ភ្នំពេញៈ គិត​ត្រឹម​ល្ងាច​ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២១ នេះ មាន​លោកតា​លោកយាយ​វ័យ​ចាប់ពី ១០០ ឆ្នាំ​ដល់ ១១៣ ឆ្នាំ ចំនួន ៦៤ នាក់​ក្នុង​នោះ​មាន​លោកយាយ​ចំនួន ៣៩ នាក់​បាន​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ នៅ​ទូទាំងប្រទេស​កម្ពុជា ខណៈ​ត្រឹម​ថ្ងៃទី ២០ ខែសីហា​ពលរដ្ឋ​ទូទាំង​ប្រទេស​ជាង ៩,៥ លាន​នាក់​បាន​ចាក់​វ៉ាក់សាំង។

នេះ​បើតាម​លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស (គ.វ.ក-១៩) ថ្លែង​ឱ្យដឹង​ក្នុងពេល​នាំយក​អំណោយ និង​ថវិកា​របស់​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ប្រគល់ជូន​ដល់​លោកយាយ​វ័យ ១០០ ឆ្នាំ ដែល​ស្ម័គ្រចិត្ដ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ នៅ​ស្រុក​រមាសហែក ខេត្តស្វាយរៀង​នា​ល្ងាច​នេះ។

លោកស្រី​បាន​ថ្លែងថា៖ «ខ្ញុំ​សូម​គោរព​អនុញ្ញាត​ជម្រាប​ជូន​ថា មក​ដល់​ត្រឹម​ថ្ងៃនេះ (ថ្ងៃទី ២១ ខែ​សីហា ឆ្នាំ ២០២១) គឺ​យើង​បាន​ជួប​លោកតា លោកយាយ ដែល​មាន​វ័យ​ចាប់ពី ១០០ រហូតដល់​វ័យ ១១៣ ឆ្នាំ​គឺ​យើង​បាន ៦៤ នាក់​ ហើយ​ក្នុង​ចំណោម ៦៤ នាក់​នេះ គឺ​ចំនួន ៣៩ នាក់​ជា​ស្ដ្រី»។

លោកស្រី​បញ្ជាក់ថា៖ «អ្វីដែល​ជា​ការកត់សម្គាល់​ពួកគាត់​ទាំងអស់ គឺ​ស្ម័គ្រចិត្ដ​ទៅ​ចាក់​វ៉ាក់សាំង​ដោយ​ខ្លួន​គាត់​តែម្ដង ដោយ​មិនមាន​អ្នកណា​ទៅ​បង្ខិតបង្ខំ​ពួកគាត់​ទេ។ ជាក់ស្ដែង​ដូច​លោកយាយ​នៅទីនេះ​ស្រាប់ គាត់​ទារ​កូនចៅ​គាត់​ទៅ​ចាក់​វ៉ាក់សាំង​តែម្ដង ដោយ​គាត់​យល់ឃើញ​ថា វ៉ាក់សាំង​នេះ​នឹង​ជួយ​ដល់​សុខភាព​របស់គាត់ ក៏ដូចជា​ជួយ​ការពារ​សរីរាង្គ​របស់​គាត់​ឱ្យ​មាន​ភាពមាំទាំ​ល្អ»៕