រដ្ឋបាល​ខេត្ដ​កោះកុង កាល​ពី​ម្សិលមិញ​បាន​ប្រាប់​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ទាំង​អស់​ពិនិត្យ​ឡើងវិញ ចំពោះ​ពលរដ្ឋ​ដែល​មិន​ទាន់​ទទួលបាន​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ១៩ ដើម្បី​នឹង​រៀប​ចំ​ចាក់​ឡើង​វិញ​នា​ពេល​ខាង​មុខ​ ហើយ​ឈាន​ទៅ​បិទ​បញ្ចប់​ការ​ចាក់​ដូស​ទី១ នៅ​ក្នុង​ភូមិសាស្រ្ដ​ខេត្ត​កោះកុង។

នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ទូ សាវុធ អភិបាល​រង​ខេត្ត​កោះកុង លើក​ឡើង​ក្នុង​ពេល​ដឹក​នាំ​កិច្ច​ប្រជុំ​ពិភាក្សា​ការងារ​ទប់​ស្កាត់​ការ​រីករាល​ដាល​ជំងឺ​កូវីដ​១៩ និង​ការ​ងារ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ​១៩ នៅ​ក្នុង​ស្រុក​មណ្ឌលសីមា កាល​ពី​ថ្ងៃ​ទី២០ ខែ​សីហា។

លោក ទូ សាវុធ ថ្លែងថា៖«សុំ​អាជ្ញាធរ និង​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​ពិនិត្យ​ឡើង​វិញ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​បាន​ទទួល​វ៉ាក់​សាំង​កូវីដ១៩ ដើម្បី​អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់​សាំង​កូវីដ​១៩ ខេត្ត​កោះកុង នឹង​រៀប​ចំ​យុទ្ធនាការ​ចាក់​ជូន​ប្រជាពលរដ្ឋ ដែល​មាន​អាយុ​ចាប់​ពី ១២ឆ្នាំ​ឡើង​នៅ​ពេល​ខាង​មុខ ដើម្បី​ឈាន​ទៅ​ដល់​ការ​បិទ​បញ្ចប់​ការ​ចាក់​ដូស​ទី​១ នៅ​ខេត្ត​កោះកុង»។

លោក​អភិបាល​រង​ខេត្ត បាន​ស្នើ​ឱ្យ​អាជ្ញាធរ និង​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​ជំរុញ​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ទប់​ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​មូលដ្ឋាន​ជា​ពិសេស រាយ​ការណ៍​ជា​ប្រចាំ​អំពី​អ្នក​ពាក់​ព័ន្ធ និង​អ្នក​ជំងឺ​ត្រូវ​ធ្វើ​សំណាក​រហ័ស និង​ធ្វើ​ចត្តាឡីស័ក​ឱ្យ​បាន​សមស្រប​តាមគោល​ការណ៍​ណែនាំ​នានា​របស់​ក្រសួង​សុខាភិបាល។

ដោយឡែក នៅ​តាម​ច្រក​ព្រំដែន​ត្រូវ​តែ​ពង្រឹង​ការ​យក​សំណាក​អ្នក​បើកបរ​រថយន្ត​ដឹក​ទំនិញ​ជា​ប្រចាំ ចៀស​វាង​ការ​ខ្វះ​ចម្លោះ មួយ​វិញ​ទៀតត្រូវ​ទប់​ស្កាត់​រាល់​ការ​ឆ្លង​ដែន​គ្រប់​ច្រក​ទាំង​អស់ មួយ​ទៀត​ការ​ត្រូវ​ទប់​ស្កាត់ និង​រាយ​ការណ៍​បន្ទាន់​អំពី​បងប្អូន​ដែល​បាន​ចូល​មក​ក្នុង​មូលដ្ឋានរបស់​ខ្លួន ដើម្បី​មន្ត្រី​សុខាភិបាល​ធ្វើ​ការ​ស្រាវជ្រាវ ឬ​យក​សំណាក​កុំ​ឱ្យ​មាន​ការ​ឆ្លង​បន្ត ក្នុង​ករណី​ពួកគាត់​បាន​ឆ្លង​ជំងឺ​កូវី១៩។ នេះ​ជា​ការបញ្ជាក់​របស់​លោក ទូ សាវុធ។

រដ្ឋបាល​ខេត្ដ​កោះកុង នៅ​ថ្ងៃ​ទី​២០ ខែ​សីហា​នេះ​ក៏​បាន​ជូន​ដំណឹង​ឱ្យ​បើក​ដំណើរ​ការ​ឡើង​វិញ ក្នុង​បរិវេណ រោងចក្រ​យ៉ាហ្សាគិ (YAZAKI) នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង ស្ថិត​ក្នុង​ស្រុក​ មណ្ឌលសីមា ខេត្ត​កោះកុង​ផងដែរ។

រដ្ឋបាល​ខេត្ដ​បញ្ជាក់​ថា កន្លងមក រដ្ឋ​បាល​ខេត្ត​កោះកុង បាន​សម្រេច​ផ្អាក​ការ​ចេញ-ចូល ជា បណ្តោះ​អាសន្ន​ក្នុង​បរិវេណ​រោងចក្រ យ៉ាហ្សា (YAZAKI) ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង ដោយសារ​តែ​ក្រុម​គ្រូ​ពេទ្យ​បាន​រក​ឃើញ​ថា​មានករណី​វិជ្ជមាន​ជំងឺ កូវីដ១៩ ជាច្រើន​ករណី​លើ​កម្មករ កម្មការិនី និង​បុគ្គលិក​ផ្សេងៗ។

ប៉ុន្តែ​រយៈពេល​កន្លង​មក ដោយ​មាន​កិច្ច​សហការ​គាំទ្រ​យ៉ាង​ល្អ​ពី​សំណាក់​ក្រុមហ៊ុន ក្រុម​គ្រូពេទ្យ និង​ក្រុម​ការងារ​ខេត្ត ស្រុក ឃុំ ដែលបាន អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​តាម​វិធាន​សុខាភិបាល​ក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩ ជា​លទ្ធផល​អ្នក​ជំងឺ​កូវីដ​១៩ ស្ទើរតែ​ទាំង​អស់ បាន​ជា​សះស្បើយ។ ដោយ​ឡែក បុគ្គលិក​ដែល​បាន​ធ្វើ​ចត្តាឡីស័ក​ទាំង​អស់ ក៏​បាន​អនុវត្ត​ចប់​សព្វ​គ្រប់​ស្រប​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល។ នេះ​បើ​តាម​រដ្ឋ​បាល​ខេត្ដ។

រដ្ឋបាល​ខេត្ដ​បញ្ជាក់​ថា៖ «ផ្អែក​តាម​លទ្ធផល​នៃ​ការ​ជា​សះស្បើយ​ពី​ជំងឺ​កូរីដ​១៩ ខាង​លើ រដ្ឋបាល​ខេត្ត កោះកុង អនុញ្ញាត​ឱ្យ​បើក​ដំណើរការឡើង​វិញ​ទាំង​ស្រុង ក្នុង​បរិវេណ រោងចក្រ YAZAKI នៃ​តំបន់ សេដ្ឋកិច្ច​ពិសេស​កោះកុង ស្ថិត​ក្នុង​ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង ចាប់​ពី ថ្ងៃ​២១ ខែ​សីហា ឆ្នាំ​២០២១ នេះ​តទៅ។ ប៉ុន្តែ​សូម​លោក​ប្រធាន​រោងចក្រ ត្រួត​ពិនិត្យ និង​ស្នើ​ដល់​កម្មករ កម្មការិនី បុគ្គលិក​រដ្ឋបាល​ទាំងអស់​ត្រូវ​បន្ត​អនុវត្ត​វិធានការ ការពារ​ជំងឺ​កូវីដ ១៩ គឺ ៣ ការពា ៣ កុំ​ឱ្យ​បាន​ខ្ជាប់​ខ្ជួន ជា​ប្រចាំ»៕