ភ្នំពេញៈ រដ្ឋាភិបាល​ និង​ប្រជាជន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ផ្តល់​វ៉ាក់សាំង​កូវីដ​ ១៩ ​ស៊ីណូហ្វាម​ចំនួន​ ៥០ ​ម៉ឺនដូស​ទៀត​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ដែល​នឹង​ដឹក​មកដល់​ប្រទេស​កម្ពុជា នៅ​សប្តាហ៍​ក្រោយ​ដែល​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក ទៀ បាញ់ និង​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា លោក​ វ៉ាង វិនធាន នឹង​ទៅ​ទទួល​។

យោងតាម​លិខិត​របស់លោក ប៉ាង ធារ៉ូ អនុប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ នៃ​កងយោធពល​ខេមរភូមិន្ទ​នៅ​ថ្ងៃទី​ ២០ ខែសីហា​នេះ បានឱ្យ​ដឹងថា វ៉ាក់សាំង​កូវីដ​ ១៩ ​ប្រភេទ​ស៊ីណូហ្វាម (Sinopharm) ចំនួន​ ៥០ ​ម៉ឺន​ដូស​នឹង​ដឹក​មកដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​ ២៣ ខែសីហា​។

លោក​បាន​បញ្ជាក់ថា ក្នុង​ពិធី​ប្រគល់​ទទួល​វ៉ាក់សាំង​នេះ​តម្រូវ​ឱ្យ​អ្នកចូលរួម​ទាំងអស់​ធ្វើតេស្ត​រហ័ស (Rapid Test) ដើម្បី​រក​មេរោគ​កូវីដ​ ១៩​។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស បាន​ថ្លែង​នា​ព្រឹក​ថ្ងៃទី​ ២០ ខែសីហា​នេះ ក្នុងពេល​ចុះ​យក​ថវិកា និង​សម្ភារ​មួយចំនួន ជូន​លោកយាយ​អាយុ​ ១០៨ ​ឆ្នាំ​ក្នុង​ខេត្តរតនគិរី ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ថា ប្រទេស​កម្ពុជា ​បាន​ទទួល​វ៉ាក់សាំង​កូវីដ​ ១៩ ​ពី​ប្រទេស​ចំនួន ​៥​។

លោកស្រី​បានបញ្ជាក់​ពី​វ៉ាក់សាំង​ទាំងនោះ​ថា វ៉ាក់សាំង​ស៊ីណូហ្វាម​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ទិញ​បាន​ចំនួន​ប្រមាណ​ជាង​ ៧ ​លានដូស វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចំនួន​ជាង​ ១៤ ​លានដូស វ៉ាក់សាំង​កូវីសែល ចំនួន​ ៣២៤ ០០០ ​ដូស វ៉ាក់សាំង AstraZeneca ​ចំនួន​ ១,៧ ​លានដូស​ពី​ប្រទេស​ជប៉ុន វ៉ាក់សាំង AstraZeneca ចំនួន​ ៤២៥ ០០០ ​ដូស​ពី​ចក្រភព​អង់គ្លេស និង​វ៉ាក់សាំង​ ចនស៊ុន ​ចនស៊ុន ​ចំនួន​ជាង​ ១ ​លានដូស​ពី​សហរដ្ឋអាមេរិក​៕