បាត់ដំបងៈ ក្រុមការងារ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​អាជ្ញាធរខេត្ត​បាត់ដំបង​កំពុង​បន្ត​ចុះ​ពិនិត្យ​ទីតាំង​ចំការ​មៀន​ប៉ៃលិន​ (​ផ្លែ​តាង៉ែន​) ផ្ទាល់ ដើម្បី​ប្រមូល​ទិញ​នូវមៀន​ប៉ៃលិន ដែល​កសិករ​រង​ផលប៉ះពាល់​ ដោយសារ​រាំងស្ទះ​ក្នុង​ការនាំចេញ​នៅ​ទីតាំង​ចំការ​ក្នុងស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង​។

ក្រុមការងារ​របស់​លោក​នាយករដ្ឋមន្ត្រី ដឹកនាំ​ដោយ​លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស និង​ជា​នាយករង​ខុទ្ទកាល័យ​លោក ហ៊ុន សែន សហការ​ជាមួយ​រដ្ឋបាល​ខេត្តបាត់ដំបង ដែល​ដឹកនាំ​ដោយ លោក ងួន រតនៈ អភិបាល​នៃ​គណៈអភិបាលខេត្ត​បាត់ដំបង​កាលពី​ថ្ងៃទី​ ១៩ ​ខែ​សីហា បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ចំការ​មៀន​ប៉ៃលិន​ផ្ទាល់ នៅ​ឃុំ​រស្មីសង្ហា ស្រុក​រតនៈមណ្ឌល ដើម្បី​ប្រមូល​ទិញ​មៀន​ប៉ៃលិន ដែល​កសិករ​រង​ផលប៉ះពាល់​ដោយសារតែ​រាំងស្ទះ​ក្នុងការ​នាំចេញ​។ នេះ​បើតាម​រដ្ឋបាល​ខេត្តបាត់ដំបង​។

ការប្រមូលទិញ​មៀន​របស់​កសិករ​នេះ ធ្វើឡើង​តាម​អនុសាសន៍​របស់​លោក​នាយករដ្ឋមន្ដ្រី​ដោយ​ឱ្យ​ក្រុមការងារ​របស់លោក​សហការ​ជាមួយ​អាជ្ញាធរខេត្ត ប្រមូល​ទិញ មៀន​ប៉ៃលិន​របស់​កសិករ នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន កម្ពុជា-ថៃ ដែល​កំពុងមាន​ការរាំងស្ទះ​ក្នុង​ការនាំ​ចេញ​ទៅ​ក្រៅប្រទេស ដែល​បណ្ដាល​មកពី​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ នៅតាម​ព្រំដែន​ប្រទេស​ជិតខាង​។

លោក ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​បាន​មានប្រសាសន៍ថា ដើម្បីឱ្យ​សម្រេចបាន​ជោគជ័យ​ក្នុង​ការប្រមូលទិញ​ផ្លែ​តាង៉ែន តាម​ការណែនាំ​ពី​លោកនាយក​រដ្ឋមន្ត្រី រដ្ឋបាលខេត្ត​បាត់ដំបង បាន​ចូលរួម​សហការ​ជាមួយ​ក្រុមការងារ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដោយបាន​ណែនាំ​ដល់​រដ្ឋបាល​ស្រុក​ទាំង​ ៦ ​របស់​ខេត្តបាត់ដំបង ដែលមាន​ដាំ​ដំណាំ​ផ្លែ​មៀន​ប៉ៃលិន ឬ​ផ្លែ​តាង៉ែន គឺ​ស្រុក​សំពៅលូន ភ្នំព្រឹក កំរៀង សំឡូត រតនៈមណ្ឌល និង​ស្រុក​បាណន់ ព្រមទាំង​ស្រុក​មួយចំនួន​ទៀត ក្នុង​ការជូនដំណឹង​ដល់​កសិករ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ឱ្យបាន​ដឹង​។

លោក ហ៊ីង ប៊ុនហៀង បាន​មានប្រសាសន៍​ក្នុងពេល​ចុះទៅ​ប្រមូល​ទិញ​ផ្លែ​មៀន​នេះ​ថា សម្រាប់​មៀន​ប៉ៃលិន (​ផ្លែ​តាង៉ែន​) ​នេះ គឺ​នឹង​យកទៅ​ចែកជូន​ដល់​កងទ័ព នគរបាល កងរាជអាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ និង​ពលរដ្ឋ​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក និង​ដើម្បី​ជួយ​រំលែក​ការលំបាក​របស់​ប្រជាកសិករ​កុំឱ្យ​ខាតបង់​ច្រើនពេក ហើយ​ការចុះ​ប្រមូល​ទិញ​នេះ​មិនទាន់​កំណត់​ពេលវេលា​ថា នឹងត្រូវ​បញ្ចប់​នៅពេល​ណា​នោះទេ ពោលគឺ​នៅតែ​បន្ត​ប្រមូល​ទិញ​ជា​បន្តបន្ទាប់​ទៀត ។

សូមបញ្ជាក់ថា តាមរយៈ​នៃ​ការចុះ​ទិញ​ផ្លែ​តាង៉ែន​របស់​ក្រុមការងារ គឺ​បានកំណត់​យក​តម្លៃ​ព្រមព្រៀង​គ្នា​នៅ​នឹង​ចម្ការ​ផ្ទាល់ គឺ​ ១ ៨០០ ​រៀល ​ក្នុង​ ១ ​គីឡូក្រាម​។

ប៉ុន្តែ​បើ​ដឹក​ទៅដល់​ទីតាំងនៅ​ទីលាន​បាល់ទាត់​វាល​បែកចាន ក្រុង​បាត់ដំបង មានតម្លៃ​ ២ ៥០០ ​រៀល​ ក្នុង​ ១ ​គីឡូក្រាម តែ​ក្នុងនោះ​ផ្លែ​តាង៉ែន​ទាំងអស់​ត្រូវបាន​កាត់​ឱ្យ​បាន​ស្អាត​ត្រឹមត្រូវ​ដូច​ការវេចខ្ចប់​សម្រាប់​យក​ទៅ​លក់​លើ​ទីផ្សារ និង​ការនាំចេញ​ផងដែរ​៕