
ផ្សារណាត់ក្នុងខេត្តបាត់ដំបងដែលត្រូវបានបិទនាពេលកន្លងមក ក្នុងការបង្ការការឆ្លងកូវីដ ១៩។ រូបថត សហការី
បាត់ដំបងៈ រដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី ២២ ខែសីហា បានសម្រេចបើកឱ្យដំណើរការឡើងវិញនូវផ្សារចំនួន ៥៩ ទីតាំង នៅក្នុងក្រុងនិងស្រុក ដែលបិទជាបណ្ដោះអាសន្ននាពេលកន្លងមក ក្នុងគោលបំណងទប់ស្កាត់និងបង្ការ ការឆ្លងរីករាលដាលនូវជំងឺកូវីដ ១៩ ប៉ុន្តែនៅតែបន្តយ៉ាងម៉ឺងម៉ាត់ អនុវត្តនូវវិធានការសុខាភិបាល។
លោក សឿម ប៊ុនរិទ្ធិ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានថ្លែងឱ្យដឹងថា៖ «យើងស្នើឲ្យបងប្អូនអាជីវករ ក៏ដូចជា ប្រជាពលរដ្ឋដែលមកកាន់ទីផ្សារហ្នឹង គឺត្រូវបន្តអនុវត្តវិធានការសុវត្ថិភាពនៃសុខាភិបាលឲ្យបានម៉ឺងម៉ាត់ ហើយក្នុងនោះត្រូវមានកាតព្វកិច្ចពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាព និងធ្វើអនាម័យសម្អាតមេរោគ ធ្វើការវាស់កម្តៅ និងជាពិសេសអនុវត្ត ៣កុំ៣ការពារ របស់រាជរដ្ឋាភិបាល»។
យោងតាមលិខិតរបស់ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងនៅថ្ងៃទី ២១ ខែសីហា បានប្រកាសនិរាករណ៍ សេចក្តីសម្រេច កាលពីថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២១ របស់រដ្ឋបាលខេត្តបាត់ដំបង ស្តីពីការបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង។
ទៅយ៉ាងណាក៏ដោយ នៅថ្ងៃទី ២១ ខែសីហា នៅខេត្តបាត់ដំបងមានរកឃើញអ្នកឆ្លងកូវីដ ១៩ រហូតដល់ ៩៨ នាក់ ខណៈអ្នកជាសះស្បើយមានតែ ១៥៤ នាក់ប៉ុណ្ណោះ និងមានអ្នកស្លាប់ ២ នាក់ផងដែរ។
លោក ប៊ុនរិទ្ធិ ថ្លែងថា៖ «យើងសម្រេចបើកផ្សារឡើងវិញគឺ ដើម្បីឱ្យមានលំហូរសេដ្ខកិច្ចក្នុងខេត្តឡើងវិញ ព្រោះបើបន្តបិទយូរពេកនាំឱ្យមានផលប៉ះពាល់ហិរញ្ញវត្ថុរបស់ពលរដ្ឋខ្លាំង ប៉ុន្តែត្រូវអនុវត្តវិធានសុខាភិបាលឱ្យបានម៉ឺងម៉ាត់បំផុត»។
ក្នុងពេលទន្ទឹមគ្នានោះដែរ នៅខេត្តកោះកុងក៏បានប្រកាសអនុញ្ញាតឲ្យបើកដំណើរការឡើងវិញនូវទីតាំងផ្សារដងទង់ ស្ថិតក្នុងសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ចាប់ពីថ្ងៃទី ២១ ខែសីហានេះតទៅ ដោយត្រូវបន្តអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាលឲ្យបានម៉ឺងម៉ាត់បំផុតផងដែរ។
តាមរយៈសេចក្តីជូនដំណឹងថ្ងៃទី ២០ ខែសីហា រដ្ឋបាលខេត្តនេះ បានសរសេរថា៖ «ក្នុងករណី អ្នកម៉ៅការភាស៊ីផ្សារដងទង់ អាជីវករ និងអ្នកពាក់ព័ន្ធទាំងឡាយ ដែលមានចេតនាមិនសហការ ឬអនុវត្តផ្ទុយ នឹងខ្លឹមសារនៃសេចក្តីសម្រេចនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ឬផ្អាកការលក់ដូរនៅក្នុង និងជុំវិញផ្សារដងទង»៕