សៀមរាបៈ ស្រូវវស្សា​ចំនួន ៦៨០ ហិកតា​របស់​ប្រជាពលរដ្ឋ ៦៥០ ​គ្រួសារ ស្ថិតនៅក្នុង​ឃុំ​ចំនួន ៣ នៃ​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប​បាននិង​កំពុង​ប្រឈម​នឹង​ការខូចខាត​ខ្លាំង​ក្នុង​រយៈពេល​ពី ១០ ​ទៅ​ ១៥ ថ្ងៃ​ទៀត​ដោយសារ​តែ​ភាពរាំងស្ងួត​ ខណៈ​តំបន់​នេះ​ខ្វះ​ប្រភពទឹក​ស្រោចស្រព​។

លោកស្រី ម៉ន នី អភិបាលស្រុក​ក្រឡាញ់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៩ ខែសីហា ថា ស្រូវវស្សា​ទាំង​ ៦៨០ ​ហិកតា​នេះ​ស្ថិត​នៅក្នុង​ឃុំ​ចំនួន​ ៣ គឺ ឃុំ​ស្រណាល ​ឃុំ​រោងគោ និង ឃុំ​ស្នួល ដែល​ស្មើនឹង​ ១៤ ​ភូមិ និង ៦៥០ ​គ្រួសារ​កំពុងតែ​រង​ផលប៉ះពាល់​ខ្លាំង​ដោយ​ភាពរាំងស្ងួត​។

លោកស្រី​បន្តថា បើ​មិនមាន​ភ្លៀង​ធ្លាក់​ក្នុង​រយៈពេល​កន្លះ​ខែ​ទៅមុខទៀត​ទេ ស្រូវវស្សា​ទាំង ៦៨០ ​ហិកតា​នេះ​នឹង​ទទួលរង​នូវ​ការខូចខាត​ទាំងស្រុង​។ រដ្ឋបាល​ស្រុក​មិនមាន​លទ្ធភាព​ក្នុង​ការជួយ​សង្គ្រោះ​នោះទេ ព្រោះ​នៅក្នុង​ឃុំ​ទាំង​ ៣ ​នេះ​មិនមាន​ប្រភព​ទឹក​សម្រាប់​បូម​ស្រោចស្រព​នោះទេ មានតែ​រង់ចាំ​ទឹកភ្លៀង​ប៉ុណ្ណោះ​។ ប៉ុន្តែ បើ​មិនមាន​ភ្លៀងធ្លាក់ ហើយ​ស្រូវ​ទាំងនេះ ទទួលរង​នូវ​ការខូចខាត អាជ្ញាធរ​ស្រុក​នឹង​ផ្តល់​ពូជស្រូវ​ជូន​ប្រជាកសិករ​ឱ្យធ្វើ​ស្រូវ​ឡើងវិញ នៅពេល​មាន​ភ្លៀង​ធ្លាក់​។

លោកស្រី​ថ្លែងថា​៖ «​បច្ចុប្បន្ននេះ នៅក្នុង​ប្រព័ន្ធធារាសាស្ត្រ​របស់​យើង​មិនទាន់មាន​ទឹក​នៅឡើយ​ទេ វា​មាន​តិចតួច​នៅ​តាម​ប្រឡាយ​ក្នុងភូមិ​របស់​ប្រជាពលរដ្ឋ បើ​យើង​ព្យាយាម​បូម វា​ជួយ​បានត្រឹមតែ​ ២ ឬ​ ៣ ​ហិកតា ប៉ុណ្ណោះ​»​។

លោក ឡុក វួន មេឃុំ​ស្រណាល​បាន​ឱ្យ​ដឹងថា ភាពរាំងស្ងួត​បាន​អូសបន្លាយ​យ៉ាងយូរ​នៅក្នុង​ឆ្នាំនេះ​បាន​ធ្វើឱ្យ​ស្រូវ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​របស់​លោក​កំពុង​ប្រឈម​នឹង​ការខូចខាត​ទាំងស្រុង​ បើសិន​ជា​គ្មាន​ធ្លាក់ភ្លៀង​ក្នុង​រយៈពេល ៥​ ថ្ងៃ​ទៅ ១០ ​ថ្ងៃ​ទៀត​នោះ​។ លោក​ថ្លែងថា​៖ «​រាំង​ជិត ២ ​ខែ​ហើយ អត់​ភ្លៀង អត់​អី​សោះ ចាប់តាំងពី​ចូល​ខែសីហា​នេះ​មក រាំង​ផ្តាច់​តែម្តង​។ តាំងពី​ខែកក្កដា គ្រាន់​មាន​រលឹម​ខ្លះ ហើយ​មានទឹក​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ស្រូវ ប៉ុន្តែ​ឥឡូវ​ស្ងាត់ឈឹង​»​។

លោក​បាន​បន្តថា ពាក់ព័ន្ធ​នឹង​ភាពរាំងស្ងួត​នេះ ខាង​មន្ត្រី​ជំនាញ​ក៏ដូចជា​ខាង​ស្រុក​ក៏បាន​ចុះមក​ពិនិត្យមើល​ដែរ ប៉ុន្តែ​ដោយសារ​នៅក្នុង​ឃុំ​នេះ​មិនមាន​ប្រភព​ទឹក​គ្រប់គ្រាន់​ក្នុង​ការជួយ​បូម​សង្គ្រោះ​ស្រូវ​របស់​ប្រជាពលរដ្ឋ​នោះទេ​។ ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​នេះ​ធ្វើស្រែ​ពឹងផ្អែក​ខ្លាំង​លើទឹក​ភ្លៀង ប៉ុន្តែ​បើ​មានទឹក​នៅក្នុង​ប្រឡាយ ឬ អាង​ស្តុក​ទឹក​ប្រជាពលរដ្ឋ​ក៏​អាច​បូម​ខ្លួនឯង​បានដែរ​។

លោក ឡុក វួន បញ្ជាក់ទៀតថា ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​របស់លោក កំពុងតែ​ជួប​បញ្ហា​ប្រឈម​យ៉ាងខ្លាំង​ពាក់ព័ន្ធ​នឹង​ស្ថានភាព​រាំងស្ងួត​ផង និង​បញ្ហា​កូវីដ​ ១៩ ផងដែរ​ដែល​នេះ​នឹង​ធ្វើឱ្យ​ជីវភាព​របស់​ពួកគាត់​កាន់តែ​លំបាក​។

លោក​បានឱ្យដឹងថា កាលពី​ឆ្នាំមុនៗ​នៅក្នុង​ឃុំ​របស់​លោក គឺ​មិន​ដែលមាន​ភាពរាំងស្ងួត​ដូច​ឆ្នាំនេះ​នោះទេ ទើបតែ​ឆ្នាំនេះ ភាពរាំងស្ងួត​បាន​ធ្វើឱ្យ​ស្រូវ​របស់​ប្រជាពលរដ្ឋ​អាច​នឹង​ខូចខាត​ខ្លាំង​ដោយសារ​គ្មាន​ទឹក​ស្រោចស្រព​៕

វីដេអូ៖