ភ្នំពេញៈ អាជ្ញាធរ​ខណ្ឌ​ពោធិ៍សែនជ័យ​បាននិង​កំពុង​កាយ​ស្តារ​ប្រឡាយ​មេ នៅ​អម​ផ្លូវ​រថភ្លើង​ស្ថិត​ក្នុង​ភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កាកាប​ទី​ ១ បន្ទាប់ពី​ពលរដ្ឋ​នៅ​ទីនោះ​ប្រមាណ​ ២០ ​គ្រួសារ​យល់ព្រម​រុះរើ​សំយាបផ្ទះ និង​សំណង់​អនាធិបតេយ្យ​ចេញពី​លើ​ប្រឡាយ​។

លោក ប៉ាង លីដា អភិបាលរងខណ្ឌ​ពោធិ៍សែនជ័យ​ថ្លែង​នៅ​ថ្ងៃទី​ ១៩ ខែសីហា​ថា លោក​បាន​ចុះទៅពិនិត្យ​ទីតាំង​ផ្ទាល់​ និង​ធ្វើការ​សម្រប​ស្រួល​ជាមួយ​ប្រជាពលរដ្ឋ​ស្ថិតនៅ​ភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កាកាប​ទី​ ១ កាលពី​ថ្ងៃទី​ ១៨ ខែសីហា​។ ប្រជាពលរដ្ឋ​ដែល​នៅ​អម​សងខាង​ផ្លូវ​រថភ្លើង​បាន​យល់ព្រម​សហការ​ជាមួយ​អាជ្ញាធរ​ក្នុង​ការរុះរើ​យ៉ាប ឬ​សំណង់​ផ្សេងៗ​នៅលើ​ប្រឡាយ​នោះ​ចេញ​។ បើតាម​លោក លីដា ការស្តារ​ប្រឡាយ​មេនេះ​ធ្វើ​ចាប់ពី​វត្ត​ពោធិ៍ចិនតុង​ក្នុង​ភូមិ​ប៉ប្រក​ខាងជើង បុក​ទៅ​រហូតដល់​ព្រំប្រទល់​ខណ្ឌ​សែនសុខ ដើម្បី​បង្ហូរទឹក​ទៅក្នុង​បឹងទំនប់​កប់​ស្រូវ​។

លោក​ថ្លែងថា​៖ «​ពីមុន​យើង​ដាក់​សាឡង់​អេស្កាវាទ័រ​ចូល​អត់​បានទេ ប៉ុន្តែ​ឥឡូវ​ពលរដ្ឋ​គាត់​សហការ​ទៅ យើង​បាន​កាយ​ហើយ​។ ខ្ញុំ​កាយ​ឱ្យទៅជា​ទំហំ​ប្រឡាយ​ហ្នឹង​ប្រហែល​ ២០ ​ម៉ែត្រ​ហើយ​ការកាយ​ជំហាន​ដំបូង ប្រហែល​ជាង​ ១ ​គីឡូម៉ែត្រ​»​។

លោក ប៉ាង លីដា បញ្ជាក់ថា អាជ្ញាធរ​ខណ្ឌ​ពោធិ៍សែនជ័យ​ត្រូវតែ​ធ្វើការ​ស្តារ​ប្រឡាយ​មេនេះ​ឱ្យបាន​ជោគជ័យ ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង ឬក៏​ទឹកលូ​ចេញពី​តំបន់​នោះ​។ អាជ្ញាធរ​ខណ្ឌ​បាន​ឱ្យ​សាឡង់​ដាក់​អេស្កាវ៉ាទ័រ​ចូលទៅ​កាយ​ពង្វាង​ដោយ​ធ្វើការ​យក​ភក់​ចេញ​បាន​មួយ​សា​រួចហើយ ប៉ុន្តែ​យ៉ាងណា​នៅ​មិនទាន់​កាយ​បាន​ស៊ីជម្រៅ​នៅឡើយ ព្រោះ​ពលរដ្ឋ​បាន​ចាក់​អាចម៍ដី​ធ្វើឱ្យ​គោក​យូរ​ឆ្នាំ​មកហើយ​។

លោក​ថ្លែងថា​៖ «​ខណ្ឌ​ពោធិ៍សែនជ័យ តំបន់​ដែលមាន​ការលិចលង់​ក្នុង​រយៈពេល​យូរ​គឺ​នៅ​ទីតាំង​ហ្នឹង ភូមិ​ប៉ប្រក​ខាងជើង​ហ្នឹង ដែលមាន​ប្រឡាយ​អម​ផ្លូវ​រថភ្លើង​ជា​ប្រឡាយ​មេ​របស់​សាលា​រាជធានី​ភ្នំពេញ​ហើយ​កន្លងមក​ប្រឡាយ​នោះ​ត្រូវបាន​ប្រជាពលរដ្ឋ​គាត់​ចេះតែ​រំកិល​ចូល​មកលើ​ប្រឡាយ​នៅលើ​លូ​»​។

លោក ប្រាក់ សំណាង ពលរដ្ឋ​ម្នាក់​ដែល​រស់នៅ​ភូមិ​ប៉ប្រក​ខាងជើង ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៩ ខែសីហា​ថា អាជ្ញាធរ​បាន​ចុះមក​សម្របសម្រួល និង​បាន​ជូនដំណឹង​មុន​បាន​ត្រឹមត្រូវ ដូច​ច្នេះ​ការស្តារ​ប្រឡាយ​នេះ​ក្នុង​នាម​ពលរដ្ឋ​គួរតែមាន​ការចូលរួម​ ដើម្បី​ឱ្យ​បរិស្ថាន​ស្អាត​ល្អ​ និង​លែង​មាន​ទឹក​លិច​បន្តទៀត​ដូច​រាល់​ឆ្នាំ​។

លោក​ថ្លែងថា​៖ «​ការ​ចុះមក​ធ្វើ​ការងារ​របស់​អាជ្ញាធរ គឺមាន​ភាពត្រឹមត្រូវ ព្រោះ​គាត់​សុទ្ធតែ​បាន​ជូនដំណឹង​ជាមុន​ហើយ​បាន​ពន្យល់​ណែនាំ​ពី​បញ្ហា​ទឹក​លិច​ទៀតផង​។ ខ្ញុំ​យល់ព្រម​ចំពោះ​ការចុះ​ស្តារ​ប្រឡាយ​នេះ ហើយ​ខ្ញុំ​សង្ឃឹមថា ក្រោយពេល​ស្តារ​នឹងមិន​មាន​ការលិចលង់​ទៀត​ទេ​។ ធម្មតា​វា​មាន​ការប៉ះពាល់​ធ្វើឱ្យ​យើង​មាន​ការអន់ចិត្ត​ខ្លះ​ហើយ ប៉ុន្តែ​ខ្ញុំ​ក៏​ដឹង​ច្បាស់​ថា ការ​រំកិល​ចូល​លើដី​ប្រឡាយ ក៏​មិនមែន​ជា​រឿង​ត្រឹមត្រូវ​ដែរ​»៕