មក​ដល់​ពេល​នេះ រាជធានី​ខេត្ត​ចំនួន ២៣ ក្នុង​ប្រទេស​កម្ពុជា បាន​ឆ្លង​រាលដាល​នូវ​មេរោគ​កូវីដ១៩ បំប្លែង​ថ្មី​ប្រភេទ B.1.617.2 (Delta) ដែល​មាន​អ្នក​ឆ្លង​ជាង ៨០០ នាក់ ហើយ​មាន​តែ​ខេត្ត​ចំនួន ២ ប៉ុណ្ណោះ​ដែល​មិន​មាន​ការ​ឆ្លង​នូវ​វីរុស​ប្រភេទ​ថ្មី​នេះ គឺ​ខេត្តកែប និងក្រចេះ។

យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅ​យប់​ថ្ងៃ​ទី​២០ ខែ​សីហា​នេះ បាន​ឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៩ ខែ​សីហា កម្ពុជាមាន​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ បំប្លែង​ថ្មី​ប្រភេទ ដែលតា សរុប​ចំនួន ៨៣៦​នាក់ ក្នុង​នោះ​មាន​ស្រ្តី​ចំនួន ៤០៥​នាក់ ហើយ​បាន​ប៉ះ​ពាល់​ដល់២៣ រាជធានី​ខេត្ត​ផង​ដែរ។

ក្រសួង​បាន​បញ្ជាក់​ថា៖ «វីរុស​នេះ​បាន​រក​ឃើញ​លើ​អ្នក​ដំណើរ​មក​ពី​បរទេស​តាម​ជើង​ហោះហើរ ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ប្រទេស​ថៃ ពីប្រទេស​វៀតណាម ប្រជាជន​អ្នក​ភូមិ​ក្នុង​សហគមន៍ ក្រុមហ៊ុន​ឯកជន បុគ្គលិក​សុខាភិបាល អាជីវករ មន្រ្តីរាជការ យោធា ពិរុទ្ធជន អ្នក​បកប្រែ​ភាសា ជនជាតិ​បរទេស បុគ្គលិក​រោងចក្រ​កាត់ដេរ បុគ្គលិក​ធនាគរ ដូន​ជី​នៅ​វត្ត និង​សិស្ស»។

រាជធានី​ខេត្ត​ដែល​រក​ឃើញ​មាន​ការ​ឆ្លង​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ដែលតា​នេះ មាន​ច្រើន​ជាងគេ​នៅ​រាជធានី​ភ្នំពេញ​ចំនួន ១៦៨ នាក់ ខេត្ត​ឧត្តរមានជ័យ​ចំនួន ១៦៥នាក់ ខេត្ត​សៀមរាប ចំនួន ១៣០​នាក់ និង​ខេត្ត​បន្ទាយមាន​ជ័យ ចំនួន ១១៦នាក់។ ចំណែក​ខេត្ត​ដែល​មាន​ករណី​នេះតិច​ជាង​គេ​គឺ​ខេត្ត​កោះកុង និង​ខេត្ត​កំពង់ឆ្នាំង ដែល​មាន​តែ​០១ ករណី​ប៉ុណ្ណោះ៕

វីដេអូ៖