ភ្នំពេញៈ រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ បាន​បញ្ជាក់ថា ក្រសួងបរិស្ថាន​គាំទ្រ​ចំពោះ​សាធារណរដ្ឋ​កូរ៉េ ក្នុងនាម​ជា​បេក្ខភាព​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​លើក​ទី​ ២៨ នៃ​ភាគី​ជា​សមាជិក​អនុសញ្ញា​ប្រែប្រួល​អាកាសធាតុ​ឆ្នាំ​ ២០២៣ ​ខាងមុខនេះ​។

លោក សាយ សំអាល់ ថ្លែង​បែបនេះ​ក្នុងពេលដែល​លោក​ទទួល​ជួប​ជាមួយ​លោក Park Heung Kyeong ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម​កាលពី​ថ្ងៃទី​ ១៨ ខែសីហា នា​ទីស្តីការ​ក្រសួង​បរិស្ថាន​។ នៅក្នុង​ជំនួប​នោះ លោក​ឯកអគ្គរដ្ឋទូត​បាន​ថ្លែង​កោតសរសើរ​កម្ពុជា ជាពិសេស​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​យុទ្ធនាការ​លើ​កិច្ចការងារ​ចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។

លោក​ឯកអគ្គរដ្ឋទូត​បាន​ស្នើសុំ​នូវ​កិច្ចគាំទ្រ​ពី​កម្ពុជា ដើម្បី កូរ៉េ អាច​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ cop-28 ស្រប​ពេលដែល​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី និង​កូរ៉េ​មាន​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការដោះស្រាយ​បញ្ហា និង​ការផ្តល់​នូវ​ថវិកា​ចំពោះ​ការប្រែប្រួល​អាកាសធាតុ​តាមរយៈ​មូលនិធិ​អាកាសធាតុ​បៃតង​ (GCF)​។

ឆ្លើយតប​នឹង​សំណើ​នេះ លោក​រដ្ឋមន្ត្រី​ សាយ សំអាល់ បាន​សម្តែង​ការគាំទ្រ និង​ស្វាគមន៍​ចំពោះ​ការស្នើសុំ​ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស​ទាំង​ ២ ​ក្នុង​វិស័យ​បរិស្ថាន និង​កសិកម្ម​ក៏ដូចជា​ទីផ្សារ​ការងារ​សម្រាប់​កម្ពុជា​។

លោក​រដ្ឋមន្ដ្រី​ថ្លែងថា​៖ «​ក្រសួង​បរិស្ថាន​គាំទ្រ​ចំពោះ​សាធារណរដ្ឋ​កូរ៉េ ក្នុង​នាម​ជា​បេក្ខភាព​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​លើក​ទី​ ២៨ នៃ​ភាគី​ជា​សមាជិក​អនុសញ្ញា​ប្រែប្រួល​អាកាសធាតុ​ឆ្នាំ​ ២០២៣ ខាងមុខនេះ​»​។

ជាមួយ​គ្នា​នេះ​លោក​ សាយ សំអាល់ ក៏បាន​ស្នើសុំ​ឱ្យ​កូរ៉េ​បន្ត​ជំរុញ​បច្ចេកទេស​លើ​វិស័យ​កសិកម្ម​ដែល​បន្ស៊ី​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ដូច​ពូជស្រូវ និង​ពូជ​ដំណាំ​ជាដើម​។

លោក​ឯកអគ្គរដ្ឋទូត​ក៏បាន​បង្ហាញ​នូវ​ការពង្រីក​វិសាលភាព​បន្ថែម​ទៅលើ​គម្រោង ODA (Official Development Assistant) ដែល​បាន​គាំទ្រ​កិច្ចសហប្រតិបត្តិការ​ក្នុង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​លើ​វិស័យ​ផ្សេងៗ​ជាមួយ​កម្ពុជា​ និង​បាន​ស្នើសុំ​ឱ្យ​កម្ពុជា​គាំទ្រ​ផងដែរ​ដល់​ក្រុមហ៊ុន​វិនិយោគ​កូរ៉េ​ដែលមាន​បំណង​មក​ដាំ​ឫស្សី​ក្នុងពេល​ឆាប់ៗ​នេះ​។

លោក Park Heung kyeong ថ្លែង​កាលពី​កិច្ចប្រជុំ​កំពូល P4G (Partnering for Green Growth and the Global Goals 2030) ​លើក​ទី​ ២ ​កាលពី​ថ្ងៃទី​ ៣០ និង​ ៣១ ខែឧសភា ឆ្នាំ​ ២០២១ ​នេះ​ថា​ប្រទេស​កម្ពុជា​ត្រូវបាន​ផ្តល់ជូន​នូវ​មូលដ្ឋាន​ធនធានធម្មជាតិ​ដ៏សម្បូរបែប​ដែលជា​គន្លឹះ​សម្រាប់ សន្តិសុខ​ស្បៀង និង​ការចិញ្ចឹម​ជីវិត​របស់​ប្រជាជន ប៉ុន្តែ​ត្រូវបាន​គំរាមកំហែង​ដោយ​ការប្រែប្រួល​អាកាសធាតុ​។

លោក​ថ្លែងថា ដើម្បី​ឆ្លើយតប​ទៅនឹង​កិច្ចខិតខំ​ប្រឹងប្រែង​ជា​សកល​ក្នុង​ការដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ សាធារណរដ្ឋ​កូរ៉េ បានប្រកាស​នូវ​ផែនការ​មហិច្ឆតា​របស់​ខ្លួន ដើម្បី​សម្រេច​គោលដៅ​នៃ​អព្យាក្រឹតភាព​កាបូន​ត្រឹម​ឆ្នាំ​ ២០៥០​។ យោងតាម​សេចក្តី​ប្រកាស​កាលពី​ឆ្នាំមុន​របស់​ដំណោះស្រាយ​សភា​ដែល​បាន​ដាក់ចេញ​ផែនការ​ដ៏ធំ​មួយ​សម្រាប់​ការដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ រដ្ឋាភិបាល​កូរ៉េ​មាន​គម្រោង​វិនិយោគ​ ៦២ ​ពាន់​លាន​ដុល្លារ​ក្នុង​គម្រោង​រយៈពេល​ខ្លី និង​រយៈពេល​វែង ដើម្បី​ជួយ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ពី​ការធ្លាក់ចុះ ដែល​បណ្តាលមកពី​ជំងឺ​កូវីដ​ ១៩​។

លោក​បានឱ្យដឹងថា ផែនការ​មួយចំនួន​រួម​មានការ​បំប្លែង​ឧស្សាហកម្ម ដែល​ពឹងផ្អែក​ខ្លាំង​លើ​កាបូន​ភាគច្រើន​នៅក្នុង​ប្រទេស​ឱ្យទៅជា​ប្រព័ន្ធ​កាបូន​ទាប និង​ការជំរុញ​ការប្រើប្រាស់​ប្រភព​ថាមពល​មិនមែន​ហ្វូស៊ីល​ដូចជា​ថាមពល​ពន្លឺព្រះអាទិត្យ ខ្យល់ និង​ថាមពល​វារីអគ្គិសនី​៕