ភ្នំពេញ៖ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​លើក​ឡើង​ថា នៅ​ក្នុង​ឆ្នាំ ២០២១ នេះ វិបត្តិ​កូវីដ​១៩ នៅ​តែ​បន្ត​មាន​ការ​ឆ្លង​រាតត្បាត ចំណែក​ការ​ជួញ​ដូរ​មនុស្ស​និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នានា ក៏​កំពុង​ត្រូវ​បាន​ជន​ឆ្លៀត​ឱកាស​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​ទាញ​យក​ផល​ចំណេញ​ពីស្ថានភាព​ដ៏​លំបាក​នេះ។

លោក ហ៊ុន សែន បាន​ថ្លែង​ដូចនេះ​ក្នុង​កម្មវិធី​អន្តរសាសនា​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ក្រោម​ប្រធាន​បទ «សូម​ពិភព​លោក​រួច​ផុត​ពី​គ្រោះ​ជំងឺរាត​ត្បាត​កូវីដ១៩ និង​អំពើ​ជួញ​ដូរ​មនុស្ស» នា​ល្ងាច​ថ្ងៃទី​២០ ខែ​សីហានេះ ដោយ​លោក​បាន​បន្ថែម​ថា វេទិកា​អន្តរសាសនា​ត្រូវ​តែ​រៀបចំ​តាមគន្លង​ថ្មី​ដើម្បី​ក្រើន​រំឭក​ផ្នែក​ស្មារតី​ដល់​ប្រជាជន​គ្រប់​ជាតិ​សាសន៍ និង​ជំនឿ​សាសនា​ក្នុង​ព្រះរា​ជាណាចក្រ​កម្ពុជា ក៏​ដូចជា​ប្រជាជន​នៅ​លើពិភព​លោក។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ស្មារតី​មនុស្សធម៌ សន្ដោស​ប្រណី យក​ចិត្ត​ទុក​ដាក់​ដល់​អាយុ​ជីវិត​និង​សេចក្តី​ថ្លៃថ្នូរ​នៃមនុស្ស​ជាតិ​គ្រប់​ជាតិ​សាសន៍ និង​ជំនឿ​សាសនា។ ខ្ញុំ​មាន​មោទនភាព​ចំពោះ​ការ​រក្សា​បាន​នូវ​ភាព​សុខដុមរមនា​នៃ​គ្រប់​ជំនឿ​សាសនា​នៅ​ក្នុងប្រទេស​កម្ពុជា​តាម​គ្រប់​រយៈកិច្ច​សហការ​យ៉ាង​សកម្ម ពិសេស​វប្បធម៌​ចែក​រំលែក​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​គ្រា​ដ៏​លំបាក​នេះ»។

លោក​នាយក​រដ្ឋ​មន្រ្តី​បាន​បន្ត​ថា រាជរដ្ឋាភិបាល បាន​និង​កំពុង​អនុវត្ត​យ៉ាង​សកម្ម តាម​រយៈ​ដៃ​ម្ខាង​រក្សា​ការពារ​សន្តិសុខ​សណ្ដាប់​ធ្នាប់ និង​ស្ថិរភាព​សង្គម ដើម្បី​ទ្រទ្រង់​ជីវភាព​ប្រជាជន និង​រក្សា​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច និង​ដៃ​ម្ខាង​ទៀត ប្រយុទ្ធ​ប្រឆាំង​ជំងឺ​រាតត្បាត​សកល​កូវីដ​១៩ តាមគ្រប់​រូបភាព ទាំង​ការ​បង្ការ​ទប់​ស្កាត់ ការ​ព្យាបាល និង​ការ​ស្តារ​នីតិសម្បទា​ជន​រង​គ្រោះ និង​សហគមន៍​ដែល​ទទួល​រង​នូវ​ផល​ប៉ះពាល់។

លោក ហ៊ុន សែន បាន​បួងសួង​ផងដែរ​ថា៖ «សូម​ព្រះ​បារមី​ដ៏​ស័ក្តិសិទ្ធិ​នៃ​ព្រះ​សម្មាសម្ពុទ្ធ ព្រះអាឡោះ ព្រះ​យេស៊ូគ្រីស្ត និង​ព្រះ​គ្រប់សាសនា ព្រម​ទាំង​បារមី​វត្ថុ​ស័ក្តិសិទ្ធិ​លើ​លោក ប្រទានពរ​សូម​ឱ្យ​ពិភព​លោក​រួច​ផុត​ពី​គ្រោះ​នៃ​ជំងឺ​រាតត្បាត​កូវីដ១៩ និង​អំពើ​ជួញ​ដូរ​មនុស្ស និង​គ្រោះ​មហន្តរាយ​ទាំង​ឡាយ ដែល​បម្រុង​កើត​មាន សូម​ឱ្យ​ធូរ​ស្រាល និង​សាបសូន្យ​បន្តិច​ម្តងៗ​ចាប់​ពី​ពេល​នេះ​ត​ទៅ»។

គួរ​បញ្ជាក់​ផង​ដែរ​ថា ជា​រៀង​រាល់​ឆ្នាំ ចាប់​ពី​ឆ្នាំ ២០១៧ មក គណៈកម្មាធិការជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស (គ.ជ.ប.ជ.) តែង​បានសហការ​ជាមួយ​ក្រសួង​ធម្មការ និង​សាសនា មេដឹកនាំ​សាសនា​ធំៗ ក្នុង​ប្រទេស​កម្ពុជា រៀប​ចំ​កម្មវិធី​អន្តរសាសនា​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ក្នុង​គោល​បំណង​បួងសួង​ឱ្យ​ប្រជាជន​កម្ពុជា ក៏​ដូចជា​ប្រជាជន​លើ​ពិភព​លោក ទទួល​បាន​សេចក្តី​សុខ ចៀស​ផុត​ពី​ការ​រំលោភ​បំពាន និង​អំពើជួញ​ដូរ​មនុស្ស៕