ភ្នំពេញៈ អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជា គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២១ បានប្រមាណជាង ៩,៥ លាននាក់ បើធៀបទៅនឹងប្រជាជនគោលដៅប្រមាណ ១២ លាននាក់។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩)។

គ.វ.ក-១៩ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២១ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ១៩ នៅកម្ពុជា ចំពោះប្រជាពលរដ្ឋមានអាយុចាប់ពី១៨ ឆ្នាំឡើងទៅមានចំនួនជាង ៨,៦ លាននាក់ស្នើនឹង ៨៦,៥៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០ លាននាក់ និង កុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មានចំនួន ៨,៤ សែននាក់ ស្មើនឹង ៤២,៩៥% ធៀបជាមួយនឹងប្រជាជនគោលដៅប្រមាណ ២ លាននាក់។

របាយការណ៍ គ.វ.ក-១៩ បានឱ្យដឹងថា បើលទ្ធផលចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដល់ប្រជាពលរដ្ឋទូទាំងប្រទេសសរុប ១៦ លាននាក់ អ្នកដែលបានចាក់មានចំនួនជាង ៩,៥ លាននាក់ ស្មើនឹង ៥៩,៣៩ ភាគរយ៕