ភ្នំពេញៈ រដ្ឋាភិ​បាល​ចិន ​និង​សមា​គម​ជាតិ​កាក​បាទ​ក្រហម​ចិន​បាន​ផ្ដល់​ជំនួយ​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ ​១៩​ ​ប្រភេទ​ស៊ី​ណូ​ហ្វាម​សរុប​ ៦០ ​ម៉ឺន​ដូស ដល់ប្រ​ទេស​កម្ពុជា​​ ​ដែល​តាម​គម្រោង​នឹង​ដឹក​តាម​ជើង​យន្ត​ហោះ​ម​ក​ដល់​រាជធានីភ្នំពេញ ​នៅ​ថ្ងៃទី ​២​៣ ​ខែ​សីហា​នេះ​។​

សមា​គម​ជាតិ​កាក​បាទ​ក្រហម​ចិន​ ​បាន​ផ្តល់​ជា​ជំនួយ​នូវ​វ៉ាក់​សាំង​កូវីដ ​១៩ ​ប្រភេទ​ស៊ីណូ​ហ្វាម​ចំនួន​ ១០​ ម៉ឺន​ដូស​មក​ដល់​កាក​បាទ​ក្រហម​កម្ពុជា​ ទន្ទឹម​គ្នា​នោះ​ដែរ​ ​​រដ្ឋាភិ​បាល​និង​ប្រជា​ជន​ចិន​ក៏​បាន​ផ្តល់​នូវ​វ៉ាក់​សាំង​ប្រភេទ​ដូច​គ្នា​នេះ​​​ចំនួន​ ៥ ០​ម៉ឺន​ដូស​ មក​ដល់​រាជ​រដ្ឋាភិ​បាល​កម្ពុជា​តាម​រយៈ​ក្រសួង​ការពារ​ជាតិ​។​

យោង​តាម​​ទូរ​ទស្សន៍​ជាតិ​កម្ពុជា ផ្សាយនៅ​ថ្ងៃទី​ ២២ ខែ​សីហា ​បាន​ឱ្យ​ដឹង​ថា​ ​វ៉ាក់​សាំង​កូវីដ​ ១៩ ​ស៊ីណូ​ហ្វា​ម​ចំនួន ​១០​ ម៉ឺន​ដូស​ នឹង​ដឹក​មក​ដល់​កម្ពុជា​នៅ​រសៀល​ថ្ងៃ​ចន្ទ​ ​ដែលពិធី​ប្រគល់​និង​ទទួល​អំណោយ​វ៉ាក់​សាំង​នេះ​នឹង​ប្រព្រឹត្ត​ទៅ ​ក្រោម​អធិប​តី​ភាព​លោក​ស្រី ​ប៊ុន​ រ៉ានី​ ​ហ៊ុន​សែន​ និង​លោក​ ​វ៉ាង​ ​វិន​ធាន​ ​ឯក​អគ្គ​រដ្ឋ​ទូត​ នៃ​សា​ធារ​ណ​រ​ដ្ឋ​ប្រជា​មានិត​ចិន​ប្រចាំ​កម្ពុជា នៅ​អាកាស​យាន​ដ្ឋាន​អន្ដរ​ជា​តិ​ភ្នំ​ពេញ​។

ទន្ទឹម​នឹង​នេះ​ដែរ​ ​នៅ​ព្រឹ​ក​ថ្ងៃ​ទី​ ២៣ ​ខែ​សីហា​នេះ​ រ​ដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ លោក​ ​ទៀ ​បាញ់ ​និង​ឯក​អ​គ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​កម្ពុជា​ ​លោក ​វ៉ាង​ វិន​ធាន​ ក៏​នឹង​​ទៅ​ទទួល​វ៉ាក់​សាំង​កូវីដ​ ១៩​ ស៊ី​ណូ​ហ្វាម ​ចំនួន ​៥០ ​ម៉ឺន​ដូស​ផង​ដែរ​ ដែល​រដ្ឋា​ភិបាល​និង​ប្រជា​ជន​នៃ​សាធារ​ណ​រដ្ឋ​ប្រ​ជា​មានិត​ចិន​បាន​ផ្តល់​មក​កម្ពុជា​។​

យោង​តាម​លិខិត​របស់​លោក​ ​ប៉ាង​ ​ធារ៉ូ​ ​អនុ​ប្រធាន​គណៈ​កម្ម​ការ​ចំ​ពោះ​កិច្ច​ចាក់​វ៉ាក់​សាំង​កូវីដ​ ១៩​ នៃ​កង​យោធ​ពល​ខេម​រ​ភូមិន្ទ ​នៅ​ថ្ងៃទី ​២០​ ​ខែ​សីហា​នេះ​ បាន​ឱ្យ​ដឹ​ង​ថា​ ​វ៉ាក់​សាំង​កូវីដ​ ១៩​ ប្រភេទ​ស៊ី​ណូ​ហ្វាម​ ​(Sinopharm)​ ចំនួន​ ៥០​ ម៉ឺន​ ​នឹង​ដឹក​មក​ដល់​ប្រ​ទេស​កម្ពុជា​ ​នៅ​ថ្ងៃ​ចន្ទ​​​នេះ​។​

​លោក​បាន​បញ្ជាក់​ថា​ ​ក្នុង​ពិធី​ប្រគល់​ទទួ​ល​វ៉ាក់​សាំង​នេះ​ ​តម្រូវ​ឱ្យ​អ្នក​ចូល​រួម​ទាំង​អស់​ធ្វើ​តេស្ត​រហ័ស​ ​(​Rapid Test)​ ដើម្បី​រក​មេរោគ​កូវីដ​ ១៩​ ផង​ដែរ​។​

អ្នក​នាំ​ពា​ក្យ​ក្រសួង​សុខាភិ​បាល​ ​និង​ជា​ប្រធាន​គណៈ​កម្ម​ការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់​សាំង​កូវី​ដ ​១៩​ ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំ​ង​ប្រទេស​លោក​ស្រី ​ឱ ​វណ្ណ​ឌី​ន​ បាន​ថ្លែង​នា​ព្រឹ​ក​ថ្ងៃ​ទី​ ២០​ ​ខែ​សីហា​ ក្នុ​​ង​ពេល​ចុះ​យក​ថវិកា ​និង​សម្ភារៈ​មួយ​ចំនួន​ជូន​លោក​យាយ​អាយុ​ ១​០៨ ​ឆ្នាំ​ ក្នុង​ខេត្ត​រតន​គិរី​ដែល​បាន​ចាក់​វ៉ាក់​សាំង​កូ​វី​ដ​ ១៩​ ថា​ ​ប្រទេស​កម្ពុជា​ បាន​ទទួល​វ៉ាក់​សាំង​កូវីដ​ ១៩ ​ពី​ប្រទេស​ចំនួន​ ៥​ ​ដែល​មាន​ប្រភេទ​វ៉ាក់​សាំង​ចំនួន ​៦​។​

លោក​ស្រី​បាន​បញ្ជាក់​ពី​វ៉ាក់​សាំង​ទាំង​នោះ​ថា​ វ៉ាក់​សាំង​ស៊ីណូ​ហ្វាម​ដែល​រាជ​រដ្ឋាភិ​បាល​កម្ពុជា​បា​ន​ប​ញ្ជា​ទិញ​បាន​ចំនួន​ប្រមាណ​ជាង ​៧ ​លាន​ដូស​ ​វ៉ាក់​សាំង​ស៊ីណូ​វ៉ាក់​ចំនួន​ជាង​ ១៤​ លាន​ដូស​ ​វ៉ាក់​សាំង​កូវីសែ​ល​ចំនួន​ ៣២​ ៤០០០ ​ដូស​ វ៉ាក់​សាំង ​AstraZeneca​ ចំនួន​ ១,​៧​ លា​ន​ដូស​ពី​ប្រទេស​ជប៉ុន​ វ៉ាក់​សាំង ​AstraZeneca​ ចំនួន​ ៤២​៥ ០០០​ ដូស​ពី​ចក្រ​ភព​អង់​គ្លេស​ និង​វ៉ាក់​សាំង​ចន​ស៊ុន​ចន​ស៊ុន​ចំនួ​ន​ជាង ​១ លាន​ដូស​ពី​សហ​រដ្ឋ​អា​មេរិ​ក​។​

រាជ​រដ្ឋាភិ​បាល​ម្ពុជា​ ​មាន​គោល​ដៅ​ចាក់​វ៉ាក់​សាំង​កូវី​ដ​ ១៩​ ទៅ​ដល់​ប្រជា​ជន​ដែល​មាន​អាយុ​ចាប់​ពី​ ១៨ ​ឆ្នាំ​ឡើង​ទៅ​ឱ្យ​បាន ​១០​ លាន​នាក់​ នៅ​ក្នុង​ខែ​តុលា​ ឬ​ដើម​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ ដែល​គិត​ត្រឹម​យប់​ថ្ងៃទី​ ២១​ ខែ​សីហា​ ​ប្រជាព​ល​រដ្ឋ​ជាង​៨,​៦​លា​ន​នាក់​ឬ​ជាង ​៨០%​ ​បើ​ធៀប​នឹង​ចំនួន​ប្រជា​ជន​គោល​ដៅ ១០​ លាន​នាក់​បាន​ចាក់​វ៉ាក់​សំាង​កូវីដ​ ១៩​។​

​ជា​មួយ​គ្នា​នេះ​ដែរ​ ​រាជ​រដ្ឋាភិ​បាល​ក៏​បាន​​សម្រេច​ចាក់​ដូស​ទី​៣ ​ឬ​ដូស​ជំរុញ​បាន​ជិត ​៤៨ ​ម៉ឺន​នាក់​ផង​ដែរ​ ​ខណៈ​ដែល​​​​យុទ្ធនា​ការ​ចាក់​ជូន​ក្រុម​មនុស្ស​ដែល​មាន​អាយុ​ចាប់​ពី​អាយុ​ ​១២​ ​ឆ្នាំ​ ​ដល់​អាយុ​ ក្រោម​ ១​៨​ ឆ្នាំ​ បាន​ចំនួន​ជាង​ ៩២​ ម៉ឺន​នាក់​ផង​ដែរ​៕​​​