ភ្នំពេញៈ សមត្ថ​កិច្ច​បាន​ឃាត់​មនុស្ស​ធ្វើ​ការ​អប់រំ​និង​ពិន័យ​ចំនួន​ ៤១៤​ នាក់​ និង​ឃាត់​យាន​យន្ត ២២៤ ​គ្រឿង ពាក់​ព័ន្ធ​ករណី​ល្មើស​វិធាន​ការ​រដ្ឋ​បាល និង​វិធានការ​សុខា​ភិបាល។ នេះ​បើតាម​ការប្រ​កាស​របស់ គណៈ​កម្មការ​អន្តរ​ក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ (គ.អ.ក)​នៅព្រឹក​នេះ​។

តាម​សេចក្តី​ជូន​ដំណឹង (គ.អ.ក) នៅ​ព្រឹក​ថ្ងៃទី ២៣ ​ខែសីហា​នេះ​ បាន​ឲ្យ​ដឹង​ថា សមត្ថ​កិច្ច​បាន​ឃាត់​ រថយន្ត​ ៦៨​ គ្រឿង ម៉ូតូ ១២៦ ​គ្រឿង និង​ឃាត់​ខ្លួន​មនុស្ស​ធ្វើការ​អប់រំ​ និង​ពិន័យ​ចំនួន ៤១៤​ នាក់ នៅ​ថ្ងៃទី ​២២ ខែសីហា ​ពាក់​ព័ន្ធ​ករណីនឹង​បទ​ល្មើស​វិធាន​ការ​រដ្ឋបាល​ និង​វិធាន​ការ​សុខាភិបាល​ល ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​ ១៩​ នៅ​ថ្ងៃ​ទី​ ២២​ ខែ​សីហា​។

ក្នុង​សេចក្តី​ជូន​ដំណឹង​បាន​បញ្ជាក់​ថា នៅថ្ងៃ​ដដែល​នោះ សមត្ថ​កិច្ច​បាន​អនុវត្ត​វិធាន​ការ​ច្បាប់​ចំនួន ២២២ ក​រណី និង​ផ្សព្វ​ផ្សាយ​ច្បាប់​ទៅលើ​ទីតាំង​សរុប​ចំនួន ៨៨៦ កន្លែង​ និង​ពិន័យ​ជាប្រាក់​បាន​ចំនួន​ ៤ ២០០ ០០០ រៀល៕