ភ្នំពេញៈ ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​បានឱ្យដឹងថា ផ្លូវជាតិ​ចំនួន​ ៣ ​ខ្សែ ដែល​ក្រាល​កៅស៊ូ​ ២ ​ស្រទាប់​ស្តើង​នឹងត្រូវ​ដំឡើង​ទៅជា​ផ្លូវ​ក្រាល​បេតុង​កៅស៊ូ​នៅពេល​ខាងមុខ ខណៈ​ផ្លូវជាតិ​ទាំង​ ៣ ​ខ្សែ​នេះ​ត្រូវបាន​ចុះកិច្ចសន្យា​សាងសង់​រួចរាល់​។

នៅក្នុង​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ហេដ្ឋារចនាសម្ព័ន្ធ និង​សមាហរណកម្ម​ក្នុង​តំបន់​តាម​ប្រព័ន្ធ​វីដេអូ​កាលពី​ថ្ងៃទី​ ១៩ ខែសីហា លោក ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​បាន​ថ្លែងថា គម្រោង​លើកកម្ពស់​គុណភាព​ផ្លូវ​ពី​ផ្លូវ​កៅស៊ូ​ ២ ​ស្រទាប់​ស្តើង​ (DBST) ទៅជា​ផ្លូវ​បេតុង​កៅស៊ូ​ (AC) រួមមាន ផ្លូវជាតិ​លេខ​ ៤១ ត​ភ្ជាប់​ផ្លូវជាតិ​លេខ​ ៣ និង​ផ្លូវជាតិ​លេខ​ ៤ ផ្លូវជាតិ​លេខ​ ៣១ តភ្ជាប់​ផ្លូវជាតិ​លេខ​ ៣ ​ទៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត និង​ផ្លូវជាតិ​លេខ​ ៣៣ តភ្ជាប់​ពី​ខេត្ត​កែប ទៅ​ស្រុក​កំពង់ត្រាច​។ នេះ​បើតាម​ហ្វេសប៊ុក​របស់​ក្រសួង​នៅថ្ងៃនេះ​។

លោក​ ស៊ុន ចាន់ថុល ​ថ្លែងថា​៖ «​គម្រោង​លើកកម្ពស់​គុណភាព​ផ្លូវ​ទាំងបី​ខ្សែ នេះ​ត្រូវបាន​ចុះកិច្ចសន្យា​សាងសង់​រួចហើយ នៅ​រង់ចាំ​រៀបចំ​បើក​ការដ្ឋាន​សាងសង់​នាពេល ខាងមុខ​ប៉ុណ្ណោះ​»៕