កណ្តាលៈ អាជ្ញាធរ​ខេត្ត​កណ្តាល បាន​បើក​កិច្ច​ប្រជុំ ដោយ​បាន​កំណត់​ឱ្យ​រៀបចំ​ដាក់​អ្នក​សង្ស័យ មាន​ផ្ទុក​មេរោគ​កូវីដ ១៩ បំប្លែងថ្មី ឱ្យ​នៅ​ដាច់​ដោយ​ឡែក ពី​បុគ្គល​ធ្វើ​ចត្តាឡីស័ក​ផ្សេង​ទៀត និង​ត្រូវ​រៀបចំ​ផែនការ​សកម្មភាព ក្នុង​ការ​គ្រប់គ្រង​ការ​នាំចូល​ជំងឺ​កូវីដ ១៩ នៅតាម​ច្រក​ព្រំដែន​គោក និង​ព្រំដែន​ទឹក ដើម្បី​ធានា​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់ និងគ្រប់គ្រង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។ នេះ​បើតាម​រដ្ឋបាល​ខេត្តកណ្តាល។

លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល កាលពីរសៀលថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២១ បានដឹកនាំកិច្ចប្រជុំអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស ការធ្វើចត្តាឡីស័ក និងការពង្រឹងការអនុវត្តច្បាប់កូវីដ ១៩ ជាមួយមន្ទីរជំនាញ អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុក ទាំង ១១ តាមប្រព័ន្ធ (Video Zoom)។

លោក ណុប ដារ៉ា បាន​បញ្ជាក់​ថា អនុគណៈកម្មការ គ្រប់គ្រង​ច្រកទ្វារ​ចេញ-ចូល​ប្រទេស ការ​ធ្វើ​ចត្តាឡីស័ក និង​ការ​ពង្រឹង​ការអនុវត្ត​ច្បាប់​កូវីដ ១៩ មាន​ភារកិច្ច​រៀបចំ​កន្លែង​ធ្វើ​ចត្តាឡីស័ក​ឱ្យ​បាន​សម​ស្រប​ទៅ​តាម​ស្ថានភាព​វិវត្ត​នៃ​ជំងឺ​កូវីដ ១៩ ដោយ​ត្រូវ​រៀបចំ​ដាក់​អ្នក​សង្ស័យ​ថា ផ្ទុក​មេរោគ​កូវីដ ១៩ បំប្លែង​ខ្លួនថ្មី ឱ្យ​នៅ​ដាច់​ដោយ​ឡែក ពី​បុគ្គល​ធ្វើ​ចត្តាឡីស័ក​ផ្សេង​ទៀត។

គ្រប់គ្រង​ការ​ធ្វើ​ចត្តាឡីស័ក ត្រូវ​ធានា​ឱ្យបាន​នូវ​ការ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព​នូវ​វិធានការ​ធ្វើ​ចត្តាឡីស័ក។

លោក​បញ្ជាក់​ថា៖ «ត្រូវ​រៀបចំ​ផែនការ​សកម្មភាព ក្នុង​ការ​គ្រប់គ្រង​ការ​នាំ​ចូល​ជំងឺ​កូវីដ ១៩ នៅ​តាម​ច្រក​ព្រំដែន​គោក និង​ព្រំដែន​ទឹក ដើម្បី​ធានា​ប្រសិទ្ធភាព​ក្នុង​ការ​ប្រយុទ្ធ ទប់ស្កាត់ និង​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។ ត្រួត​ពិនិត្យ​ការ​អនុវត្ត​ពិន័យ​អន្តការណ៍ ចំពោះ​បុគ្គល​មិន​គោរព ដោយ​ចេតនា នូវ​វិធានការ​រដ្ឋបាល​របស់​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ខេត្ត ដែល​បាន​ដាក់​ចេញ ក្នុង​គោល​បំណង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩»។

លោក ណុប ដារ៉ា ក៏​បាន​ស្នើ​ដល់​អាជ្ញាធរ​ស្រុក ដែល​ពាក់ព័ន្ធ​តាម​ខ្សែ​បន្ទាត់​ព្រំដែន ត្រូវពង្រឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់ ចំពោះ​អ្នក​លួច​ឆ្លងដែន​ខុស​ច្បាប់ និង​រៀប​ចំ​មណ្ឌលចត្តាឡីស័ក មណ្ឌល​ព្យាបាល​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ស្តង់ដា។

លើសពីនេះ​លោក​បាន​ស្នើ​ឱ្យ​រដ្ឋបាល​ក្រុង-ស្រុក ទាំង ១១ នៃ​ខេត្តកណ្តាល ត្រូវ​បន្ត​ផ្សព្វផ្សាយ​ច្បាប់​កូវីដ ១៩ ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ដល់​តាម​ខ្នងផ្ទះ និង​ត្រូវ​ពង្រឹង​វិធានការ​រដ្ឋបាល​ឱ្យបាន​ល្អ​ផងដែរ៕