដល់​ថ្ងៃទី​ ១៩ ​សីហា ក្រុមការងារ​បាន​ប្រមូល​ទិញ​ផ្លែមៀន​ពី​ប្រជាកសិករ​បាន​ប្រមាណ​ជាង ១០០ តោន​ហើយ​។ ចំនួន​កសិផល​ទាំងនេះ​ក៏​បាន​បញ្ជូន​ទៅ​ចែកជូន​ប្រជាពលរដ្ឋ នៅ​មណ្ឌល​ចត្តាឡីស័ក និង​កងកម្លាំង​ប្រដាប់អាវុធ​ភ្លាមៗ​ផងដែរ​។

ជាមួយ​នឹង​បទពិសោធ​នៃ​ការប្រមូលទិញ​ផ្លែ​មៀន​ក្នុង​រយៈពេល ២ ​ថ្ងៃនេះ លោក​បាន​បញ្ជាក់ថា ក្រុមការងារ​បាន​ចុះទៅ​ទិញ​ផ្លែ​មៀន​ទាំងនេះ ដល់​ចម្ការ​របស់​ប្រជាកសិករ​ដោយផ្ទាល់ ដើម្បី​ធានាថា ផ្លែមៀន​ដែល​ទិញ​ទាំងអស់​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាកសិករ​ដែល​ជួបប្រទះ​ការលំបាក​ពិតប្រាកដ​។

លោក​បាន​រៀបរាប់ថា​៖ «​យើង​អត់​ទទួល​ទិញ​តែមួយ​កន្លែង​ទេ ព្រោះ​មិន​អ៊ីចឹង​ទេ គឺ​ប៉ះពាល់​ម្ចាស់​ចម្ការ ហើយ​ឈ្មួញ​នឹង​ឆ្លៀត​ឱកាស​ក្នុង​ពេលនេះ​។ យើង​បាន​ចុះទៅ​ទិញ​បាន ២ ទៅ​ ៣ ​ចម្ការ​ហើយ​យើង​យក​ឡាន​ទៅ​ដឹក និង​ជួយ​បេះ​គាត់ ដល់​ចម្ការ​តែម្តង កុំឱ្យ​ពួកគាត់​ខាត​ថ្លៃ​ដឹកជញ្ជូន​»​។

បើតាម​លោក រតនៈ ការប្រមូលទិញ​ផ្លែ​មៀន​ពី​ប្រជាកសិករ​គឺ​បានផ្តល់​ជូន​តម្លៃ​ស្រប​ទៅ​តាម​ស្ថានភាព​នៃ​ការចរចា​ជាក់ស្តែង​រវាង​អ្នកលក់ និង​អ្នកទិញ​ដោយ​តម្លៃ​ផ្តល់ជូន​ចន្លោះ​ពី ១ ៨០០ ​រៀល ទៅដល់​ ២ ៥០០ ​រៀល​តាម​លក្ខខណ្ឌ​ដែល​ប្រជាកសិករ​អាច​ទទួលយក​បាន​។

លោក​ថា​៖ «​តម្លៃ​គឺ​ស្របទៅតាម​លក្ខណៈ​ទូទៅ និង​លក្ខខណ្ឌ​វេចខ្ចប់ បើសិនជា​មានការ​វេចខ្ចប់​ត្រឹមត្រូវ​ហើយ គឺ​តម្លៃ​ថ្លៃ ប៉ុន្តែ បើ​មិនទាន់​មានការ​វេច​ខ្ចប់​នោះទេ គឺ​តម្លៃ​ទាប​ជាង​អ៊ីចឹងទៅ​។ ដូច​ថ្ងៃនេះ យើង​យក​ឡាន​ទៅដល់​ចម្ការ​គាត់ ហើយ​មាន​អ្នក​ជួយ​បេះ​អី គឺ​តម្លៃ​តែ ១ ៨០០ រៀល​ក្នុង​ ១ ​គីឡូ​ទេ​»​។

លោក យឹម ប៊ុនធឿន ម្ចាស់​ចម្ការ​មៀន​ស្ថិតក្នុង​ស្រុក​កំរៀង ខេត្តបាត់ដំបង ដែល​បាន​លក់​ផ្លែ​មៀន​របស់ខ្លួន​បាន​ ២ ​តោន ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៩ សីហា​ថា ការប្រមូលទិញ​ពី​ក្រុមការងារ​របស់​លោក ហ៊ុន សែន ក្នុង​ពេលនេះ គឺ​បាន​ចូលរួម​ដល់​បញ្ហា​ប្រឈម​របស់​ប្រជាកសិករ​។

គ្រាន់តែ​ថា លោក​ចង់ឱ្យ​រដ្ឋាភិបាល​រក​ទីផ្សារ​សម្រាប់​លក់​ផ្លែ​មៀន​នេះ​ជូន​ប្រជាកសិករ​ដូចជា​ការនាំ​ចេញ​ទៅ​ប្រទេស​ចិន​ឱ្យបាន​ឆាប់ គឺ​កាន់តែ​ល្អ​។ «​ផែនការ​នេះ​គឺអាច​ជួយ​ពួកខ្ញុំ​បាន​មួយរយៈ​នៅពេល​មៀន​លក់​អត់​ចេញ​។ គ្រាន់តែ​ថា​ចង់ឱ្យ​ថ្នាក់ដឹកនាំ​គាត់​ជួយ​ជំរុញ​ក្នុង​ការនាំចេញ​ទៅ​ក្រៅប្រទេស ហើយ​បើ​បាន​នាំទៅ​ចិន​គឺ​កាន់តែ​ល្អ​សម្រាប់​តម្លៃ​របស់​កសិករ​យើង​»៕