ភ្នំពេញៈ លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ណែនាំ​ឱ្យ​ម្ចាស់​គម្រោង​អភិវឌ្ឍ​ដី ម្ចាស់​គម្រោង​សាងសង់ ឬ​ម្ចាស់​សំណង់​ទាំងអស់ ត្រូវ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ជន​មាន​ពិការភាព និង​ការរៀបចំ​ប្រអប់​សំបុត្រ នៅតាម​គម្រោង​អភិវឌ្ឍន៍ គម្រោង​សាងសង់ និង​សំណង់​នានា​ផងដែរ​។

យោងតាម​សេចក្តី​ណែនាំ​កាលពី​ថ្ងៃទី​ ១៩ ខែសីហា លោក​ ជា សុផារ៉ា បានឱ្យដឹងថា ម្ចាស់​គម្រោង​អភិវឌ្ឍ​ដី ម្ចាស់​គម្រោង​សាងសង់ ឬ​ម្ចាស់​សំណង់ ត្រូវ​រៀបចំ​សួនច្បារ​ជ្រាប​ទឹក និង​ដាំ​ដើមឈើ​ប្រណីត ដូចជា ធ្នង់ នាងនួន គ្រញូង និង​រៀបចំ​សួន​បៃតង​មាន​ដាំ​ស្មៅ​ និង​ផ្កា​ដែលមាន​ក្លិនក្រអូប​នៅក្នុង​គម្រោង​អភិវឌ្ឍ​ដី គម្រោង​សាងសង់ ឬ​សំណង់​របស់ខ្លួន​ឱ្យបាន​ស្អាត​។

លោក ជា សុផារ៉ា បាន​លើកឡើង​ថា៖ «​ត្រូវ​រៀបចំ​ប្រព័ន្ធ​ប្រព្រឹត្តកម្ម​ទឹក​កខ្វក់ ឬ​អាង​ប្រព្រឹត្តកម្ម​សំណល់​រាវ ដើម្បី​សម្អាត​ទឹក​កខ្វក់​ ឬ​សំណល់​រាវ មុននឹង​បង្ហូរ​ចូល​ទៅក្នុង​ប្រព័ន្ធ​លូ​សាធារណៈ​ ឬ​តំបន់​ទឹក​សាធារណៈ ដោយ​ត្រូវអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​ស្តង់ដា​បញ្ចេញ​ទឹក​កខ្វក់ ឬ​កម្រិត​កំណត់​ស្តង់ដា​នៃ​ការបញ្ចេញ សំណល់​រាវ​នៅ​គ្រប់​គម្រោង​អភិវឌ្ឍ​ដី គម្រោង​សាងសង់ ឬ​សំណង់​»​។

ជាមួយ​គ្នា​នេះដែរ ក៏ត្រូវ​រៀបចំ​ឱ្យមាន​ធុងសំរាម​រួម សម្រាប់​រក្សាទុក​នូវ​កញ្ចប់​សំរាម សំណល់​រឹង​ដែល​បាន​វេច​ខ្ចប់​ដោយ​ថង់​ក្នុង​ទីតាំង​ ឬ​បរិវេណ​គ្រប់គ្រង​របស់ខ្លួន និង​ធុង​រក្សាទុក​សំរាម​សំណល់​រឹង​នៅតាម​ចំណែក​ដី ឯកជន​នីមួយៗ និង​ច្រក​យក​សំរាម​ចេញ ព្រមទាំង​គ្រប់គ្រង​អនាម័យ​សមស្រប​តាម​បទដ្ឋាន​បច្ចេកទេស​នៅ​គ្រប់​គម្រោង​អភិវឌ្ឍ​ដី គម្រោង​សាងសង់ ឬ​សំណង់​ទាំងអស់​ផងដែរ​។

លោក ជា សុផារ៉ា បាន​បន្ថែមថា៖ «​ត្រូវ​រៀបចំ​ឱ្យមាន​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ជន​មាន​ពិការភាព​គ្រប់​ប្រភេទ​អាច​ចល័ត​ចេញ-ចូល ឡើងចុះ និង​ប្រើប្រាស់​ដោយ​ងាយស្រួល ប្រកបដោយ​សុវត្ថិភាព និង​គ្មាន​ឧបសគ្គ​»​។

កន្លែង​ទាំងនោះ​មាន​ជាអាទិ៍ ចំណតរថយន្ត ច្រក​ផ្លូវ ផ្លូវ​ជម្រាល បង្កាន់ដៃ​សុវត្ថិភាព ទ្វារ​ និង​ដៃ​ទ្វារ ជណ្តើរយោង​ និង​ទ្វារ​ប៊ូតុង​បញ្ចាំ​ជណ្តើរយោង ឧបករណ៍​ប្រាប់​ដំណឹង​ជា​សូរសំឡេង ស្លាក​សញ្ញា ភ្លើង​សញ្ញា បញ្ជរ​ផ្តល់​សេវា បន្ទប់ទឹក និង​បរិក្ខារ​ជំនួយ​សុវត្ថិភាព​ផ្សេងៗ​នៅ​តាម​គម្រោង​សាងសង់ ឬ​សំណង់​នានា​៕