អភិបាលខេត្តចំនួន ៤ បានបន្តអនុវត្តនូវវិធានការរដ្ឋបាល ក្នុងខេត្តរបស់ខ្លួនមួយសប្តាហ៍បន្តទៀត តាមការណែនាំរបស់រាជរដ្ឋាភិបាល ដែលត្រូវបន្តអនុវត្តការរឹតបន្ដឹងវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយផ្អែកតាមសភាពការណ៍វិវត្តជាក់ស្តែងនៃជំងឺកូវីដ ១៩ បើទោះបីជាការអនុវត្តនូវយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ នៅទូទាំងប្រទេស ត្រូវបានប្រកាសបិទបញ្ចប់ក៏ដោយ។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានសម្រេចបន្តដាក់ចេញនូវវិធានការរដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ នៅក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួន។
ខេត្តទាំង ៤នេះ អនុវត្តវិធានការរដ្ឋបាល ដែលមានថិរវេលាអនុវត្តរយៈពេល ០១សប្តាហ៍ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៦ ខែសីហា ដើម្បីសំដៅទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ដែលបណ្តាលមកពីមេរោគកូវីដ ១៩ បំប្លែងថ្មី ប្រភេទដែលតា (Delta)។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ៖ «រដ្ឋបាលខេត្តសម្រេចផ្អាកបណ្តោះអាសន្ននូវសកម្មភាពការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន នៅក្នុងខេត្តចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៣ព្រឹក ជាកំហិត លើកលែងតែករណីដែលចាំបាច់ និងមានការអនុញ្ញាតពីសមត្ថកិច្ចប៉ុណ្ណោះ»។
ចំណែកលោក អ៊ុន ចាន់ដា ក៏បានស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ ចាត់វិធានការជាបន្ទាន់ សំដៅគ្រប់គ្រងកន្លែងដែលមានការផ្ទុះឆ្លង និងការកាត់ផ្តាច់ ការឆ្លងរាលដាល នៃជំងឺកូវីដ ១៩ ទាំងនៅក្នុងភូមិសាស្ត្រដែលត្រូវបិទខ្ទប់ និងទៅតំបន់ផ្សេងទៀត តាមរយៈការបែងចែក និងវាយតម្លៃកម្រិតនៃការឆ្លងជាតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ដើម្បីចេញវិធានការបិទខ្ទប់នៅតំបន់ផ្ទុះការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ ១៩នៅក្នុងសហគមន៍។
រដ្ឋបាលខេត្តទាំងនេះ បានហាមដាច់ខាត ការជួបជុំដែលមានមនុស្សច្រើន និងត្រូវបានបន្តផ្អាកជាបណ្តោះអាសន្ននូវការរៀបចំពិធីមង្គលការ ជប់លៀង ការជួបជុំ ឬការប្រមូលផ្តុំមនុស្សលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី ១០នាក់ ការជួបប្រជុំតាមបែបសាសនានានា និងហាមឃាត់ការប្រើប្រាស់គ្រឿងស្រវឹង៕