ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ផ្ដល់​អនុសាសន៍​ឱ្យ​មន្ត្រី​បន្តការងារ​អប់រំ​ផ្សព្វផ្សាយ​អំពី​ការអនុវត្ត​វិធានការ​៣កុំ ៣ការពារ ពង្រឹង​ការអនុវត្ត​ច្បាប់ និង​ត្រូវ​ជំរុញ​ការចាក់​វ៉ាក់សាំង​ឱ្យ​បាន​តាម​គោលការណ៍​ ខណៈ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ចំណុះ​ក្រសួង​មហាផ្ទៃ ២ ១៩៨ ​នាក់​ បាន​ឆ្លង​ជំងឺ​កូវីដ​។

លោក ស ខេង ផ្ដល់​អនុសាសន៍​បែបនេះ​ក្នុង​ពេល​លោក​ដឹកនាំ​កិច្ចប្រជុំ​តាមដាន​វឌ្ឍនភាព​នៃ​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​ ១៩ របស់​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​ ២១ សីហា តាម​ប្រព័ន្ធ​វីដេអូ Zoom​។

លោក​ថ្លែងថា​៖ «​ត្រូវ​បន្តការងារ​អប់រំ​ផ្សព្វផ្សាយ​អំពី​ការអនុវត្ត​វិធានការ ៣កុំ ៣ការពារ ពង្រឹង​ការអនុវត្ត​ច្បាប់​ និង​វិធានការ និង​ជំរុញ​ការចាក់​វ៉ាក់សាំង​ឱ្យ​បាន​តាម​គោលការណ៍​ក្រសួង​សុខាភិបាល​»​។

លោក​ក៏បាន​ណែនាំ​ឱ្យ​មាន​ការផ្ដល់​ព័ត៌មាន​អំពី​សំណើ និង​សំណូមពរ​នានា​ដើម្បី​រៀបចំ​ការសម្របសម្រួល ពិសេស​ជាមួយ​ក្រសួង​សុខាភិបាល ហើយ​គ្រប់​អង្គភាព​ត្រូវធ្វើ​របាយការណ៍​ឱ្យ​ទៀងទាត់​។ លោក ស ខេង ក៏បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋលេខាធិការ​ទទួល​បន្ទុក និង​អគ្គនាយក​ពន្ធនាគារ​ក្នុង​ការងារ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​ ១៩ ក្នុង​ពន្ធនាគារ ពិសេស​ការរៀបចំ​ចាក់​វ៉ាក់សាំង​ជូន​អ្នក​ជាប់ឃុំ​។

តាម​របាយការណ៍​របស់​លោក សេង យូអ៊ាន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភ័ស្តុភារ និង​ហិរញ្ញវត្ថុ​នៃ​ក្រសួងមហាផ្ទៃ​ឱ្យដឹងថា ពាក់ព័ន្ធ​នឹង​ការឆ្លង​ជំងឺ​កូវីដ​ ១៩ គិត​ត្រឹម​ថ្ងៃទី​ ២១ សីហា មាន​ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រសួង​មហាផ្ទៃ ២ ១៩៨ ​នាក់​បាន​ឆ្លង​ជំងឺ​នេះ និង​ជាសះស្បើយ​ចំនួន​ ១ ៤៤១ ​នាក់​ កំពុង​ព្យាបាល​ ៧៣៦ ​នាក់ និង​ស្លាប់​ ២១ ​នាក់​។

លោក​បន្តថា គិត​ត្រឹម​ថ្ងៃទី​ ១៩ ខែ សីហា ឆ្នាំ​ ២០២១ ក្រសួងមហាផ្ទៃ​បានទទួល​វ៉ាក់សាំង​ពី​ក្រសួង​សុខាភិបាល ចំនួន ២០ ​លើក ស្មើនឹង ១០៧ ៣២១ ​ដូស និង​ទទួលបាន​សម្ភារ​បរិក្ខារ​មួយចំនួនទៀត​។

លោក​ឱ្យដឹងថា ក្រសួង​មហាផ្ទៃ​ក៏បាន​ទទួល​ជំនួយ​បង្ការ​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ ផ្ដល់​ដោយ​ថ្នាក់ដឹកនាំ​ក្រសួង អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ អគ្គនាយកដ្ឋាន​ភ័ស្តុភារ និង​ហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន និង​អង្គភាព​ចំណុះ​នានា​មួយចំនួនទៀត​មាន​ទាំង​ជំនួយ​ថវិកា និង​សម្ភារបរិក្ខារ​។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស បាន​រំឭក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​កុំ​រំពឹងថា​វីរុស​កូវីដ​ ១៩ នឹង​រលាយ​សាបសូន្យ​ឱ្យសោះ ព្រោះ​មេរោគ​នេះ​បាន​ធ្វើ​សកម្មភាព​បំប្លែង​ខ្លួន​ថ្មី​ជា​បន្តបន្ទាប់​។ ដូច្នេះ​ត្រូវ​រៀន​រស់នៅ​ជាមួយ​មេរោគ​នេះ និង​ត្រូវ​ចូលរួម​ទាំងអស់គ្នា​ក្នុង​ការអនុវត្ដ​វិធានការ​របស់​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួង​សុខាភិបាល​។

លោកស្រី​ថ្លែង​បែបនេះ​ ពេល​លោកស្រី​នាំយក​អំណោយ​ថវិកា និង​សម្ភារ ជូន​លោកតា លោកយាយ វ័យ​ ១០០ ​ឆ្នាំ​ឡើង​ដែល​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ នៅ​ស្រុក​រមាសហែក ខេត្ដ​ស្វាយរៀង កាលពី​ម្សិលមិញ​។

លោកស្រី​ថ្លែងថា​៖ «​ដែល​ខ្ញុំ​ហ៊ាន​និយាយ​ដូច្នេះ​ព្រោះថា វីរុស​កូវីដ​ ១៩ នេះ បាន​បំប្លែង​ថ្មី​ទៀតហើយ​។ យើង​ក៏​មិនដឹងថា​ទៅ​ថ្ងៃ​ខាងមុខ​ទៀត វា​នឹង​បំប្លែង​ខ្លួន​ទៅជា​អ្វី​ទៀត​ទេ​។ នេះ​បង្ហាញ​ឱ្យ​ឃើញថា វីរុស​កូវីដ​ ១៩ នឹង​នៅ​ជាមួយ​យើង ហើយ​វា​ក៏​នៅតែ​ចិញ្ចឹមចិត្ត​នៅក្នុង​ការបង្កបង្កើត និង​វិវឌ្ឍ​ខ្លួនប្រាណ​របស់​វា ដើម្បី​វាយលុក​មកលើ​សរីរាង្គ​របស់​បុគ្គល​ទាំងអស់​»​។

លោកស្រី​បញ្ជាក់ថា បើ​ទោះជា​វីរុស​បំប្លែង​ថ្មី​មាន​លទ្ធភាព​ឆ្លងកាត់​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស​ក៏ពិតមែន ប៉ុន្ដែ​វ៉ាក់សាំង​នៅតែ​ជា​ឧបករណ៍​ដ៏មាន​ប្រសិទ្ធភាព​បំផុត ដែល​អាច​កាត់បន្ថយ​ជា​អតិបរមា​នូវ​ភាពធ្ងន់ធ្ងរ​នៃ​សុខភាព កាត់បន្ថយ​បានជា​អតិបរមា​នូវ​អត្រា​មរណភាព និង​អត្រា​សម្រាក​ពេទ្យ​៕