
លោក Ismail Sabri bin ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីទី៩ នៃប្រទេសម៉ាឡេស៊ី។ BERNAMA
ភ្នំពេញៈ លោក ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែសីហានេះ បានផ្ញើសារអបអរសាទរចំពោះលោក Ismail Sabri bin Yaakob ក្នុងឱកាសត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីទី៩ នៃប្រទេសម៉ាឡេស៊ី។
យោងតាមលិខិតអបអរសាទរនេះលោកនាយករដ្ឋមន្រ្ដីបានថ្លែងថា៖ «តាងនាមរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្តៅចំពោះឯកឧត្តម ក្នុងឱកាសត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីទី៩ នៃប្រទេសម៉ាឡេស៊ី»។
លោកនាយករដ្ឋមន្រ្ដីបានបន្តថា លោកនាយករដ្ឋមន្រ្ដី Ismail Sabri bin Yaakob ពិតជាទទួលបាននូវជំនឿទុកចិត្តយ៉ាងធំធេង ក្នុងការដឹកនាំប្រទេសជាតិ ខណៈដែលម៉ាឡេស៊ី ដូចជាពិភពលោកទាំងមូលដែរ កំពុងខិតខំប្រឹងប្រែងគ្រប់គ្រងការផ្ទុះឡើងវិញនូវជំងឺរាតត្បាតកូវីដ១៩ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើជីវភាពប្រជាជន និងសេដ្ឋកិច្ច។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបញ្ជាក់ថា៖ «ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយសមត្ថភាពរបស់ឯកឧត្តម ប្រទេសម៉ាឡេស៊ីនឹងងើបឡើងវិញប្រកបដោយថាមពលកាន់តែខ្លាំងក្លាពីការលំបាក និងបញ្ហាប្រឈមក្នុងពេលបច្ចុប្បន្ននេះហើយនឹងសម្រេចបាននូវកំណើនកាន់តែខ្ពស់ និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គមលើគ្រប់ទិដ្ឋភាព»។
បើតាមលិខិតរបស់លោកនាយករដ្ឋមន្រ្ដី កម្ពុជា និងម៉ាឡេស៊ីមានទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាលើវិស័យជាច្រើន។ ការផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ព្រមទាំងការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជននៃប្រទេសរបស់យើងមានកំណើនគួរឱ្យកត់សម្គាល់ ហើយក៏កំពុងបន្តកើនឡើងថែមទៀត។
លោកនាយករដ្ឋមន្រ្ដីបញ្ជាក់ថា៖«ខ្ញុំត្រៀមខ្លួនធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ដើម្បីពង្រឹង និងពង្រីកចំណងទាក់ទង និងកិច្ចសហប្រតិបតិ្តការដ៏ល្អប្រពៃនេះ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនយើង ក៏ដូចជាដើម្បីសន្តិភាព សិ្ថរភាព សន្តិសុខ និងការកសាងសហគមន៍អាស៊ានដ៏រឹងមាំ»៕