សៀមរាបៈ អាជ្ញាធរខេត្ត​សៀមរាប​នឹង​បន្ត​ចាក់​វ៉ាក់សាំង​ដូស​ទី​ ១ ជូន​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​ក្រុង​សៀមរាប​ចាប់ពី​ថ្ងៃទី​ ២១ ខែសីហា តទៅ សម្រាប់​ប្រជាពលរដ្ឋ​ដែល​ពុំទាន់​បានមក​ចាក់​ទាន់ពេល​កំណត់​ដោយ​មូលហេតុ​មួយចំនួន ដូចជា​ធ្វើដំណើរ​ទៅ​ក្រៅ​ខេត្ត ឬ កំពុង​ធ្វើ​ចត្តាឡីស័ក ឬ​មាន​បញ្ហា​សុខភាព​មួយ​រយៈពេល​ខ្លី អំឡុងពេល​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​។

រដ្ឋបាល​ខេត្តសៀមរាប​បាន​ចេញ​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃទី​ ២០ ខែសីហា នេះ​ថា អនុគណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ខេត្តសៀមរាប​នឹង​រៀបចំ​ផែនការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដូស​ទី ​១ ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុង​សៀមរាប​ចាប់ពី​ថ្ងៃទី​ ២១ ខែសីហា តទៅ​។

សេចក្តី​ជូនដំណឹង​បាន​លើកឡើងថា៖ «​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ពុំទាន់​បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដូស​ទី​១ សូម​រួសរាន់​ទៅ​ចាក់​វ៉ាក់សាំង​នៅ​យោធភូមិភាគ​ទី​៤ មណ្ឌល​សុខភាព​គោកចក និង​មណ្ឌល​សុខភាព​ជ្រាវ ចាប់ពី​ថ្ងៃទី​ ២១ ខែសីហា ពេលព្រឹក​ចាប់ពី ម៉ោង ០៧:៣០ ដល់​ម៉ោង​ ១១:៣០ ​នាទី និង​ពេល​រសៀល​ចាប់ពី​ម៉ោង​ ១៣:០០ ដល់​ម៉ោង ១៦:០០ ​នាទី និង​ត្រូវ​ទំនាក់ទំនង​យក​បណ្ណ​ចាក់​វ៉ាក់សាំង​នៅ​មណ្ឌល​ចាក់​វ៉ាក់សាំង​ផ្ទាល់​»​។

ប្រភព​ដដែល​បាន​បន្តថា អ្នក​ដែល​មកចាក់​វ៉ាក់សាំង​ជំងឺ​កូវីដ​ ១៩ ​ត្រូវមាន​អត្តសញ្ញាណប័ណ្ណ ឬ​លិខិតឆ្លងដែន ឬ​សំបុត្រកំណើត ឬ​លិខិតបញ្ជាក់​ពី​អាជ្ញាធរ ហើយ​ត្រូវអនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ និង ម៉ឺងម៉ាត់​បំផុត​នូវ​គោលការណ៍​ណែនាំ និង​វិធានការ​នានា​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល និង​រក្សា​សណ្តាប់ធ្នាប់ របៀបរៀបរយ​ឱ្យបាន​ល្អប្រសើរ​៕