មន្រ្តី​នៃ​ក្រសួង​មហាផ្ទៃ និង​ថ្នាក់​ដឹកនាំ​ខេត្តកណ្តាល បាន​ធ្វើការ​ចុះ​ពិនិត្យ​តំបន់​មេទឹក​ព្រែករាំង ស្ថិត​ក្នុង​ភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ដែល​គ្រោង​នឹង​កំណត់​ជាទីតាំង​សម្រាប់​ធ្វើ​ទីលាន​ចាក់សំរាម​ដែល​ធ្វើ​ឱ្យប្រសើរ​ឡើង​នូវ​ការ​គ្រប់គ្រង​សំរាម សំណល់រឹង និងប្លាស្ទិក ក្រោម​គម្រោង​ហិរញ្ញប្បទាន​របស់​ធនាគារ​ពិភពលោក។

ក្នុង​ពេល​ចុះ​ពិនិត្យ​ទីតាំង​នេះ​នា​ព្រឹកថ្ងៃទី ២០ ខែសីហា លោក ប្រាក់ សំអឿន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួង​មហាផ្ទៃ​បាន​លើក​ឡើង​ថា ការ​គ្រប់គ្រង​សំរាម សំណល់រឹង និងប្លាស្ទិក គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់ ប្រសិន​បើ​ការ​ទុកដាក់​សំរាម សំណល់រឹង និង​ប្លាស្ទិក មិន​ត្រឹមត្រូវ​តាម​ស្តង់ដា​បច្ចេកទេស​នោះទេ វា​នឹង​ជួប​នូវ​បញ្ហា​ប្រឈម ព្រមទាំង​ជះ​ឥទ្ធិពល​ដល់​បញ្ហា​សុខភាព​នៅ​រយៈពេល​យូរ​ខាងមុខទៀត។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ក្រោម​ការ​ដឹកនាំ​របស់​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​ឱ្យ​ប្រទេស​មាន​ការ​រីកចម្រើន​លើ​គ្រប់វិស័យ ហើយ​ការ​ប្រែប្រួល និង​ការ​ប្រើប្រាស់​សំរាម សំណល់រឹង និងប្លាស្ទិក មាន​ការ​កើនឡើង​គួរឱ្យ​ព្រួយបារម្ភ ដែល​តម្រូវ​ឱ្យ​យើង​ទាំងអស់​គ្នា​ត្រូវ​ធ្វើការ​គ្រប់គ្រង​សំរាម សំណល់រឹង និងប្លាស្ទិក ឱ្យបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ស្តង់ដា​បច្ចេកទេស»។

ក្នុង​ពេលនេះដែរ លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវការ​គ្រប់គ្រង​សំរាម សំណល់រឹង និងប្លាស្ទិក ក្រោម​គម្រោង​ហិរញ្ញប្បទាន​របស់​ធនាគារ​ពិភពលោក។

ទីតាំង​ដែល​កំណត់​យក​ធ្វើជា​ទីលានចាក់សំរាម ស្ថិត​ក្នុង​ភូមិ​ព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ថ្ងៃទី ២០ ខែសីហា ។ រូបថត រដ្ឋបាលខេត្តកណ្ដាល

លោកថា ៖ «ទីតាំង​តំបន់​មេទឹក​ព្រែករាំង​នេះ គឺជា​ទីតាំង​ដីរដ្ឋ ដែល​បាន​ចុះបញ្ជី​ដីធ្លី​រួចរាល់ ហើយ​ទីតាំង​នេះ​គឺជា​ទីតាំង​សមស្រប​ដែល​អាច​ធ្វើ​ជា​ទីលាន​ចាក់សំរាម និង​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវការ​គ្រប់គ្រង​សំរាម សំណល់រឹង និង​ប្លាស្ទិក ស្រប​តាម​លក្ខណៈ​បច្ចេកទេស»។

ទន្ទឹមនឹងនោះ​លោក គង់ សោភ័ណ្ឌ ក៏បាន​យល់ព្រម​ធ្វើការ​នៅ​លើ​ទំនប់​ដើម្បី​ការពារ​ទឹកជំនន់ នៅ​ជុំវិញ​បរិវេណ​ទីលាន​ចាក់សំរាម​នេះផងដែរ។

ឆ្លៀត​ក្នុង​ឱកាសនោះ​ដែរ លោក ប្រាក់ សំអឿន ក៏បាន​ស្នើ​ដល់​អាជ្ញាធរខេត្ត ពិសេស​អាជ្ញាធរ​ភូមិ-ឃុំ ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ អប់រំ និង​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ធ្វើការ​ទុកដាក់ និង​បែងចែក​សំរាម​ទៅ​តាម​ប្រភេទ​នីមួយៗ ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង និង​ធ្វើការ​កែច្នៃ​សំរាម​ឱ្យ​មាន​ប្រសិទ្ធភាព​ផងដែរ៕