ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​រៀបចំ​នូវ​មណ្ឌល​ចត្តាឡីស័ក ដែល​ស្ថិតនៅក្នុង​បរិវេណ​ទីស្ដីការ​ក្រសួង​តែម្តង ក្នុង​គោលបំណង​ជួយ​សម្រួល​បន្ទុក​ជូន​បុគ្គលិក​មន្ត្រីរាជការ និង​បុគ្គលិក​ជាប់កិច្ចសន្យា​ក្រោម​ឱវាទ​ក្រសួង​ទាំងអស់ ដែល​មាន​ការជាប់​ពាក់ព័ន្ធ​ជាមួយ​អ្នក​វិជ្ជមាន​កូវីដ​ ១៩ ជាយថាហេតុ​ណាមួយ ហើយ​ពុំមាន​លទ្ធភាព​គ្រប់គ្រាន់ និង​ទីកន្លែង​សមរម្យ​សម្រាប់​ការធ្វើ​ចត្តាឡីស័ក នៅតាម​គេហដ្ឋាន​ដែល​ខ្លួន​កំពុង​រស់នៅ​។

យោងតាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​នៅ​ថ្ងៃទី​ ១៩ ខែសីហា បានឱ្យដឹងថា ក្រសួង​បានរៀបចំ​នូវ​មណ្ឌល​ចត្តាឡីស័ក​នេះ យ៉ាង​ត្រឹមត្រូវ​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល ដែលមាន​បំពាក់​គ្រែ​ស្នាក់នៅ​ចំនួន​ ៥០ ​គ្រែ​ មាន​បណ្ដាញ​ទឹកស្អាត អគ្គិសនី បន្ទប់​អនាម័យ​សមរម្យ និង​ការផ្ដល់ជូន​អាហារ​ ០៣ ​ពេល​ផងដែរ​។

ក្រសួង​បាន​បញ្ជាក់ថា៖ «​ក្រសួង​ផ្តល់​កន្លែង​ធ្វើ​ចត្តាឡីស័ក​ និង​រួមមាន​ផ្តល់​អាហារ ព្រឹក ថ្ងៃ និង​ល្ងាច​ផងដែរ ព្រមទាំង​ផ្ដល់ជូន​ការធ្វើ​តេស្ត​រហ័ស (Rapid Test) ដល់​អ្នកធ្វើ​ចត្តាឡីស័ក​តាម​ពេលវេលា​ដែល​កំណត់​ទៀងទាត់​ទៀតផង​»​។

សេចក្តី​ជូនដំណឹង​បាន​បន្ថែមថា ក្នុង​ករណី បុគ្គលិក មន្ត្រីរាជការ និង​បុគ្គលិក​ជាប់កិច្ចសន្យា​ក្រោម​ឱវាទ​ក្រសួង មាន​ការសង្ស័យ​ថា​ខ្លួន​មាន​ការជាប់​ពាក់ព័ន្ធ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ជាមួយ​នឹង​អ្នក​វិជ្ជមាន​កូវីដ​ ១៩ ហើយ​មាន​តម្រូវការ​ប្រើប្រាស់​មណ្ឌល​ចត្តាឡីស័ក​ក្រសួង អ្នក​ទាំងនោះ​អាចទាក់ទង​មន្ត្រី​ទទួល​បន្ទុក​ការងារ​នេះ​បាន​៕