ភ្នំពេញៈ ត្រឹម​ថ្ងៃ​ទី​២០ ខែ​សីហា ការ​សាង​សង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី នៃ​រង្វង់​មូល​ចោមចៅ សម្រេច​បាន ៨០ ភាគរយ ខណៈគម្រោង​សាង​សង់​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ខែ​មីនា​ឆ្នាំ ២០២២ ខាង​មុខ ដើម្បី​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ និង​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍។ នេះ​បើ​តាម​ការ​ប្រកាស​ឱ្យ​ដឹង​របស់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ កាល​ពី​ម្សិលមិញ។

មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា គម្រោង​សាង​សង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​នេះ​ទទួល​ម៉ៅការ​សាងសង់ដោយ​ក្រុមហ៊ុន​វិនិយោគ​ទុន​អាណិកជន​កម្ពុជា (OCIC) ដោយ​ប្រើ​ប្រាស់​ការ​សាង​សង់​រយៈពេល ៣០ ខែ និង​ចំណាយ​ថវិកា​សាងសង់ប្រមាណ ២២ លាន​ដុល្លារ​អាមេរិក។

ស្ពានអាកាស និង​ផ្លូវ​ក្រោម​ដី​នេះ ត្រូវ​សាង​សង់​ដោយ​បែង​ចែក​ជា ៣​ផ្នែក​គឺ ស្ពានទី១ ជាស្ពាន​អាកាស​មេ​ ត​ភ្ជាប់​ចរាចរ ​ពី​មហា​វិថី​សហព័ន្ធ​រុស្ស៊ី មក​ផ្លូវ​ជាតិ​លេខ​៣ មាន​ប្រវែង​សរុប ៤០៨ ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ ដែល​មាន​ចរាចរ ២ គន្លង​ទៅ​និង​ ២ គន្លង​មក ជម្រាលស្ពាន ៤,៥ ម៉ែត្រ និង​មាន​កម្ពស់​អតិបរមា ដែល​អាច​ចរាចរ ក្រោម​ស្ពាន​មាន ៥,៥ ម៉ែត្រ។

ស្ពានទី២ បំបែក​ចេញ​ពី​ស្ពាន​អាកាស​មេ បត់​ឆ្វេង​ ត​ភ្ជាប់​ចរាចរ​ពី​មហាវិថី​សហព័ន្ធ​រុស្ស៊ី ឆ្ពោះ​ទៅ​វេងស្រេង សម្រាប់​ចរាចរ​មួយ​ទិស ដែលមាន​មួយ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រ​យានយន្ត មាន​ប្រវែង​ សរុប ២០២ ម៉ែត្រ (ស្ពាន​អាកាស ប្រវែង ៤០​ម៉ែត្រ ផ្លូវ​ក្រោម​ដី ប្រវែង ១១៨ ម៉ែត្រ និង ផ្លូវ​លើ​ដី​ប្រវែង ៤៤​ម៉ែត្រ) ទទឹង ៥,២៥​ម៉ែត្រ។

ស្ពានទី៣ ជាស្ពាន​កោង​បត់​ឆ្វេង​ ត​ភ្ជាប់​ចរាចរ​ពី​ផ្លូវ​វេងស្រេង មក​ផ្លូវ​ជាតិ​លេខ ៣ មាន​ប្រវែង​សរុប ២០៦​ម៉ែត្រ (ស្ពាន​អាកាស​ប្រវែង ៦០ម៉ែត្រ ផ្លូវ​ក្រោម​ដី​ប្រវែង ១១៨ ម៉ែត្រ និង​ផ្លូវ​លើ​ដី​ប្រវែង ២៨ ម៉ែត្រ) ទទឹង ៥,២៥​ម៉ែត្រ សម្រាប់​ចរាចរ​មួយ​ទិស ដែល​មាន​មួយ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រ​យានយន្ត។

លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា កាល​ពី​ថ្ងៃទី​ ២៦ ខែ​តុលា ឆ្នាំ ២០២០ កន្លង​ទៅ បាន​ប្រកាស​ដាក់​ឱ្យដំណើរការ​ផ្លូវ​ក្រោម​ដី​នៅ​រង្វង់​មូល​ចោមចៅ ជូន​ប្រជាពលរដ្ឋ​បាន​ធ្វើ​ចរាចរណ៍​ជា​បណ្តោះ​អាសន្ន។ ក្រោយ​ពី​ដាក់​ឱ្យ​ដំណើរ​ការ​ផ្លូវ​ក្រោម​ដី​ជូនប្រជាពលរដ្ឋ​បាន​ធ្វើ​ចរាចរណ៍​ជា​បណ្តោះ​អាសន្ន​គេ​ឃើញ​ថា ស្ថាន​ភាព​ចរាចរណ៍ ពី​ផ្លូវ​ជាតិ​លេខ ៤ មក​ផ្លូវ​សហព័ន្ធ​រុស្ស៊ី មាន​លក្ខណៈ​ល្អប្រសើរ មិន​មាន​ការ​កកស្ទះ​ឡើយ។

ស្ពានអាកាស និង​ផ្លូវ​ក្រោម​ដី នៅ​ចំណុច​រង្វង់​មូល​ចោមចៅ​នេះ បាន​បើក​ការ​ដ្ឋាន​ដំណើរ​ការ​សាង​សង់​ជា​ផ្លូវ​ការ កាល​ថ្ងៃ​ទី ២៩ មិថុនា ឆ្នាំ២០១៨​កន្លង​មក ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន៕

វីដេអូ៖