ភ្នំពេញៈ នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​ប្រកាស​ឱ្យ​ពលរដ្ឋ​រាយការណ៍​ឱ្យបាន​រហ័ស បើ​ដឹង​ពី​ជនខិលខូច​មួយចំនួន​ប្រើ​បច្ចេកវិទ្យា DeepFake ក្នុង​ការប្រព្រឹត្ត​អំពើ​អសីលធម៌ ឬ​អំពើ​ល្មើសផ្សេងៗ។

នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៅ​រសៀល​ថ្ងៃទី ២១ ខែសីហា​នេះ តាមរយៈ​ហ្វេសប៊ុក​បាន​ប្រកាស​ជាថ្មី​ឱ្យ​ពលរដ្ឋ​ចូលរួម​រាយការណ៍​ឱ្យបាន​រហ័ស​ដល់​អាជ្ញាធរ បើសិន​បានដឹង​ពី​ជនខិលខូច​មួយចំនួន​ប្រើ​បច្ចេកវិទ្យា DeepFake ក្នុង​ការប្រព្រឹត្ត​អំពើ​អសីលធម៌ ឬ​អំពើ​ល្មើសផ្សេងៗ មានដូចជា​ការបង្កើត​រូបភាព ឬ​វីដេអូ​អាសអាភាស​ដោយ​បន្លំ​បញ្ចូល​រូប​មុខ​ជនរងគ្រោះ ធ្វើការ​បរិហារកេរ្តិ៍​ជា​សាធារណៈ ឬ​គំរាម​ជនរងគ្រោះ​ឱ្យ​ធ្វើអ្វី​មួយ​តាម​ការចង់បាន។ បង្កើត​រូបភាព ឬ​វីដេអូ ដែលមាន​សកម្មភាព​អសីលធម៌ ដើម្បី​បង្ខូច​កិត្តិយស​ជនរងគ្រោះ និង​ប្រើប្រាស់​រូបភាព វីដេអូ ឬ​សំឡេង ជនរងគ្រោះ​ ដើម្បី​ឆបោក​បន្លំ​ផ្ទេរប្រាក់ ឬ​លួច​ព័ត៌មានផ្សេងៗ។

លើ​ហ្វេសប៊ុក​នាយកដ្ឋាន​ព័ត៌មានវិទ្យា​សរសេរថា «សូម​ប្រើប្រាស់​បច្ចេកវិទ្យា​តួយ៉ាង​កម្មវិធី​នៃ​បច្ចេកវិទ្យា DeepFake ប្រកបដោយ​សីលធម៌ និង​ស្របតាម​ក្រិត​ក្រម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ សូម​ធ្វើការ​រាយការណ៍​ដល់​ជនរងគ្រោះ នៅពេល​ដែល​អ្នក​បានទទួល ឬ​ឃើញ​នូវ​រូបភាព ឬ​វីដេអូ​របស់​ជនរងគ្រោះ ឬ​ធ្វើ​សេចក្តី​រាយការណ៍​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​នៅ​ជិត​លោកអ្នក»។

បើតាម​នាយកដ្ឋាន​ព័ត៌មានវិទ្យា បច្ចេកវិទ្យា DeepFake បានផ្តល់​ទាំង​គុណសម្បត្តិ និង​គុណវិបត្តិ សម្រាប់​អ្នកប្រើប្រាស់​ក្នុង​នោះ ចំពោះ​គុណសម្បត្តិ ត្រូវបាន​ប្រើប្រាស់​ដោយ​ក្រុមហ៊ុន​ផលិតភាព​យន្ត​ក្នុង​ការកែតម្រូវ​សកម្មភាព ឬ​សំឡេង​របស់​តួសម្តែង ដោយ​ពុំ​ចាំបាច់​ថត​ឡើងវិញ។ ប្រើប្រាស់​ក្នុង​វិស័យ​សុខាភិបាល ដើម្បី​បញ្ចូល​រូបភាព​អ្នកជំងឺ​ក្នុង​សកម្មភាព​វីដេអូ​វះកាត់​ជាដើម។

នាយកដ្ឋាន​ព័ត៌មានវិទ្យា​សរសេរ​លើ​ហ្វេសប៊ុកថា «កម្មវិធី​នេះ​ក៏ត្រូវ​ប្រើប្រាស់​ក្នុង​ការបង្កើត​វីដេអូ​សិប្បនិម្មិត​របស់​គ្រូឧទ្ទេស ក្នុង​កម្មវិធី​បណ្តុះបណ្តាល (Video Training) ប្រើប្រាស់​ក្នុង​កម្មវិធី​លក់​ទំនិញ​អនឡាញ ដើម្បី​អនុញ្ញាត​ឱ្យ​អតិថិជន​ធ្វើការ​សាកល្បង​ទំនិញ តួយ៉ាង​សម្លៀកបំពាក់ ប្រើប្រាស់​ក្នុង​គោលបំណង​ផ្តល់​ការកម្សាន្ត​សប្បាយផ្សេងៗ»។

ចំណែក​គុណវិបត្តិ​វិញ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ជនខិលខូច​​ក្នុង​ការបន្លំ​រូបភាព ឬ​វីដេអូ មួល​បង្ខូច​កិត្តិយស​ជនរងគ្រោះ។ ប្រើប្រាស់​ក្នុង​ការបន្លំ​រូបភាព វីដេអូ និង​សំឡេង យក​ជា​មធ្យោបាយ​ឆបោក​ប្រាក់ បន្លំ​ផ្ទេរប្រាក់ ឬ​លួច​ព័ត៌មានផ្សេងៗ និង​ប្រើប្រាស់​ជា​មធ្យោបាយ​ក្នុង​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​ផងដែរ។

នាយកដ្ឋាន​ព័ត៌មានវិទ្យា​រំឭកថា បច្ចេកទេស DeepFake ត្រូវបាន​ស្រាវជ្រាវ​ចាប់តាំងពី​អំឡុង​ឆ្នាំ ១៩៩៧ ដែល​ដំបូង​មាន​ឈ្មោះថា "Video Rewrite Program" រហូតដល់​អំឡុង​ឆ្នាំ ២០១៧ បច្ចេកវិទ្យា DeepFake បាន​ល្បី​ពេញ​ពិភពលោក និង​ត្រូវបាន​បង្កើតជា​កម្មវិធីផ្សេងៗ ដោយ​ក្រុមហ៊ុន​ផលិត​កម្មវិធី​កុំព្យូទ័រ និង​ទូរស័ព្ទដៃ (ឧទាហរណ៍៖ កម្មវិធី FakeApp FaceApp FaceSwap DeepFaceLab DeepNude។ល)។

លើសពីនេះ​នៅ​ឆ្នាំ ២០១៨ អ្នកស្រាវជ្រាវ​មួយរូប​នៅ​សាកលវិទ្យាល័យ​កាលីហ្វ័រនីញ៉ា​បាន​ចុះផ្សាយ​លទ្ធផល​ស្រាវជ្រាវ​របស់ខ្លួន ស្តីពី​ការពង្រីក​សមត្ថភាព​របស់​បច្ចេកវិទ្យា DeepFake ដែល​អាច​ធ្វើការ​បន្លំ​មុខ​ក្នុង​សកម្មភាព​វីដេអូ និង​បញ្ជា​លើ​ដងខ្លួន​មនុស្ស​ទាំងមូល​តែម្តង៕

វីដេអូ៖