សៀមរាបៈ មន្ត្រី​បសុពេទ្យ​នៅ​ខេត្ត​សៀមរាប​អះអាង​ថា ជំងឺ​ដុំពក​ស្បែក​គោក្របី បង្ក​ឡើង​ដោយ​វីរុស ប៉ុន្តែ​ងាយ​ស្រួល​ព្យាបាល​ឱ្យ​ជា​សះស្បើយ​បាន បើ​ម្ចាស់​សត្វ​ឧស្សាហ៍​ងូតទឹក ដាក់​ចំណី និង​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​ជុំវិញ​ក្រោល​សត្វ។

លោក ព្រំ វិច ប្រធាន​ការិយា​ល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​សៀមរាប ថ្លែង​នៅ​ព្រឹក​នេះថា ជំងឺ​ដុំពក​ស្បែក​គោក្របី​នៅ​ខេត្ត​សៀមរាប ព្យាបាល​ជា​សះស្បើយ​ស្ទើរ​តែ ១០០% គិត​មក​ដល់​ថ្ងៃ​ទី​២១ ខែ​សីហា​នេះ។

លោកថា ជំងឺនេះ​បង្ក​ឡើង​ដោយ​វីរុស (Poxviridae) ប៉ុន្តែ​ងាយ​ស្រួល​ព្យាបាល បើ​ម្ចាស់​សត្វ​ធ្វើ​ការ​ងូត​ទឹក​ឱ្យ​សត្វ​គោក្របី​ញឹក​ញាប់ និងដាក់​ចំណី​ឱ្យ​វា​គ្រប់​គ្រាន់​យ៉ាង​យូរ ២ ទៅ ៣ ថ្ងៃ នឹង​ជា​សះស្បើយ។

លោក​ថ្លែង​ថា៖ «ការ​ព្យាបាល​វា​គឺ​ពេល​សត្វ​ក្តៅ​ខ្លួន​យើង​ត្រូវ​ឧស្សហ៍​ងូត​ទឹក​ឱ្យ​វា ផ្តល់​ទឹក ផ្តល់​ចំណី​ឱ្យ​គ្រប់​គ្រាន់។ កុំ​លែង​វា ត្រូវ​ដាក់​ក្នុងក្រោល​ឱ្យ​ត្រឹម​ត្រូវ ថែ​ទាំ​វា​ទៅ សម្អាត​ក្រោល បាញ់​ថ្នាំ​សម្លាប់​មេរោគ​អីអី​តាម​ជុំវិញ​ក្រោល​ហ្នឹង​ទៅ​ណា»។

លោក ព្រំ វិច បញ្ជាក់​ថា គេ​អាច​ធ្វើ​ការ​ព្យាបាល​ជំងឺ​នេះ​ដោយ​ការពារ​ទប់​ស្កាត់​ជំងឺ​ឱកាស​និយម និង​ដំបៅ​រលួយ​ផ្សេងៗ និង​មាន​ប្រភេទ​ថ្នាំមួយ​ចំនួន​សម្រាប់​ព្យាបាល​ដូចជា Pracetamole Dexametasone Amoxiciline Chlorazone Bactrim និង Methylen blu ផងដែរ។

លោកថ្លែងថា៖«បើ​សត្វ​វា​ក្តៅ​ខ្លួន​យើង​ប្រើ​ប្រភេទ Pracetamole បើវា​ឡើង​ស្បែក​អាឡែក​ស៊ី​យើង​អាច​ប្រើ​ពពួក Dexametasone ហើយ​បើ​សិន​ជា​សត្វ​មាន​ដំបៅ យើង​អាច​ប្រើ​ពួកថ្នាំ Methylen blu ដែល​យើង​ហៅ​ថា​ថ្នាំ​ខៀវ សម្រាប់​លាប ដែល​អាច​រក​បាន​នៅ​កន្លែងពេទ្យ​សត្វ ចែក​ជូន​ដោយ​មិន​គិត​ថ្លៃ» ។

គិត​ចាប់​ពី​ខែ​ឧសភា ដល់​ថ្ងៃទី​២១ ខែសីហា សភាព​ជំងឺ​ដុំពក​ស្បែក​គោ​នៅ​ក្នុង​ខេត្ត​សៀមរាប ដែល​កើត​ឡើង​រប៉េះរប៉ោះ នៅ​តាម​តំបន់​មួយចំនួន​ក្នុង​ខេត្ត​សៀមរាប មាន​សត្វ​ឈឺ​សរុប ៦៨៣ ក្បាល ព្យាបាល​ជា ចំនួន ៦៦៧​ក្បាល កំពុង​ព្យាបាល​ចំនួន ៤៧​ក្បាល និង​ងាប់​ចំនួន៦​ក្បាល។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ព្រំ វិច ។

បើ​តាម​លោក​ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៅ​ខេត្ត​សៀមរាប ជំងឺ​នេះ​មាន​សភាព​ស្រដៀង​ទៅ​នឹង​ជំងឺ​អុដ​ស្វាយ​ដែលកើត​លើ​មនុស្ស​ដែល​នាំ​ឱ្យ​មាន​កន្ទួល ឡើង​ដំបៅ​ពេញ​ខ្លួន ទាមទារ​ការ​ថែទាំ​អនាម័យ​ងូត​ទឹក​ញឹក​ញាប់។ សត្វ​ល្អិត​បឺត​ជញ្ជក់​ឈាម មូស របោម រុយ ស្រួយ ដង្កែ ជា​ភ្នាក់ងារ​ចម្លង​ជំងឺ ចំណែក​ការ​ចល័ត​សត្វ​ឈឺ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ និង​ការ​ស៊ី​ចំណី​ជុំ​គ្នា ជា​មូល​ហេតុ​ធ្វើ​ឱ្យ​មាន​ការ​ឆ្លង​រាលដាល។ យ៉ាង​ណា​ក៏​ដោយ ជំងឺ​នេះ​មិន​ឆ្លង​ពី​សត្វ​គោក្របី​មក​មនុស្ស ឬ សត្វ​ប្រភេទ​ផ្សេង​ទៀត​នោះ​ទេ។

មន្ត្រី​បសុពេទ្យ អគ្គនាយកដ្ឋាន ខេត្ត ស្រុក និង​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​វិធានការ​ការពារ អនាម័យ​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​ដល់​កសិករ​ម្ចាស់​សត្វ​ចំនួន ១ ២០០ គ្រួសារ និង​បាន​ចុះ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​តាមក្រោល​ចិញ្ចឹម​សត្វ​បាន​ជាច្រើន​កន្លែង និង​ផ្តល់​បសុ​ឱសថ សម្ភារ បរិក្ខារ បសុពេទ្យ​ដល់​ភ្នាក់​ងារ​សុខភាព​សត្វ​ភូមិ​តាម​បណ្តា​ស្រុក​សម្រាប់ជួយ​ដល់​ប្រជាពលរដ្ឋ​ផងដែរ៕

វីដេអូ៖