ភ្នំពេញៈ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ណែនាំ​ដល់​អភិបាល​រាជធានី-ខេត្ត ទាំងអស់​ឱ្យ​អនុវត្ដ​នូវ​គោលការណ៍ និងបែបបទ ណែនាំ​អំពី​គោលការណ៍ និង​បែបបទ​ជ្រើស​រើស​មន្រ្ដី​កិច្ច​សន្យា និង​បុគ្គលិក​ស្ម័គ្រចិត្ដ​បម្រើ​ការងារ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩ ដែល​ប្រើប្រាស់​ថវិកា​ហិរញ្ញប្បទាន និង​ថវិកា​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩ ដើម្បី​អនុវត្ត​ឱ្យ​មាន​ការ​ឯកភាព​គ្នា។

យោង​តាម​លិខិត​របស់​លោក ម៉ម ប៊ុនហេង កាល​ពី​ថ្ងៃ​ទី​១៩ ខែ​សីហា​នេះ បាន​ជម្រាប​ទៅ​ដល់​អភិបាល​រាជធានី-ខេត្ត ថា ការ​ជ្រើសរើស​មន្ត្រី​កិច្ចសន្យា និង​បុគ្គលិក​ស្ម័គ្រ​ចិត្ត​បម្រើ​ការងារ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩ ត្រូវ​អនុវត្ត​តាម​គោលការណ៍​ការ​ជ្រើសរើស ផ្អែក​តាម​តម្រូវ​ការ​ការងារចាំ​បាច់​របស់​អង្គភាព ដើម្បី​បំពេញ​កង្វះ​ខាត​បុគ្គលិក និង​គោលការណ៍​ស្ម័គ្រ​ចិត្ត​របស់​សាមីជន​ដោយ​ទទួល​បាន​នូវ​របប​ឧបត្ថម្ភ​ផ្សេងៗ។

ការ​ជ្រើសរើស​នេះ​ធ្វើ​ឡើង តាម​គោលការណ៍​កំណត់​របស់​រាជរដ្ឋាភិបាល ក៏​ដូចជា របស់​អង្គភាព​នៅ​ក្នុង​អំឡុង​ពេល​កំពុង​បំពេញ​ការងារ និងមិន​ទាមទារ​នូវ​អត្ថប្រយោជន៍​ផ្សេងៗ ដែល​មិន​មាន​ក្នុង​គោលការណ៍ ដែល​បាន​កំណត់​ឡើយ។

តាម​លិខិត​របស់​លោក​រដ្ឋ​មន្រ្ដី​បញ្ជាក់​ថា ដើម្បី​អនុវត្ត​ឱ្យ​មាន​ការ​ឯកភាព​គ្នា ក្នុង​ការ​បំពេញ​ទម្រង់​បែប​បទ ងាយ​ស្រួល​ដល់​ការ​ងារ​គ្រប់គ្រង ក្រសួង​សុខាភិបាល​តម្រូវ​ឱ្យ​អង្គភាព ដែល​ធ្វើ​ការ​ជ្រើសរើស​មន្ត្រី​កិច្ច​សន្យា និង​បុគ្គលិក​ស្ម័គ្រចិត្ត​បម្រើ​ការងារ ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩ បំពេញ​បែបបទ​តាម​ទម្រង់​គំរូ ដែល​ភ្ជាប់​មក​ជាមួយ ១ ពាក្យ​សុំ​ចូល​បម្រើ​ការងារ ២ ប្រវត្តិ​រូប​សង្ខេប ៣ កិច្ច​សន្យា​ការងារ ៤ លិខិត​បង្គាប់ការ​ឱ្យ​ចូល​បម្រើ​ការងារ៕