ភ្នំពេញៈ សមត្ថកិច្ច​បាន​ឃាត់​មនុស្ស​ធ្វើ​ការ​អប់រំ​និង​ពិន័យ​ចំនួន ១ ៨១៥នាក់ និង​ឃាត់​យាន​យន្ត ៨៨១គ្រឿង ពាក់ព័ន្ធ​ករណី​ល្មើស​វិធានការរដ្ឋបាល និង​វិធាន​ការ​សុខាភិបាល​កាល​ពី​ម្សិលមិញ។ នេះ​បើ​តាម​ការ​ប្រកាស​របស់ គណៈកម្មការ​អន្តរ​ក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩ (គ.អ.ក) នៅ​ថ្ងៃនេះ។

តាម​សេចក្តី​ជូន​ដំណឹង (គ.អ.ក) នៅ​ព្រឹក​ថ្ងៃទី ២១​ខែ​សីហា​នេះ​បាន​ឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ឃាត់​រថយន្ត ២៥៧ គ្រឿង ម៉ូតូ ៦២៤គ្រឿង និង​ឃាត់​ខ្លួន​មនុស្ស​ធ្វើ​ការ​អប់រំ​និង​ពិន័យ​ចំនួន ១ ៨១៥នាក់ នៅ​ថ្ងៃទី២០ ខែ​សីហា ពាក់​ព័ន្ធ​ករណី​ល្មើស​វិធានការ​រដ្ឋបាល និងវិធានការ​សុខាភិបាល។

ក្នុង​សេចក្តី​ជូន​ដំណឹង​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ដដែល​នោះ សមត្ថកិច្ច​បាន​អនុវត្ត​វិធានការ​ច្បាប់​ចំនួន ៨៣៩​ករណី ទៅ​លើ​ទីតាំង​សរុប​ចំនួន ១ ៤៣៩ និង​ពិន័យ​ជា​ប្រាក់​បាន​ចំនួន ១២ ០០០ ០០០ រៀល៕