ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ១៨ សីហា​ បាន​​សម្រេច​ផ្តន្ទាទោស​បុរស​ម្នាក់​ឱ្យ​ជាប់​ពន្ធនាគារ​ ១៨ ​ខែ និង​ពិន័យ​ប្រាក់​ ២ ​លាន​រៀល ព្រមទាំង​បង្គាប់​ឱ្យ​សង​សំណង​ទៅ​ដើមបណ្ដឹង​ ២០ ​លាន​​រៀល​ពាក់ព័ន្ធ​នឹង​ប្រើពាក្យ​លើ​បណ្ដាញ​​សង្គម​ពី​គម្រោង​ចង់​ទិញ​ម៉ាស់​ពាក់​ឱ្យ​សត្វ​មាន់​របស់ខ្លួន​ដែលជា​ការដៀមដាម​ដល់​រដ្ឋាភិបាល​រឿង​ទិញ​ម៉ាស់​ចែកជូន​ពលរដ្ឋ​។

លោក ប្លង់ សុផល អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ជន​ជាប់ចោទ​ឈ្មោះ នី ណាក់ ត្រូវបាន​តុលាការ​ប្រកាស​សាលក្រម​ពីថ្ងៃ​ទី​ ១៨ ​សីហា ដោយ​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ ១៨ ​ខែ​ក្រោម​បទចោទ​ជេរប្រមាថ​ជា​សាធារណៈ និង​ញុះញង់​​ឱ្យមាន​ការរើសអើង​តាម​បញ្ញត្តិ​មាត្រា​ ៣០៨ មាត្រា​ ៤៩៤ និង​មាត្រា​ ៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ​»​។

លោក​ថ្លែងថា​៖ «​តុលាការ​សម្រេច​ទី​១ ​ផ្តន្ទាទោស​ ១ ​ឆ្នាំ​ ៦ ​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២ ​លាន​រៀល​។ ​ទី​២ ​បង្គាប់​​ឱ្យ​សង​សំណង​ទៅ​ដើមបណ្តឹង​រដ្ឋប្បវេណី​ ២០ ​លាន​រៀល​ទៅ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​»​។

តាម​អង្គហេតុ​របស់​តុលាការ ឈ្មោះ នី ណាក់ ត្រូវបាន​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​ ១១ ​ខែ ​ធ្នូ ឆ្នាំ​ ២០២០​។ ការឃាត់ខ្លួន​នេះ​ពាក់ព័ន្ធ​នឹង​ការនិយាយ​រិះគន់​តាម​អនឡាញ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ និង​និយាយ​ដៀមដាម​ពី​ការទិញ​ម៉ាស់​ឱ្យមាន់​ពាក់ ខណៈ​ដែល​ខ្លួន​បើក​កសិដ្ឋាន​ចិញ្ចឹម​មាន់​។

ប៉ុន្តែ​ក្រោយពី​បង្ហោះ​តាម​ហ្វេសប៊ុក​មក​ក៏​ត្រូវបាន​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ប្តឹងទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ​ក្រោយមក​ត្រូវបាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​ដីកា​បង្គាប់​ឱ្យ​សមត្ថកិច្ច​ស្វែងរក​ចាប់ខ្លួន​។ នេះ​បើតាម​អង្គហេតុ​ដដែល​។

បើតាម​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ចុះ​ថ្ងៃទី​ ១២ ​ធ្នូ ឆ្នាំ​ ២០២០ របស់លោក​ចៅក្រម​ស៊ើបសួរ ហុង សុគុណវឌ្ឍនា បង្ហាញ​ថា បុរស​ឈ្មោះ នី ណាក់ អាយុ​ ៤១ ​ឆ្នាំ មាន​របរ​លក់​សាច់ក្រក​តាម​អនឡាញ និង​មាន​លំនៅ​ផ្ទះជួល​ក្រុម​​ទី​២ ភូមិ​សន្សំ​កុសល សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ជននេះ​ពាក់ព័ន្ធ​នឹង​បទ​ជេរប្រមាថ​ជា​សាធារណៈ និង​ញុះញង់​ឱ្យមាន​ការរើសអើង​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ៧ ខែធ្នូ ឆ្នាំ​ ២០២០​។

លោក អំ សំអាត អនុប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា លោក​យល់ថា រយៈពេល​ចុងក្រោយ​នេះ​ការចាប់ និង​ការឃុំខ្លួន​ក៏ដូចជា​បើកសវនាការ​ពី​បទញុះញង់​បង្កឱ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ឬក៏​ញុះញង់​ឱ្យមាន​ការរើសអើង​បាន​កើតឡើង​ជា​បន្តបន្ទាប់​ចំពោះ​អ្នក​បញ្ចេញមតិ​តាម​បណ្តាញ​សង្គម​។

លោក​បញ្ជាក់ថា​៖ «​ជា​ការពិត​សេរីភាព​នៃ​ការបញ្ចេញមតិ​វា​ជា​ការធានា​នៅក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បទដ្ឋាន​អន្តរជាតិ​។

ប៉ុន្តែ​ការបញ្ចេញមតិ​ទាំងឡាយ​គឺ​បងប្អូន​ប្រជាពលរដ្ឋ​គួរតែ​ស្វែងយល់​អំពី​អ្វី​ទៅជា​ព័ត៌មាន​ពិត និង​អ្វី​ទៅជា​ព័ត៌មាន​មិន​ពិត មុន​ធ្វើការ​បញ្ចេញមតិ​...​ការបញ្ចេញមតិ គួរ​ប្រកបដោយ​ក្រមសីលធម៌​កុំ​យក​វេទិកា​នៃ​បណ្តាញសង្គម​ហ្នឹង​ទៅ​ប្រើប្រាស់​ដោយ​អសីលធម៌​ជេរប្រមាថ​»​។

លោក​ សំអាត បាន​បន្តថា ក្នុងនាម​​ជា​អង្គការ​សង្គម​ស៊ីវិល​លោក​នៅតែ​លើកទឹកចិត្ត​សម្រាប់​ពលរដ្ឋ​ក្នុង​ការចូលរួម​ការបញ្ចេញមតិ​ ដើម្បី​ស្ថាបនា​។

ព្រោះ​នៅ​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ សេរីភាព​នៃ​ការបញ្ចេញមតិ​ជា​​ការចូលរួម​អភិវឌ្ឍ​ប្រទេស​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​គ្រាន់តែ​ទទូច​ទេ​ថា អាជ្ញាធរ​ ឬ​ក៏​តុលាការ​លោក​គួរតែ​ពិនិត្យ​ដែរ​។ អ្វីដែល​ពលរដ្ឋ​បញ្ចេញមតិ​តាម​បណ្តាញ​សង្គម​ហ្នឹង​គួរតែ​ពិនិត្យថា​អ្វីដែល​ជា​ការបញ្ចេញមតិ​របស់គាត់ អ្វី​ជា​បទល្មើស​កុំ​ឱ្យ​មាន​ការចោទប្រកាន់​ពី​ការរំលោភបំពាន​នៃ​ការបញ្ចេញមតិ​»៕

វីដេអូ៖