បន្ទាយមានជ័យ/សៀមរាប៖ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ប្រកាស​រកឃើញ​អ្នកមាន​វិជ្ជមាន​ជំងឺ​កូវីដ ១៩ ចំនួន ២១០ នាក់ និង​មាន​ករណី​ជាសះស្បើយ ២៣៤ នាក់ ខណៈ​ខេត្តសៀមរាប​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ ១៩ ចំនួន ៩២ នាក់ និង​ជាសះស្បើយ​មាន ១៦៦ នាក់ នៅ​ថ្ងៃទី ២០ ខែសីហា។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃទី ២០ ខែសីហា បង្ហាញថា​បាន​រកឃើញ​វិជ្ជមាន​កូវីដ ១៩ ដែលជា​ករណី​ឆ្លង​នៅក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ និង​ពលករ​វិលត្រឡប់​ពី​ប្រទេស​ថៃ​ដែល​ស្ថិតក្នុង​ការគ្រប់គ្រង​របស់​ខេត្ត​លើ​បុរស ស្ត្រី​ជនជាតិ​ខ្មែរ​ចំនួន ២១០ នាក់​នៅ​ថ្ងៃទី ២០ ខែសីហា។

ជាមួយ​គ្នា​នោះ រដ្ឋបាលខេត្ត​នេះ​បាន​បង្ហាញ​ពី​ចំនួន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូវីដ ១៩ ចំនួន ២៣៤ នាក់ ដោយ​យោងតាម​លទ្ធផល​តេស្ត​រហ័ស និង​មន្ទីរពិសោធន៍​ជាតិ​ភ្នំពេញ នៅ​ថ្ងៃទី ១៩ ខែសីហា​ផងដែរ។

ក្នុង​សេចក្តី​ជូនដំណឹង​សរសេរថា «រដ្ឋបាលខេត្ត​សូម​ជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់ សូម​រួសរាន់​មកជួប​ក្រុមគ្រូពេទ្យ និង​ធ្វើ​ចត្តាឡីស័ក ដើម្បី​យក​សំណាក​ទៅពិនិត្យ និង​អ្នក​ប៉ះពាល់​ដោយ​ប្រយោល​ជាមួយ​អ្នកជំងឺ​ទាំង ២១០ នាក់ សូម​រួសរាន់​ធ្វើ​ចត្តាឡីស័ក​តាម​ផ្ទះ ក្នុង​ក្រុម​គ្រួសារ​រៀងៗខ្លួន ដោយ​មិនត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នកដទៃ​ជាដាច់ខាត»។

ដោយឡែក​រដ្ឋបាលខេត្ត​សៀមរាប​បាន​ប្រកាស​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ ១៩ ចំនួន ៩២ នាក់ ខណៈ​អ្នកជា​សះស្បើយ​មាន ១៦៦ នាក់។ ក្នុង​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃទី ២០ ខែសីហា រដ្ឋបាល​ខេត្តសៀមរាប​បញ្ជាក់ថា អ្នកជា​សះស្បើយ​ទាំង ១៦៦ នាក់ ក្រុម​គ្រូពេទ្យ​បានអនុញ្ញាត​ឱ្យចេញ​ទៅផ្ទះ ដោយ​ត្រូវ​បន្តធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤ ថ្ងៃ​ទៀត។

គិត​ត្រឹម​ថ្ងៃទី ២០ ខែសីហា​នេះ ខេត្តសៀមរាប​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ ១៩ ចំនួន ៦ ៩២១ នាក់ បាន​ព្យាបាល​ជាសះស្បើយ​ចំនួន ៥ ២០៧ នាក់ ស្លាប់ ៧៥ នាក់ និង ១ ៦៣៩ នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប មណ្ឌល​ចត្តាឡីស័ក​គរុកោសល្យ និង​វិក្រិតការ​ខេត្ត វិទ្យាល័យ​អង្គរ វិទ្យាល័យ​ ហ៊ុន សែន​វត្ត​ស្វាយ វិទ្យាល័យ​ក្រឡាញ់ វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​ពួក និង​វិទ្យាល័យ​ដំ​ដែក៕