កោះកុង៖ រដ្ឋបាលខេត្ត​កោះកុង​ប្រកាស​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើងវិញ​នូវ​ទីតាំង​ផ្សារ​ដងទង់ ស្ថិតក្នុង​សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ចាប់ពី​ថ្ងៃទី ២១ ខែសីហា​នេះ​តទៅ ប៉ុន្តែ​ត្រូវ​បន្ត​អនុវត្ត​វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត។

រដ្ឋបាលខេត្ត​កោះកុង​នៅ​ថ្ងៃទី ២០ ខែសីហា បាន​ប្រកាស​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើងវិញ​នូវ​ទីតាំង​ផ្សារ​ដងទង់ ស្ថិតក្នុង​សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ចាប់ពី​ថ្ងៃទី ២១ ខែសីហា​នេះ​តទៅ ប៉ុន្តែ​ត្រូវ​បន្ត​យកចិត្ត​ទុកដាក់​បំផុត​ក្នុង​ការពង្រឹង​ការអនុវត្ត​វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល​នានា​ឱ្យបាន​ម៉ឺងម៉ាត់។

តាមរយៈ​សេចក្តី​ជូនដំណឹង​ថ្ងៃទី ២០ ខែសីហា រដ្ឋបាលខេត្ត​នេះ​បាន​ប្រាប់​ទៅ​អ្នកម៉ៅការ​ភាស៊ី​ផ្សារ​ដងទង់ អាជីវករ ម្ចាស់​តូប​លក់ដូរ​ទាំងអស់ និង​ប្រជាពលរដ្ឋ ត្រូវ​បន្ត​ចូលរួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ គ្រប់​ប្រភេទ ជាពិសេស​ត្រូវអនុវត្ត​វិធានការ ៣ការពារ ៣កុំ ឱ្យបាន​ខ្ជាប់ខ្ជួន​ជានិច្ច។

ក្នុង​សេចក្តី​ជូនដំណឹង​សរសេរថា «ក្នុងករណី អ្នកម៉ៅការ​ភាស៊ី​ផ្សារ​ដងទង់ អាជីវករ និង​អ្នកពាក់ព័ន្ធ​ទាំងឡាយ ដែលមាន​ចេតនា​មិន​សហការ ឬ​អនុវត្ត​ផ្ទុយ​នឹង​ខ្លឹមសារ​នៃ​សេចក្តីសម្រេច​នេះ ត្រូវ​ទទួលខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន ឬ​ផ្អាក​ការលក់ដូរ​នៅក្នុង និង​ជុំវិញ​ផ្សារ​ដងទង»៕