ភ្នំពេញៈ ក្រសួង​សុខាភិបាល​ និង​តំណាង​អង្គការ​សុខភាព​ពិភពលោក​ (WHO) ​ប្រចាំ​កម្ពុជា​មាន​ការបារម្ភ​ជាខ្លាំង​ពី​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ ​បំប្លែង​ថ្មី​ប្រភេទ​ដែលតា​ (Delta) ដែល​ចំនួន​នៃ​ការឆ្លង​អាច​ច្រើនជាង​ការរកឃើញ​របស់​ក្រសួង​ ខណៈ​មកដល់​ពេលនេះ​ចំនួន​អ្នក​ឆ្លង​នៃ​មេរោគ​នេះ​បាន​កើនឡើង​ជិត ១ ០០០ ​ករណី​ហើយ​។

មន្ត្រី​នៃ​ក្រសួង​សុខាភិបាល​ថា ការព្យាបាល​អ្នកជំងឺ​ឆ្លង​មេរោគ​បំប្លែង​ថ្មី​នេះ មិន​អនុញ្ញាត​ឱ្យ​សេវា​សុខាភិបាល​ឯកជន​ព្យាបាល​ឡើយ​។

ក្នុងពេល​ចុះ​ផ្តល់​ថវិកា និង​សម្ភារ​មួយចំនួន​ទៅដល់​មនុស្ស​វ័យ​ចំណាស់​អាយុ​ពី​ ១០០ ​ឆ្នាំ​ឡើង​ក្នុង​ស្រុក​ពាមជរ ខេត្តព្រៃវែង កាលពី​ថ្ងៃទី​ ២២ ​សីហា​ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​បានឱ្យដឹងថា ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​បំប្លែងថ្មី​ប្រភេទ​ដែលតា​បាន​កើត​មាននៅ​គ្រប់​រាជធានី​-​ខេត្ត​ហើយ លើកលែងតែ​ខេត្ត​កែប និង​ក្រចេះ​តែប៉ុណ្ណោះ​ដែល​មិនទាន់​មាន​ការរាយការណ៍​ពី​វីរុស​បំប្លែង​ថ្មី​នេះ​។

លោកស្រី​មានប្រសាសន៍​ថា​៖ «​មកដល់​ពេលនេះ យើង​រកឃើញ​មាន​ ៩៩៩ ​នាក់​ហើយ ដែល​បាន​ឆ្លង​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ដែលតា​នេះ​។ ចុះ​សួរថា​តើ​នៅ​ពីក្រោយ​តួលេខ ដែល​យើង​រកឃើញ​នេះ តើ​មាន​ការចម្លង​ប៉ុន្មាន​ទៀត​? ដូចនេះ​ហើយ​ដែល​យើង​ត្រូវ​រួមគ្នា​ក្នុង​ការទប់ស្កាត់​ការចម្លង​នេះ​»​។

លោកស្រី ឱ វណ្ណឌីន បន្ថែមថា​៖ «​តួលេខ​វា​ជា​រឿង​មួយ សម្រាប់​បង្ហាញ​ពី​ការរកឃើញ​បញ្ជាក់​ឱ្យបាន​ច្បាស់​ថា តើ​ស្ថានភាព​នៃ​ការចម្លង​នៃ​វីរុស​កូវីដ​ ១៩ ​វា​យ៉ាងណា​។ ប៉ុន្តែ​អ្វីដែល​យើង​ត្រូវ​គិត​គឺ​យើង​ត្រូវ​ដឹងថា អ្វីដែល​យើង​រកឃើញ​នេះ គឺ​យើង​ធ្វើ​ទៅតាម​នីតិវិធី​បច្ចេកទេស​ក្នុង​ការសម្រង់​យក​វត្ថុ​សំណាក​របស់​អ្នកជំងឺ​ដើម្បី​យកមក​មើល ប៉ុន្តែ​យើង​មិនត្រូវ​ភ្លេច​ថា ការចម្លង​នៃ​វីរុស​ប្រភេទ​ថ្មី​នេះ​អាច​មាន​ច្រើន​ជាងនេះទៀត​ដែល​នេះហើយ ជា​ការព្រួយបារម្ភ​របស់​យើង​»​។

លោកស្រី​បញ្ជាក់ថា វីរុស​កូវីដ-១៩ មិនទាន់​ទៅណា​ឆ្ងាយ​ទេ ហើយ​សុំ​កុំ​រំពឹងថា វីរុស​នេះ​នឹង​រលាយ​ពី​ទឹកដី​កម្ពុជា​នោះ ដោយសារ​វីរុស​នេះ​បាន​បំប្លែង​ខ្លួន​ថ្មី​ជាច្រើន ហើយ​ទៅ​ថ្ងៃ​ខាងមុខ ក៏​មិនដឹង ថា​តើ​វីរុស​នេះ​នឹង​បំប្លែង​ទៅជា​យ៉ាងណា​ទៀត​ដែរ​។

បើតាម​លោកស្រី​ ឱ វណ្ណឌីន គិត​ត្រឹម​ថ្ងៃទី​ ១៧ ខែសីហា សម្រាប់​វីរុស​កូវីដ​ ១៩ ​ប្រភេទ​អាល់ហ្វា​ (Alpha) បាន​រាលដាល​ដល់​ ១៩០ ​ប្រទេស​, វីរុស​ប្រភេទ​បែតតា (Beta) បាន​ឆ្លង​ដល់​ ១៣៨ ​ប្រទេស វីរុស​ប្រភេទ​ហ្គាមម៉ា (Gamma) រាលដាល​ដល់​ ៨២ ​ប្រទេស និង​វីរុស​ប្រភេទ​​ដែលតា (Delta) ​បាន​ឆ្លង​ដល់​ ១៤៨ ​ប្រទេស​។

តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា លោកស្រី លី អៃឡែន ​ក៏បាន​បង្ហាញ​ពី​ការបារម្ភ​ពី​ការឆ្លង​រាតត្បាត​នៃ​មេរោគ​បំប្លែង​ថ្មី​ប្រភេទ​ដែលតា (Delta) ដែល​វា​មាន​កម្រិត​ឆ្លង​ខ្លាំង​ និង​លឿន​ដែល​មេរោគ​នេះ​បាន​កំពុងតែ​កើតមាន​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​សហគមន៍ ដែល​ឆ្លង​ចូល​តាមរយៈ​ពលករ​។

លោកស្រី​មានប្រសាសន៍​ថា៖ «​វា​ជា​ដំណឹង​ដែល​អាក្រក់​ ឬ​ដំណឹង​មិនល្អ​ដែលថា​មេរោគ​កូវីដ​ ១៩ ​កំពុង​នៅ​ជាមួយ​យើង ពិសេស​មេរោគ​ប្រភេទ​ដែល​តា​នៅពេលនេះ​។ ចំណុច ​២ ​ដែលមាន​តួនាទី​សំខាន់​ក្នុង​ការបញ្ឈប់​ការរាតត្បាត​នូវ​ជំងឺ​កូវីដ​ ១៩ ​នេះ គឺ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ និង​ការអនុវត្ត​វិធានការ​អន្តរាគមន៍​ដែល​មិនមែន​ជា​ឱសថ ដែល​យើង​ត្រូវតែ​ធ្វើឱ្យមាន​ប្រសិទ្ធភាព​»​។

ទោះយ៉ាងណា​លោកស្រី លី អៃឡែន មាន​ភាពជឿជាក់​ខ្លាំង​លើ​ដំណើរការ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ក្នុងប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន ប៉ុន្តែ​លោកស្រី​នៅមាន​ការបារម្ភ​ចំពោះ​ការអនុវត្ត​វិធានការ​អន្តរាគមន៍​ដែល​មិនមែន​ជា​ឱសថ​។

លោកស្រី​ពន្យល់​ថា​៖ «​ប្រសិនបើ​យើង​មាន​ការបន្ធូរបន្ថយ​ ឬ​មិន​ចូលរួម​ក្នុង​ការអនុវត្ត​វិធានការ​អន្តរាគមន៍​ដែល​មិនមែន​ជា​ឱសថ​នេះ ឬ​មាន​ការបន្ធូរបន្ថយ​លឿន​ពេក ឆាប់​ពេក ពេលនោះ​យើង​នឹង​អាច​មើលឃើញ​ពី​ការផ្ទុះ​ឡើងវិញ​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ ​ម្តងទៀត​»​។

លោកស្រី លី អៃឡែន បាន​ធ្វើការ​អំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​មិនត្រូវ​មាន​ការបន្ធូរបន្ថយ​ការអនុវត្ត​វិធានការ​ការពារ​សុខភាព ដែល​ដាក់ចេញ​ដោយ​ក្រសួង​សុខាភិបាល និង​រាជរដ្ឋាភិបាល​កម្ពុជា​ឡើយ​។ ពេលនេះ​មិនមែន​ជា​ពេលដែល​ត្រូវ​បន្ធូរបន្ថយ​នោះទេ តែ​ជា​ការចូលរួម​អនុវត្ត​រួមគ្នា​ឱ្យមាន​ប្រសិទ្ធភាព​ដូចជា ៣ការពារ និង​៣កុំ​ជាដើម​។

ទន្ទឹមនឹង​នេះដែរ រដ្ឋលេខាធិកា​ក្រសួង​សុខាភិបាល លោក ង៉ូវ កាង បាន​និយាយ​កាលពី​ថ្ងៃទី​ ២១ ខែសីហា​ថា ក្រសួង​មិនទាន់​អនុញ្ញាត​ឱ្យ​សេវា​ឯកជន​ណាមួយ​ទទួល​ការព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ ​បំប្លែង​ថ្មី​ប្រភេទ​ដែលតា​នោះទេ​។

លោក​មាន​ប្រសាសន៍ថា៖ «​នៅពេលដែល​ធ្វើតេស្ត​រកឃើញ​មាន​មេរោគ​បំប្លែង​ថ្មី​នេះ អ្នកជំងឺ​នោះ​នឹងត្រូវ​បញ្ជូនមក​ព្យាបាល​នៅ​មន្ទីរពេទ្យរដ្ឋ​ដែល​ត្រូវបាន​រៀបចំ​ដាច់​ដោយឡែក​ពី​អ្នកជំងឺ​ផ្សេងទៀត ដែល​យើង​យល់ថា មាន​ការគ្រប់គ្រង​យ៉ាង​ហ្មត់ចត់ និង​កាត់បន្ថយ​ការឆ្លង​ទៅក្នុង​សហគមន៍​»​។

សម្រាប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​មាន​ទីតាំង​ចំនួន​ ៤ ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ ​បំប្លែងថ្មី ដែលតា ក្នុងនោះ​មាន​វិទ្យាល័យ​ជាស៊ីម​សាមគ្គី មជ្ឈមណ្ឌល​មង្គល​ឧត្តម ពិភពថ្មី​សែនសុខ និង​មណ្ឌល​សុខភាព​ចាក់អង្រែ​។

ក្រសួង​ថា ចាប់ពី​ចុងខែ​មីនា ដល់​ថ្ងៃទី​ ២១ ខែសីហា កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​វីរុស​កូវីដ​ ១៩ បំប្លែង​ថ្មី​ប្រភេទ B.1.61-7-2 (Delta) ​ចំនួន ៩៩៩ ​នាក់​។ អ្នក​វិជ្ជមាន​ទាំងនោះ​រួមមាន​ទាំង​លើ​អ្នកដំណើរ​តាម​ជើង​ហោះហើរ ពលករ​មកពី​ប្រទេស​ថៃ ពី​ប្រទេស​វៀតណាម ប្រជាជន​នៅក្នុង​សហគមន៍ ក្រុមហ៊ុន​ឯកជន បុគ្គលិក​សុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន​​អ្នកបកប្រែ​ភាសា ជនជាតិ​បរទេស បុគ្គលិក​នៅតាម​រោងចក្រ​កាត់ដេរ បុគ្គលិក​ធនាគារ ដូនជី​នៅ​វត្ត និង​សិស្ស​៕

វីដេអូ៖