ភ្នំពេញៈ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ត្បូងឃ្មុំ បាន​បើក​យុទ្ធនាការ​អប់រំ និង​ផ្សព្វផ្សាយ អំពី​សុខភាព​ផ្លូវចិត្ត ចិត្តសាស្ត្រ​សង្គម និង​ភាព​ទទួលខុសត្រូវ របស់​សហគមន៍​ក្នុង​បរិបទ​ជំងឺ​កូវីដ​ ១៩ ដល់​ប្រជាពលរដ្ឋ​ជាង ​២ ០០០ ​គ្រួសារ ដែលមាន​ពលរដ្ឋ​សរុប​ ៧ ១៣៨ ​នាក់ ស្ថិតនៅ​ក្នុងភូមិ​ចំនួន​ ១០ ឃុំ​ចំនួន​ ៥ នៃ​ស្រុក​ត្បូងឃ្មុំ​រយ:ពេល​ ៥ ​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៤ ដល់​ ១៨ ខែសីហា​កន្លងមក​។

យុទ្ធនាការ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បន្ត​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​ពី​វិធានការ​ទប់ស្កាត់ និង​ការពារ​ជំងឺ​កូវីដ​ ១៩ របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

យោងតាម​របាយការណ៍​របស់​កាកបាទក្រហម​ប្រចាំខេត្ត​ត្បូងឃ្មុំ បានឱ្យ​ដឹងថា ក្នុង​យុទ្ធនាការ​នេះ​ក៏​មាន​ការចុះ​សាកសួរ​ពី​អារម្មណ៍​ផ្លូវចិត្ត និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដើម្បី​ធ្វើការ​ប៉ាន់ប្រមាណ​ពី​តម្រូវការ​ជាក់ស្ដែង​របស់​សហគមន៍​ស្តីពី​សុខភាព​ផ្លូវចិត្ត ចិត្តសាស្ត្រ​សង្គម ការចូលរួម និង​ការទទួល​ខុសត្រូវ​របស់​សហគមន៍​ក្នុង​បរិបទ​ជំងឺ​កូវីដ​ ១៩​។

ក្នុង​យុទ្ធនាការ​នោះដែរ ក៏មាន​ការចែក​នូវ​ម៉ាស់ ខិត្តប័ណ្ណ​អប់រំ និង​មាន​ចាក់​ជា​សារ​សំឡេង​អប់រំ​ពី​វិធានការ ទប់ស្កាត់ និង​ការពារ​ជំងឺ​កូវីដ​ ១៩ គឺ​អនុវត្តតាម​ប្រសាសន៍​ណែនាំ ៣ការពារ ៣កុំ និង​ ២ចូលរួម​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។

យុទ្ធនាការ​នេះ​បាន​ប្រើប្រាស់ ម៉ាស់​ចំនួន​ ១០ ​ប្រអប់ និង​អាល់កុល ១៥ ​លីត្រ ព្រមទាំង​បាន​ចែក​ខិត្តប័ណ្ណ​៣ការពារ ៣កុំ ចំនួន​ ៣០០ ​សន្លឹក វិធី​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ ​ខ្នាត A4 ចំនួន​ ៥០០ ​សន្លឹក វិធី​ទប់ស្កាត់​កូវីដ​ ១៩ ផ្ទាំង​ ៣០០ ​ផ្ទាំង ជូន​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ផងដែរ​។

គួរបញ្ជាក់​ផងដែរ​ថា នៅ​ព្រឹក​ថ្ងៃទី​ ១៦ ខែសីហា​កន្លងមក ក្រសួងសុខាភិបាល បានប្រកាស​បើក​ដំណើរការ​យុទ្ធនាការ​ជាតិ ក្រោម​ប្រធានបទ «​រួមគ្នា​ទទួល​ខុសត្រូវ​ទប់ស្កាត់​ការចម្លង​វីរុស​កូវីដ​ ១៩» ដែលជា​វិធានការ​បន្ថែម ដើម្បី​ទប់ស្កាត់​ការឆ្លង​រីករាលដាល ជំងឺ​កូវីដ​ ១៩ ​នៅ​ទូទាំងប្រទេស​។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ថ្លែង​នៅក្នុង​ពិធី​បើក​យុទ្ធនាការ​នោះ​ថា៖ «​ការអប់រំ​ផ្សព្វផ្សាយ​ និង​បណ្តុះបណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ពី​គ្រោះថ្នាក់​នៃ​ជំងឺ​កូវីដ និង​ចេះ​ទទួលខុសត្រូវ​ក្នុង​ការការពារ​ខ្លួនឯង គ្រួសារ និង​សហគមន៍ ពិត​ជាមាន​សារៈសំខាន់​ណាស់ ហើយ​យើង​បានធ្វើ​ការងារ​នេះ​កន្លង​មកហើយ ដែល​ធ្វើឱ្យ​យើង​អាច​ទប់ស្កាត់បាន​នូវ​ការចម្លង​ចូលក្នុង​សហគមន៍​នាពេល​កន្លងមក​»៕