សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿង​ញៀន នៃ​អគ្គស្នងការ​នគរបាល​ជាតិ​កំពុង​សួរ​ចម្លើយ​ជន​សង្ស័យ ២ នាក់ ដែល​បាន​បាញ់​តដៃ​ជាមួយសមត្ថកិច្ច ខណៈ​ពេល​បង្ក្រាប​ករណី​បទ​ល្មើស​គ្រឿង​ញៀន​បាន​ជាង ២៨ គីឡូក្រាម កាល​ពី​ថ្ងៃទី១៨ ខែ​សីហា នៅ​ខណ្ឌ​ជ្រោយ​ចង្វារ និងខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

លោក ឡឹក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន ថ្លែង​នៅ​ព្រឹក​នេះ​ថា កម្លាំង​នគរបាល​គ្រឿង​ញៀន​បង្ក្រាប​បាន​ជន​សង្ស័យ ២នាក់ ពាក់​ព័ន្ធ​បទ​ល្មើស​គ្រឿង​ញៀន កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ ២០២១ វេលា​ម៉ោង​ ១ និង ៥០ នាទី​រសៀល។

លោកថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២១ ខែ​សីហានេះ សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី មិន​ទាន់​បាន​បញ្ជូន​ជន​សង្ស័យ​ទៅ​តុលាការ​នៅ​ឡើយ។

លោក​បញ្ជាក់​ថា កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ការ​ស៊ើប​អង្កេត និង​ស្រាវ​ជ្រាវ​បង្រ្កាប លើ ២ គោល​ដៅ​ផ្សេង​គ្នា​ជា​បន្ត​បន្ទាប់ ដោយ​គោល​ដៅ​ទី១ នៅ​បណ្តោយ​ផ្លូវ​ជាតិ​លេខ ៦A សង្កាត់​ព្រែកលាភ ខណ្ឌ​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ និង​គោល​ដៅ​ទី​២ នៅ​ផ្ទះ​លេខ ៣២ ផ្លូវ C ស្ថិត​ក្នុងភូមិ​ប្រការ សង្កាត់​ព្រៃស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ»។

លោក​ថ្លែង​ថា៖ «ក្នុង​អំឡុង​ពេល​កិច្ច​ប្រតិបត្តិការ​បង្រ្កាប ជន​ល្មើស​បាន​ធ្វើ​ការ​តដៃ ដោយ​បាញ់​មក​លើ​កម្លាំង​សមត្ថកិច្ច ដែល​ធ្វើ​ឱ្យ​សមត្ថកិច្ចត្រូវ​បាញ់​តប​ត ដើម្បី​ការពារ​ខ្លួន​វិញ និង​បាន​ធ្វើ​ឱ្យ​ជន​ល្មើស​ទម្លាក់​អាវុធ​ប្រគល់​ខ្លួន​ឱ្យ​សមត្ថកិច្ច»។

បើ​តាម​លោក ឡឹក វណ្ណៈ ក្នុង​ប្រតិបត្តិការ​បង្រ្កាប​នេះ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ ២ នាក់ មាន ឈ្មោះ គីម តាត់ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ និង ឈ្មោះ ប្រាក់ សឺត ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិ ថៃ។

សមត្ថកិច្ច​បាន​ដក​ហូត វត្ថុ​តាង​សារធាតុញៀន​ប្រភេទ​ម៉េតំហ្វេតាមីន (ICE) ចំនួន ២៤ កញ្ចប់​ធំ ទម្ងន់​ប្រមាណ​ជាង ២៤ គីឡូក្រាម ប្រភេទ​អ៊ិចស្តាស៊ី (MDMA) ១៤កញ្ចប់ ទម្ងន់​ប្រមាណ ៤​គីឡូក្រាម ព្រម​ទាំង​សម្ភារ​ចាប់​យក​មាន រថយន្ត ៤គ្រឿង ទូរស័ព្ទ ៦គ្រឿង អាវុធខ្លី ម៉ាករ៉ូឡូ ១ដើម សម្បកគ្រាប់ ៣គ្រាប់ និង​គ្រាប់​មិន​ទាន់​បាញ់​ ៣គ្រាប់៕