កំពង់​ឆ្នាំងៈ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង បាន​បញ្ជូន​ជនសង្ស័យ ២ នាក់ ទៅ​តុលាការ​ពាក់ព័ន្ធ​​ករណី​ដឹកជញ្ជូន​ឈើប្រណិត​ប្រភេទ​ធ្នង់ និងសុ​ក្រម ដោយ​គ្មាន​លិខិតអនុញ្ញាត។

លោក ឌិន សំបុ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​មូលដ្ឋាន ស្រុក​ទឹកផុស បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃអាទិត្យ​ ទី​ ២២ ​សីហា​​ថា កាលពី​ព្រឹក​​ថ្ងៃទី ២១ ​សីហា​ កម្លាំង​របស់លោក បានធ្វើការ​បង្ក្រាប​ចាប់​រថយន្ត​ដឹកឈើ​ប្រណិត​មួយគ្រឿង និងមនុស្ស​ ២ នាក់ បន្ទាប់ពី​ពួកគេបាន​ព្យាយាម​បើក​រត់គេច​ពី​ចំណុច​ត្រួតពិនិត្យ​ របស់​សមត្ថកិច្ច ឃុំ​ជៀប ស្រុក​ទឹកផុស។

លោក​បញ្ជាក់ថា៖ «នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នោះ​ កម្លាំង​របស់លោក បាន​បើករថយន្ត ២ គ្រឿង តាម​ប្រដេញ​ស្ទាក់ចាប់ រថយន្តរ​បស់ជនស​ង្ស័​យ ហើយ​ត្រូវ​ក្រុម​ជនសង្ស័យ​ បើ​កបំ​បុក​ និង​កៀរ​រថយន្ត​របស់​កង​កម្លាំង​យើង បណ្ដាល​ឲ្យ​ខូចខាត​ទាំង ២គ្រឿង​យ៉ាងដំណំ។ បន្ទាប់មក​រថយន្តរ​បស់​ជនសង្ស័យ បាន​ជាប់ផុង​ទៅមុខ​លែងរួច ទើប​កម្លាំង​យើង​ចាប់បាន ទាំង​មនុស្ស​និង​វត្ថុតាង»។

លោក សំបុ​ន បាន​​​ឲ្យ​ដឹងផង​ដែរ​ថា ក្រោយពី​បង្ក្រាប​ចាប់​ជនសង្ស័យ​ទាំង ២ និងវត្ថុតាង រថយន្ត​ម៉ា​ធន់​ដ្រា​មួយគ្រឿង ដែល​ផ្ទុក​ពេញ​ដោយ​ឈើប្រណិត ប្រភេទ​សុក្រ​ម និងធ្នង់ រួចកម្លាំង​របស់លោក ក៏បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង ទៅកាន់​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង ដើម្បី​ចំណាត់​ការបន្ត​ទៅតាម​នី​តិ​វិធី​ច្បាប់ ។

ជុំវិញ​ករណីនេះ លោក ហង្ស សុជាតិ ប្រធាន​មន្ទីរ​យុ​ត្តី​ធម៌​កងរាជអាវុធហត្ថ​ខេត្ត កំពង់ឆ្នាំង បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ជនសង្ស័យ​ក្នុង​សំណុំ​​រឿង​បទល្មើស ដឹកជញ្ជូន​អនុផល​ព្រៃឈើ ខុសច្បាប់ ទាំង ២ នាក់​នោះ ត្រូវបាន​បញ្ជូនទៅ​តុលាការខេត្ត​កំពង់ឆ្នាំង កាលពី​វេលា​ម៉ោង ១១ ព្រឹក ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២១ ដើម្បី​ចំណាត់​ការបន្ត​តាម​នីតិវិធី​ច្បាប់។

លោក​បាន​ថ្លែងថា៖ «នៅពេលនេះ ជនសង្ស័យ​ទាំង ២ ត្រូវបាន​តុលាការ បង្គាប់​ឲ្យ​នាំ​ត្រឡប់ មកកាន់​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​យើង​សិន ដើម្បី​រង់ចាំ​ការសួរចម្លើយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​​ទៀត»។

បើតាមលោក ​សុជាតិ ឈើ​ដែល​ជនសង្ស័យ​បាន​បង្កប់​នៅក្នុង​រថយន្ត​ស៊េរី​ទំនើប​នោះ មាន​ទម្ងន់​ជាង១២០០គីឡូក្រាម ។ លោកបន្តថា សកម្មភាព​របស់​ក្រុម​ជនសង្ស័យ​ទាំង២ ត្រូវបាន​អ្នកភូមិ​រាយការណ៍​ថា​ បាន​ចូលមក​ប្រមូល​ឈើ​ពី​ក្នុងព្រៃ​នៃ​តំបន់​ឃុំ​ជៀប ជាច្រើនលើក​មកហើយ៕