ភ្នំពេញៈ អាជ្ញាធរ​មីន (CMAA) និង​មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន​ (ARMAC) កាលពី​ម្សិលមិញ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​គ្នា ដើម្បី​អនុវត្ត​គម្រោង​លើកកម្ពស់​កម្មវិធី​សង្គ្រោះ​ជនពិការ​ ដោយសារ​មីន​នៅតាម​បណ្តា​រដ្ឋ​សមាជិក​អាស៊ាន​។

លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​ ១ ​អាជ្ញាធរ​មីន និង​លោក Pengiran Kasmirhan Pengiran Tahir ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ប្រ៊ុយណេ​ប្រចាំ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​អចិន្រៃ្តយ៍​ ARMAC បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ​។ កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​រវាង​លោក ព្រំ សុភមង្គល អគ្គលេខាធិការ​អាជ្ញាធរ​មីន និង​លោក​ ព្រហ្ម សួនប្រសិទ្ធ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន​។

លោក លី ធុជ បាន​ថ្លែងថា វឌ្ឍនភាព​នេះ​មិន​ត្រឹមតែ​ជា​ព្រឹត្តិការណ៍​សំខាន់​មួយទៀត​សម្រាប់​កិច្ចសហប្រតិបត្តិការ​រវាង​ CMAA និង​ ARMAC ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ក៏​ជា​ព្រឹត្តិការណ៍​សំខាន់​មួយទៀត​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ ARMAC ក្នុងការ​ដោះស្រាយ​បញ្ហា​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅក្នុង​តំបន់​អាស៊ាន​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ក៏​ជឿជាក់​ដែរ​ថា​បណ្តាញ​ជំនួយ​ជនរងគ្រោះ​អាស៊ាន​ដែល​ត្រូវបាន​បង្កើតឡើង​ក្រោម​គម្រោង​នេះ​នឹង​បម្រើ​ជា​មជ្ឈមណ្ឌល​ដ៏សំខាន់​មួយ​សម្រាប់​ជនរងគ្រោះ​ ដោយសារ​មីន និង​ជនពិការ​ដទៃទៀត​នៅក្នុង​តំបន់ និង​លើសពីនេះ​ដើម្បី​គាំទ្រ​សិទ្ធិភាព​របស់​ពួកគេ និង​លើកកម្ពស់​គុណភាព​ជីវិត​របស់​ពួកគេ​»​។

លោក​ថា​៖ «​ខ្ញុំ​លើកទឹកចិត្ត​ឱ្យ​ ARMAC ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នាយកដ្ឋាន​ជំនួយ​ជនរងគ្រោះ​ CMAA ដើម្បី​ធានាបាន​នូវ​លទ្ធផល​ល្អ​បំផុត​។ ខ្ញុំ​មាន​ទំនុកចិត្ត​ថា​ការរួមចំណែក​របស់​កម្ពុជា​ចំពោះ​ប្រទេស​ដទៃទៀត​នឹង​បន្ត​មាន​ផលប៉ះពាល់​កាន់តែច្រើន​តាមរយៈ​គម្រោង​នេះ និង​សកម្មភាព​ផ្សេងៗ​របស់​ ARMAC»​។

បើតាម​លោក លី ធុជ ជា​បន្តបន្ទាប់​ប្រទេស​កម្ពុជា​បានរួម​ចំណែក​ដល់​ប្រទេស​ដែល​រង​ផលប៉ះពាល់​ដោយ​មីន​ផ្សេងទៀត​។ ​សហគមន៍​សកម្មភាព​កម្ចាត់មីន​របស់​កម្ពុជា​បាន​ចែករំលែក​ចំណេះដឹង និង​បទពិសោធ​ជាមួយ​ប្រទេស​​ដទៃទៀត​ដែល​រង​ផលប៉ះពាល់​ដោយ​មីន​នៅ​ជុំវិញ​ពិភពលោក​អស់​ជាច្រើន​ទសវត្សរ៍​មកហើយ​។ ក្នុងនោះ​រួមមាន​ដូចជា ប្រទេស​ឡាវ មីយ៉ាន់ម៉ា ថៃ ​វៀតណាម អាហ្វហ្គានីស្ថាន កូឡុំប៊ី អ៊ីរ៉ាក់ តាជីគីស្ថាន ដែល​ទាំងនេះ​គ្រាន់តែ​ជា​ប្រទេស​ខ្លះ​ប៉ុណ្ណោះ​។

អាជ្ញាធរ​មីន​បានឱ្យដឹងថា បន្ទាប់ពី​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ CMAA និង​ ARMAC ​កាលពី​ឆ្នាំ​ ២០១៨ កន្លងមក ក្រុមការងារ​នៃ​ស្ថាប័ន​ទាំង​ ២ បានធ្វើការ​យ៉ាង​ជិតស្និទ្ធ និង​បាន​សហការ អនុវត្ត​ការងារ​លើ​ផ្នែក​បោសសម្អាត​មីន អប់រំ​យល់ដឹង​អំពី​មីន កៀរគរ​ធនធាន និង​កិច្ចសង្គ្រោះ​ជនរងគ្រោះ​ថ្នាក់​ដោយសារ​មីន​។

លោក​ឯកអគ្គរាជទូត​ប្រ៊ុយណេ ថ្លែងថា គម្រោង​នេះ​បាន​ផ្តួចផ្តើម​ដោយ​ ARMAC និង​មានការ​គាំទ្រ​ពី​ប្រទេស​សមាជិក​អាស៊ាន​។ គម្រោង​នេះ​បាន​ផ្អែកលើ​ការកំណត់​នូវ​គម្លាត​សំខាន់ៗ​ ដើម្បី​គាំទ្រ​ជនរងគ្រោះ​ដោយសារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដូចជា​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ នៅក្នុង​តំបន់​ដោយមាន​ការគាំទ្រ​យ៉ាង​ជ្រាលជ្រៅ​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ​តាមរយៈ​មូលនិធិ​សហប្រតិបត្តិការ​អាស៊ាន-កូរ៉េ​។ លោក​ថា​៖ «​ខ្ញុំ​សូម​ឆ្លៀតឱកាស​នេះ​សម្តែង​នូវ​ការកោតសរសើរ​ដោយស្មោះ​ចំពោះ​សាធារណរដ្ឋ​កូរ៉េ​ដែល​បាន​ផ្តល់​មូលនិធិ​ដល់​ ARMAC ចំនួន​ ២ ​លាន​ដុល្លារ​គាំទ្រ​ដល់​គម្រោង​នេះ​ក្រោម​មូលនិធិ​សហប្រតិបត្តិការ​អាស៊ាន​-​កូរ៉េ​»​។ គម្រោង​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រទេស​សមាជិក​អាស៊ាន​ដែល​រង​ផលប៉ះពាល់​ដោយ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ដែល​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ប្រឈម​ដ៏ធំ​សម្បើម​មួយ​ ដើម្បី​ដោះស្រាយ​ជំនួយ​ជនរងគ្រោះ​នៅក្នុង​ប្រទេស​របស់​ពួកគេ​៕