ភ្នំពេញៈ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​បញ្ជូន​ផលិតផល​មី Nam Vang Noodle ដែល​ក្លែង​យកឈ្មោះ​ទីក្រុង​ភ្នំពេញ និង​ដាក់​រូបសញ្ញា ប្រាសាទ​អង្គរវត្ត ​ដាក់​លើ​ផលិតផល​របស់ខ្លួន​ដោយ​គ្មាន​ការអនុញ្ញាត​ទៅ​ក្រសួង​ពាណិជ្ជកម្ម​ធ្វើការ​ស្រាវជ្រាវ និង​មាន​វិធានការ​តាម​ផ្លូវច្បាប់​។

លោក​ ឡុង ប៉ុណ្ណាសេរីវត្ថ ​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២២ ​សីហា ថា​ពាក់ព័ន្ធ​នឹង​ផលិតផល​មី Nam Vang Noodle មានឈ្មោះ​ទីក្រុង​ភ្នំពេញ និង​រូប​ប្រាសាទអង្គរវត្ត​នៅលើ​សម្បក​កញ្ចប់​នេះ ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា និង​អ្នក​ពាក់ព័ន្ធ​ធ្វើការ​សិក្សា រកឃើញ​ថា មិន​ធ្លាប់មាន​ពីមុន​ទេ​។

ក្រសួង​បាន​បញ្ជូន​របាយការណ៍​នេះ​ទៅ​ក្រសួង​ពាណិជ្ជកម្ម​រួចហើយ​។ ក្រសួង​ពាណិជ្ជកម្ម​ក៏​កំពុង​ធ្វើ​កិច្ចការ​ស្រាវជ្រាវ​លើ​ករណី​នេះដែរ​។ ផលិតផល​នេះ ត្រូវបាន​ដាក់តាំង​លក់​នៅក្នុង​សហរដ្ឋអាមេរិក​។

បើតាម​លោក ប៉ុណ្ណាសេរីវត្ថ ប្រសិន​បើ​ក្រសួង​ពាណិជ្ជកម្ម​ស្រាវជ្រាវ​រកឃើញ​ច្បាស់​ថា មាន​ការក្លែងបន្លំ​ពិតប្រាកដ​មែន ក្រសួង​នឹងដាក់​លិខិត​ប្តឹងទៅ​ស្ថាប័ន​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​ការធ្វើ​ពាណិជ្ជកម្ម និង​ការក្លែង​ផលិតផល និង​អត្តសញ្ញាណ​ប្រទេសមួយ​យកទៅ​ដាក់​លើ​ស្លាក​សញ្ញា​ផលិតផល​របស់​ខ្លួនឯង ដែល​ត្រូវ​ហាមឃាត់​តាម​អនុសញ្ញា​ទីក្រុង​ប៉ារីស​ស្តីពី​ការប្រកួតប្រជែង​ពាណិជ្ជកម្ម មិន​ស្មោះត្រង់​។

លោក ប៉ុណ្ណាសេរីវត្ថ ថ្លែងថា​៖ «​ខ្ញុំ​បាន​បញ្ជូន​ឯកសារ​នេះ​ទៅ​ក្រសួង​ពាណិជ្ជកម្ម​ហើយ រង់ចាំ​មើល​ ១ ​ថ្ងៃ ២ ​ថ្ងៃ​ទៀត ដឹង​ហើយ​»​។

ពាក់ព័ន្ធ​នឹង​ករណីនេះ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម ថ្លែងថា លោក​មិនទាន់​ទទួលបាន​ព័ត៌មាន​នៅឡើយ​ទេ ព្រោះ​កាលពី​ម្សិលមិញ​ជា​ថ្ងៃ​សម្រាក (​ថ្ងៃអាទិត្យ​)​។ ដូច្នេះ​ក្រសួង​ក៏​មិនទាន់​ដឹងថា​មាន​វិធានការ​យ៉ាងណាដែរ​។

ទោះជា​យ៉ាងណា​លោក​ថា បើសិន​ជា​មាន​ករណី​ក្លែងបន្លំ​យក​រូប​អត្តសញ្ញាណ​ជាតិ​របស់​ប្រទេស​កម្ពុជា​ទៅ​ប្រើប្រាស់​ដោយ​មិនមាន​ការអនុញ្ញាត​ពិតប្រាកដ​មែន ក្រសួង​ពាណិជ្ជកម្ម​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។

លោក​បញ្ជាក់ថា​៖ «​ប្រសិនបើ​មាន​ការរំលោភបំពាន​ម៉ាក​ដែល​បាន​ចុះបញ្ជី​រួចហើយ​ ឬ​ការរំលោភបំពាន​ទៅលើ​និមិត្តសញ្ញា ដែល​មាន​លក្ខណៈ​ជាតិ​យើង​ត្រូវតែ​មាន​វិធានការ​ហើយ ប៉ុន្តែ​ករណីនេះ​យើង​មិនទាន់មាន​ព័ត៌មាន​ទេ ហើយ​មិនដឹងថា អ្នកណា​គេ​បាន​ប្រើប្រាស់​។ ចាំ​ថ្ងៃ​ចន្ទ​បើ​មាន​ព័ត៌មាន​លម្អិត ចាំ​ខ្ញុំ​ប្រាប់​វិញ​»​។

បើតាម​លោក ប៉ែន សុវិជាតិ កន្លងមក ក្រសួង​ពាណិជ្ជកម្ម​ក៏​ធ្លាប់បាន​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​ទៅលើ​ទំនិញ​មួយចំនួន​ដែល​ដាក់លក់​នៅលើ​ទីផ្សារ​បរទេស ដែល​ពាក់ព័ន្ធ​នឹង​រូប​សញ្ញា​ប្រាសាទអង្គរវត្ត​ផងដែរ​៕