ភ្នំពេញៈ តំណាង​អង្គការ​សុខភាព​ពិភពលោក (WHO) ​ប្រចាំ​កម្ពុជា លោកស្រី លី អៃឡែន បានបង្ហាញ​ពី​ការបារម្ភ​ចំពោះ​ការឆ្លង​រាតត្បាត​នៃ​មេរោគ​កូវីដ​បំប្លែង​ថ្មី​ប្រភេទ​ដែលតា (Delta) ដែល​វា​មាន​កម្រិត​ឆ្លង​ខ្លាំង​ និង​លឿន ដែល​មេរោគ​នេះ​បាននិង​កំពុង​តែ​កើតមាន​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​សហគមន៍ ដោយ​ឆ្លង​ចូល​តាមរយៈ​ពលករ​។

លោកស្រី​បានលើកឡើង​ដូចនេះ ក្នុង​ពេល​ចុះ​យក​ថវិកា និង​អំណោយ​គ្រឿងឧបភោគ​បរិភោគ​របស់​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ជូន​លោកយាយ​អាយុ​ ១០៨ ​ឆ្នាំ​នៅ​ខេត្តរតនគិរី នា​ថ្ងៃទី​ ២០ ខែសីហា​នេះ ជាមួយ​នឹង​លោកស្រី​ ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​។

លោកស្រី​មានប្រសាសន៍​ថា៖ «​វា​ជា​ដំណឹង​ដែល​អាក្រក់​ ឬ​ដំណឹង​មិនល្អ​ដែលថា​មេរោគ​កូវីដ​ ១៩ កំពុង​នៅ​ជាមួយ​យើង ពិសេស​មេរោគ​ប្រភេទ​ដែល​តា​នៅពេលនេះ​។ ចំណុច​ពីរ​ដែលមាន​តួនាទី​សំខាន់​ក្នុង​ការបញ្ឈប់​ការរាតត្បាត​នូវ​ជំងឺ​កូវីដ​ ១៩ ​នេះ​គឺ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ និង​ការអនុវត្ត​នូវ​វិធានការ អន្តរាគមន៍​ដែល​មិនមែន​ជា​ឱសថ​ដែល​យើង​ត្រូវតែ​ធ្វើឱ្យ​មាន​ប្រសិទ្ធភាព​»​។

លោកស្រី លី អៃឡែន បាន​បន្តថា ជា​ការពិតណាស់​ប្រសិទ្ធភាព​សម្រាប់​ដំណើរ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ នៅក្នុង​ប្រទេស​កម្ពុជា គឺ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​បាន​យ៉ាង​ល្អ លឿន និង​មាន​ប្រសិទ្ធភាព​។

លោកស្រី​បានបញ្ជាក់​ទៀតថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តោតទៅលើ​ក្រុម​ប្រជាជន ដែល​ងាយ​រងគ្រោះ និង​ក្រុម​ដែល​ប្រឈម​ខ្ពស់ ដូចជា​បុគ្គលិក​សុខាភិបាល មនុស្ស​វ័យចាស់ និង​អ្នក​ដែលមាន​ជំងឺ​ប្រចាំកាយ​ផ្សេងៗ​ជាដើម​។

លោកស្រី លី អៃឡែន បាន​បន្តថា៖ «​ដូចនេះ ការធ្វើ​បែបនេះ​ទៅ​ដល់​ក្រុម​ដែល​ងាយ​រងគ្រោះ ទោះបីជា​មាន​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ នៅក្នុង​សហគមន៍​នោះ​ក៏ដោយ ហើយ​នៅតែ​មាន​អ្នក​ឆ្លង​ក៏ដោយ តែ​យើង​នឹង​ឃើញ ពី​ការកាត់បន្ថយ​នូវ​ការឈឺ​ធ្ងន់ធ្ងរ ការ​សម្រាក​ពេទ្យ និង​កាត់បន្ថយ​ការស្លាប់​ផងដែរ​»​។

តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​រូបនេះ​បាន​បន្ថែមថា លោកស្រី​មាន​ភាពជឿជាក់​ខ្លាំង​លើ​ដំណើរការ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ក្នុងប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន ប៉ុន្តែ​លោកស្រី​នៅតែមាន​ការបារម្ភ​ទៅ​នឹង​ការអនុវត្ត​វិធានការ​អន្តរាគមន៍​ដែល​មិនមែន​ជា​ឱសថ​។

លោកស្រី​បាន​ធ្វើការ​ពន្យល់ថា៖ «​ប្រសិនបើ​យើង​មាន​ការបន្ធូរបន្ថយ ឬ​មិន​ចូលរួម​ក្នុង​ការអនុវត្ត​វិធានការ អន្តរាគមន៍​ដែល​មិនមែន​ជា​ឱសថ​នេះ ឬ​មានការ​បន្ធូរបន្ថយ​លឿន​ពេក ឆាប់​ពេក ពេលនោះ​យើង​នឹង​អាច​មើលឃើញ​ពី​ការផ្ទុះ​ឡើងវិញ​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ ​ម្តងទៀត​»​។

លោកស្រី លី អៃឡែន បានធ្វើការ​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់ មិនត្រូវ​មាន​ការបន្ធូរបន្ថយ​នូវ​ការអនុវត្ត​វិធានការ​ការពារ​សុខភាព​ដែល​ដាក់ចេញ​ដោយ​ក្រសួងសុខាភិបាល​ និង​រាជរដ្ឋាភិបាល​កម្ពុជា​ឡើយ​។

ពេលនេះ​មិនមែន​ជា​ពេលដែល​ត្រូវ​បន្ធូរបន្ថយ​នោះទេ តែ​ជា​ការចូលរួម​អនុវត្ត​រួមគ្នា​ឱ្យ​មាន​ប្រសិទ្ធភាព​ដូចជា ៣ការពារ និង​៣កុំ​ជាដើម​។

បើតាម​ការឱ្យ​ដឹង​របស់​លោកស្រី ឱ វណ្ណឌីន មនុស្ស​ដែលមាន​វ័យ​ពី​ ១០០ ​ឆ្នាំ​ឡើង ចំនួន​ជិត​ ១០០ ​នាក់​ហើយ ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដោយ​ក្នុងនោះ​លោកស្រី​បាន​ជួប​ផ្ទាល់​ជាមួយ​នឹង​ពួកគាត់​បាន​ចំនួន​ ៦១ ​នាក់​ហើយ និង​មាន​គម្រោង​ជួប​ជាមួយ​នឹង​មនុស្ស​វ័យចាស់​នេះ​ចំនួន​ ១៩ ​នាក់​បន្ថែមទៀត​៕