មណ្ឌល​គិរីៈ ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច បាន​ជួយ​រំដោះ​សត្វ​អ​ន្ស​ង​កន្ទុយ​វែង​មួយ​ក្បាល ដែល​ក្រុម​ព្រាន​បាន​ទម្លាក់ ចោល​នៅក្នុង​ព្រៃ​នៃ​ភូមិសាស្ត្រ​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ជាមួយ​សម្ភារ​ចាប់​សត្វព្រៃ​មួយចំនួនទៀត ហើយ​រត់គេច​ខ្លួន ក្រោយពី​ប្រទះ​ឃើញ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដែល​បាន​ចុះ​ល្បាត នៅក្នុង​តំបន់​នោះ។

លោក ព្រំ វិបុល​រតនៈ នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃអាទិត្យ​ថា កាលពី​រសៀល​ថ្ងៃ​សៅ​រិ៍ ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស បាន​ចុះ​ល្បាត​ព្រៃ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ហើយ​បាន​ប្រទះឃើញ​ក្រុម​ជន សង្ស័យ ៤ នាក់ មាន​ស្ពាយ​សាក់​កាដូ​ជាប់​ខ្លួន​កំពុង​បណ្ដើរ​ឆ្កែ តាម​ប្រដេញ​ចាប់​សត្វព្រៃ​នៅក្នុង​តំបន់​ស្នូល​នៃ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច ហើយ​នៅពេល​នោះ ក្រុម​ជនសង្ស័យ​ ក៏បាន​ប្រទះឃើញ​ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស​។

លោក​​បញ្ជាក់ថា៖ «ពួកគេ​បាននាំគ្នា​ទំលាក់​សាក់​កាដូរ​ចោល ហើយ​នាំគ្នា រត់គេចខ្លួន​ចូលទៅក្នុង​ព្រៃ​បាត់ទៅ។ បន្ទាប់មក​ក្រុមមន្ត្រី​ល្បាត​របស់​យើង​ក៏បាន​ទៅ​ឆែកឆេរ​សាក់​កាដូរ​របស់​ពួកគេ ឃើញ​មាន​សត្វ​អ​ន្ស​ង​កន្ទុយ​វែង​មួយ​ក្បាល មង​ប្រើ​សម្រាប់​ទាក់​ចាប់​សត្វព្រៃ​មួយ​ដៃ​ប្រវែង ៦០ ម៉ែត្រ និង​អន្ទាក់​ចាប់​សត្វព្រៃ​ចំនួន ៥០ អន្ទាក់ រួមទាំង​ម៉ូតូ​កែច្នៃ​គ្មាន​ស្លាក​លេខ​ចំនួន ២ គ្រឿង»។

បើតាម​លោក រតនៈ ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស បាន​ដោះលែង​សត្វ​អ​ន្ស​ង​កន្ទុយ​វែង​នោះ​ចូលទៅក្នុង​ព្រៃ​វិញ ក្រោយ​ពិនិត្យឃើញ នៅមាន​ជីវិត និង មិនមាន​ស្នាមរបួស​អ្វី​នោះ។ ចំណែក​វត្ថុតាង ម៉ូតូ​កែច្នៃ មង និង​អន្ទាក់​ចាប់​សត្វព្រៃ​ទាំងនោះ ត្រូវបាន​នាំយក​ទៅ​រក្សា​ទុកជា​បណ្ដោះ​អាសន្ន នៅ​ស្នាក់ការ​បរិស្ថាន​ DA អូរ​ច្បារ ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលា​ការ។

បើ​តាម លោក រតនៈ​ បច្ចុប្បន្ន នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច មិនមាន​ករណី​បទល្មើស​កាប់បំផ្លាញ​ព្រៃឈើ​កើត​ឡើង​​ទៀត​ទេ ប៉ុន្តែ​បទល្មើស​បរបាញ់ និង ដាក់​អន្ទាក់​ចាប់​សត្វព្រៃ​នៅតែ​បន្ត​កើតមាន​គួរ​ឲ្យ​បារម្ភ ។

លោក​​និយាយថា៖«រៀងរាល់​​ ៤ ទៅ ៥ ថ្ងៃ​ម្ដង មន្ត្រី​ឧ​ទ្យា​នុ​រក្ស​យើង​បាន​រុក​រកឃើញ​និង​ដោះ​បាន​មិនតិចជាង៥០អន្ទាក់​ឡើយ។​ អន្ទាក់​ភាគច្រើន ​ត្រូវ​បាន​រក​ឃើញ​នៅតាម​ដងអូរ និង ថ្លុក ត្រពាំង ដែល​សំបូរ​ដោយ​ព្រៃរបោះ»៕