ភ្នំពេញៈ ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​កម្ចាត់​មេរោគ EcondLife ចំនួន ៣ គ្រឿង និង​ទឹក​បន្តក់​កម្ចាត់​មេរោគ «INCU++29» មួយចំនួន​ត្រូវបាន​ក្រុមហ៊ុន​ដាប់ប៊ែលយូខេអិល អេកូអឺស ឥណ្ឌូឆាយណា ឯ.ក ផ្តល់ជូន​ក្រសួងបរិស្ថាន ដើម្បី​ប្រើប្រាស់​ក្នុង​ការបន្សុទ្ធ​ខ្យល់ សម្លាប់​មេរោគ​ជាពិសេស​ដើម្បី​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ ១៩ នៅ​កម្ពុជា។

ពិធី​ប្រគល់​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​ និង​ទឹក​ថ្នាំ​កម្ចាត់​មេរោគ​នេះ​ធ្វើឡើង ក្រោម​អធិបតីភាព​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន និង​នាយក​ក្រុមហ៊ុន រួម​នឹង​សហការី​នៅ​រសៀល​ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២១ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន​ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ​នានា។

លោក នេត្រ ភក្ត្រា បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមហ៊ុន​ដាប់ប៊ែលយូខេអិល អេកូអឺស ឥណ្ឌូឆាយណា ឯ.ក ដែល​បាន​នាំចូល​នូវ​ផលិតផល​បន្សុទ្ធ​ខ្យល់​កម្ចាត់​មេរោគ​ប្រកប​ដោយ​បច្ចេកវិទ្យា​ខ្ពស់​មកកាន់​ទីផ្សារ​កម្ពុជា និង​បាន​ផ្តល់ជូន​ដល់​ក្រសួងបរិស្ថាន។

លោក​ថ្លែងថា តាមរយៈ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់ និង​ទឹក​ថ្នាំ​កម្ចាត់​មេរោគ​នេះ​នឹង​បង្កើន​ផាសុកភាព បរិយាកាស​សុវត្ថិភាព​ខ្ពស់​ដល់​មន្ត្រីរាជការ បំពេញការងារ ក៏ដូចជា​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​ទីស្តីការ​ក្រសួង។

បើតាម​ក្រសួង​បរិស្ថាន ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​កម្ចាត់​មេរោគ EcondLife នេះ គឺជា​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់ និង​កម្ចាត់​មេរោគ​ប្រើប្រាស់​មីក្រូឈីប​វៃឆ្លាត​ដំបូង​គេ​បង្អស់​លើ​លោក ដែល​មាន​ប្រព័ន្ធ​បញ្ចេញ​ទឹក​សំណើម​ឆាប់រហ័ស​ដោយ​កម្មវិធី​មីក្រូឈីប​ ដើម្បី​ការពារ​មនុស្ស​ពី​មេរោគ​ទាំងឡាយ រួមទាំង​វីរុស​កូរ៉ូណា​ផងដែរ។ ការ​រចនា​របស់ EcondLife គឺ​បង្កើតឡើង​ដើម្បី​ប្រើប្រាស់​ជាមួយ​ទឹក​បន្តក់​សម្លាប់​មេរោគ INC។ វា​បញ្ចេញ​សំណើម​ទឹក​ថ្នាំ Ionic Nano Copper ល្អិតៗ​ចូល​ទៅក្នុង​បរិយាកាស​ ដើម្បី​បង្អាក់​សកម្មភាព​វិវត្តន៍​នៃ​មេរោគ​ក្នុង​ខ្យល់ភ្លាម។

EcondLife អាច​គ្របដណ្តប់បាន​ដល់​ទៅ ៣០០០ ហ្វីតការ៉េ ឬ ២៧៨ ម៉ែត្រការ៉េ។ វា​អាច​សម្អាត ៦ ដង​លឿន​ជាង​ម៉ាស៊ីន​ទូទៅ និង សម្អាត​បាន​ទីតាំង​ធំ​ជាង​ម៉ាស៊ីន​ទូទៅ​ដែល​មាន​លក់​ក្នុង​ទីផ្សារ​ដល់​ទៅ ៦ ដង​ដែល​ម៉ាស៊ីន​ទូទៅ​អាច​សម្អាត​ត្រឹម ៥០០ ហ្វីតការ៉េ ឬ ៤៦ ម៉ែត្រការ៉េ។

ក្រៅពី​បង្កើត​បរិយាកាស​មួយ​ដែល​គ្មាន​ភ្នាក់ងារ​បង្ក​រោគ ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​កម្ចាត់​មេរោគ EcondLife អាច​បង្កើន​កម្រិត​អុកស៊ីហ្ស៊ែន និង​បន្ថែម​កម្រិត​សំណើម ដែល​នេះ​អាចបង្កើត​បរិយាកាស​ដ៏ស្រស់ស្រាយ និង មាន​ផាសុកភាព​មួយ សម្រាប់​ការរស់នៅ ដែល​ជា​លទ្ធផល​គឺ​វា​ជួយ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​ដល់​រាងកាយ​មនុស្ស។

ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​កម្ចាត់​មេរោគ EcondLife ក៏មាន​ប្រសិទ្ធភាព​ក្នុង​ការសម្លាប់​មេរោគ​ផ្សិត កម្ចាត់​មេរោគ​អាឡែកហ្ស៊ី សត្វល្អិត​ចង្រៃ​ និង​សត្វល្អិត​ធូលី ផ្សែង​និង​ផ្សែង​ពុល ព្រមទាំង​បំបាត់​ក្លិន​មិនល្អ​ និង​ខ្យល់ហប់​ផងដែរ៕