ព្រៃវែងៈ ​រដ្ឋបាល​ខេត្តព្រៃវែង នៅ​ថ្ងៃទី​ ១៩ ខែសីហា ឆ្នាំ​ ២០២១ បានប្រកាស​ពី​ការបន្ត​រកឃើញ ករណី​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ​ ១៩ ចំនួន​ ៤៤ ​នាក់​បន្ថែមទៀត និង​ជាសះស្បើយ​ចំនួន​ ៦៣ ​នាក់ នៅក្នុង​មូលដ្ឋាន​ក្រុង-ស្រុក​ចំនួន​ ៩ ដែល​ធ្វើឱ្យ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ​សរុប​ក្នុង​ខេត្ត​នេះ​កើនឡើង​ដល់ ៥ ៤៣១ ​នាក់ និង​ស្លាប់​ ១០២ ​នាក់​។

ក្រុង-ស្រុក​ទាំង​ ៩ ដែល​បន្ត​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ​បន្ថែមទៀត​នេះ មាន​ក្រុង​ព្រៃវែង ចំនួន ១ ​នាក់ ស្រុក​ពារាំង ចំនួន ១៨ ​នាក់ ស្រុក​ពាមរក៍ ចំនួន ៨ ​នាក់ ស្រុក​មេសាង ចំនួន ៨ ​នាក់ ស្រុក​កំចាយមារ ចំនួន ៣ ​នាក់​ស្រុក​ស្វាយអន្ទរ ចំនួន ២ ​នាក់ ស្រុក​បាភ្នំ ចំនួន ១ ​នាក់ ស្រុក​ព្រះស្តេច ចំនួន ១ ​នាក់ ស្រុក​ស៊ីធរ​កណ្ដាល ចំនួន ១ ​នាក់ និង​ម្នាក់ទៀត​មកពី​ខេត្តតាកែវ​។

បច្ចុប្បន្ន អ្នក​វិជ្ជមាន​ជំងឺ​កូវីដ​ ១៩ ទាំង ៤៤ ​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត និង​តាម​មន្ទីរពេទ្យបង្អែក​ស្រុក​នីមួយៗ​។

រដ្ឋបាលខេត្ត​ព្រៃវែង​បាន​បញ្ជាក់ថា​៖ «​ជាថ្មី​ម្តងទៀត ចំពោះ​អ្នក​ដែល​បាន​ប្រាស្រ័យ​ទាក់ទង ប៉ះពាល់​ដោយផ្ទាល់​ ឬ​ប្រយោល ជាមួយ​បុគ្គល​វិជ្ជមាន​កូវីដ​ ១៩ ខាងលើ សូម​ដាក់ខ្លួន​ដាច់ដោយឡែក​តាមដាន​សុខភាព​រយៈពេល​ ១៤ ​ថ្ងៃ និង​រាយការណ៍​មក​អាជ្ញាធរ ដើម្បី​យក​សំណាក​ និង​ធ្វើ​ចត្តាឡីស័ក​»​។

ក្រៅពីនេះ ត្រូវ​បន្ត​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣ ​ការពារ គឺ​ត្រូវ​ពាក់​ម៉ាស់​នៅ​គ្រប់​ទីសាធារណៈ លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ ជែល និង​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព សង្គម​ចាប់ពី​ ១ ​ម៉ែត្រ​កន្លះ​ឡើងទៅ រួមទាំង​ត្រូវ​បន្ត​អនុវត្ត ៣ ​កុំ គឺ​កុំ​ចូលទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល កុំ​ចូលទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ និង​កុំ​ប៉ះពាល់​គ្នា​ជាដើម​។

គិត​ត្រឹម​ថ្ងៃទី​ ១៩ ​ខែសីហា ខេត្តព្រៃវែង​បាន​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ​ ១៩ ​សរុប​ចំនួន ៥ ៤៣១ ​នាក់ អ្នក​ព្យាបាល​ជាសះស្បើយ ៤ ៧៧១ ​នាក់​កំពុង​សម្រាក​ព្យាបាល ៥៥៨ ​នាក់ និង​ស្លាប់​សរុប​ចំនួន ១០២ ​នាក់​៕