ភ្នំពេញៈ របាយការណ៍​អង្គការ​យូនីសេហ្វ បាន​រកឃើញថា កុមារ​នៅ​កម្ពុជា​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ពី​ផលប៉ះពាល់​នៃ​វិបត្តិ​អាកាសធាតុ ដែល​បង្ក​ការគំរាម​កំហែង​ដល់​សុខភាព ការអប់រំ និង​ការទទួល​បាន​ការការពារ ខណៈ​អង្គការ​នេះ​បាន​ចាត់​ចំណាត់ថ្នាក់​កុមារ​នៅ​កម្ពុជា​ថា ងាយ​រង​ហានិភ័យ​ជាងគេ​លំដាប់​ទី៤៦ ក្នុង​ចំណោម ១៦៣ ប្រទេស​លើ​ពិភពលោក​។

កាលពី​ថ្ងៃទី​ ២០ ​សីហា យូនីសេហ្វ បានចេញ​របាយការណ៍​សកល​ស្តីពី​ «​វិបត្តិ​អាកាសធាតុ​គឺជា​វិបត្តិ​នៃ​សិទ្ធិ​កុមារ​៖ សន្ទស្សន៍​ហានិភ័យ​អាកាសធាតុ​របស់​កុមារ​» គឺជា​ការវិភាគ​គ្រប់​ជ្រុងជ្រោយ​ដំបូងបង្អស់​មិន​ធ្លាប់មាន​លើ​ហានិភ័យ​អាកាសធាតុ​ចេញពី​ការយល់ឃើញ​របស់​កុមារ​។

សន្ទស្សន៍​នេះ ដាក់​ចំណាត់ថ្នាក់​ប្រទេស​នានា ផ្អែក​តាម​ការប្រឈម​របស់​កុមារ​ទៅនឹង​វិបត្តិ​អាកាសធាតុ និង​បរិស្ថាន​ដូចជា​ព្យុះ​ស៊ីក្លូន និង​រលក​កម្ដៅ​ព្រមទាំង​ភាពងាយ​រងគ្រោះ​របស់​ពួកគេ​ ដោយសារ​វិបត្តិ​ទាំងនេះ​ដែល​ត្រូវបាន​កំណត់​ទៅតាម​លទ្ធភាព​របស់​ពួកគេ​ក្នុង​ការទទួល​បាន​សេវា​ចាំបាច់​សំខាន់ៗ​។

នេះ​ជា​លើក​ទី​១ ហើយ​ដែល​យូនីសេហ្វ ដាក់​ចំណាត់ថ្នាក់​ប្រទេស​នានា ទៅតាម​ការ​ប្រឈម​នឹង​ភាពងាយរងគ្រោះ​របស់​កុមារ ដោយសារ​វិបត្តិ​អាកាសធាតុ និង​បរិស្ថាន​ដោយ​ក្នុងនោះ កុមារ​នៅ​កម្ពុជា​ត្រូវ​បានដាក់​ចំណាត់ថ្នាក់​ថា ងាយ​រង​ហានិភ័យ​ជាងគេ​។

របាយការណ៍​ថា​៖ «​ប្រទេស​កម្ពុជា ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី៤៦ ក្នុងចំណោម ១៦៣ ប្រទេស ធ្វើឱ្យ​កម្ពុជា​ស្ថិតក្នុង​ចំណោម​ប្រទេស ១ ភាគ ៣ នៅ​ផ្នែក​ខាងលើ​គេ ដែល​ប្រឈម​ហានិភ័យ​ខ្ពស់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​។ កុមារ​នៅ​កម្ពុជា​ប្រឈមមុខ​ខ្ពស់​នឹង​បញ្ហា​ខ្វះ​ទឹក គ្រោះទឹកជំនន់​តាម​ដង​ទន្លេ និង​ជំងឺ​ឆ្លងតាម​មេរោគ​ចម្លង​»​។

របាយការណ៍​បន្តថា ទោះជា​យ៉ាងនេះ​ក្តី ការវិនិយោគ​លើ​សេវា​សង្គម​នៅ​កម្ពុជា​ជាពិសេស​លើ​ការបង្កើន​លទ្ធភាព​ទទួល​បាន​ទឹកស្អាត​ និង​អនាម័យ សេវា​សុខភាព​ និង​អាហារូបត្ថម្ភ ការអប់រំ និង​សេវា​គាំពារ​សង្គម​អាច​នាំមក​នូវ​ការប្រែប្រួល​គួរឱ្យ​កត់សម្គាល់​ដល់​លទ្ធភាព​ក្នុង​ការការពារ​អនាគត​កុមារ​ទាំងនេះ​ពី​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​។

លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ តំណាង​អង្គការ​យូនីសេហ្វ​ប្រចាំ​កម្ពុជា​ថ្លែង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដែល​ភ្នំពេញ​ប៉ុស្តិ៍​បានទទួល​ពីថ្ងៃ​ទី​ ២២ ខែសីហា ថា វិបត្តិ​អាកាសធាតុ​គឺជា​វិបត្តិ​សិទ្ធិ​កុមារ​ព្រោះថា វិបត្តិ​នេះ​បង្ក​ការគំរាមកំហែង ដល់​គ្រប់​ទិដ្ឋភាព​ទាំង​អស់នៃ​សុខភាព និង​សុខុមាលភាព​របស់​កុមារ​ក្នុង​កម្រិត​ដែល​មនុស្សជាតិ​ពុំ​ធ្លាប់​ជួបប្រទះ​កន្លងមក​។

លោកស្រី​ថ្លែងថា​៖ «​បម្រែបម្រួល​អាកាសធាតុ​ធ្វើឱ្យ​ពិភពលោក​ក្លាយជា​កន្លែង​កាន់តែ​មាន​ហានិភ័យ សម្រាប់​ការរស់នៅ​ និង​ការលូតលាស់​ធំធាត់​របស់​កុមារ ប៉ុន្តែ​យើង​អាច​ទប់ស្កាត់​បញ្ហា​នេះ មិនឱ្យ​ក្លាយជា​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​បាន​ប្រសិនបើ​យើង​ចាប់ផ្តើម​ចាត់វិធានការ​ពី​អំណឹះតទៅ​»​។

លោកស្រី​ ហ្វ័រូហ្គ ហ្វយូហ្សិថ ​បន្តថា​៖ «​យើង​ចាំបាច់​ត្រូវ​ធ្វើការ​វិនិយោគ​លើ​សេវា​ដែល​កុមារ​ពឹង​អាស្រ័យ​ដើម្បី​រស់រាន​ និង​អភិវឌ្ឍ​ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ​ និង​សេវា​ទឹកស្អាត​សេវា​ថែទាំ​សុខភាព និង​អប់រំ​ជាដើម​ក៏ដូចជា​ធ្វើ​យ៉ាងណា​ឱ្យ​ហេដ្ឋារចនាសម្ព័ន្ធ និង​សេវា​ទាំងនេះ កាន់តែ​មាន​ភាពធន់​។ ប្រព័ន្ធ​នឹង​សេវា​ដែល​រឹងមាំ​នឹង​ជួយ​ការពារ​អនាគត​កុមារ​ពី​ផលប៉ះពាល់​ដែល​បង្កឡើង​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​ និង​ការរេចរឹល​បរិស្ថាន​»​។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ ថ្លែងថា ក្រសួង​អប់រំ​ស្វាគមន៍ និង​អរគុណ​ចំពោះ​កិច្ចសហការ​ពី​សំណាក់​ក្រសួងស្ថាប័ន​ដៃគូ​អភិវឌ្ឍន៍​រួមមាន​អង្គការ​យូនីសេហ្វ​វិស័យ​ឯកជន ជាពិសេស​បុគ្គលិក​អប់រំ មាតា-បិតា​សិស្ស-និស្សិត​ និង​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការចូលរួម​ចំណែក​លើកកម្ពស់​គុណភាព​អប់រំ​រួមមាន​ខ្លឹមសារ ចំណេះដឹង​បរិស្ថាន​ទូទៅ និង​ការប្រែប្រួល​អាកាសធាតុ​សម្រាប់​ពង្រឹង​គុណភាព​ជីវិត​របស់​អ្នកសិក្សា​។

លោក​ថ្លែងថា ក្រោម​កិច្ចសហការណ៍​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​ក្រសួងបរិស្ថាន​ក្រសួង​អប់រំ​បាន​បញ្ចូល​ខ្លឹមសារ​ពាក់ព័ន្ធ​នឹង​ការងារ​បរិស្ថាន​ទូទៅ​ចូលក្នុង​កម្មវិធីសិក្សា និង​បញ្ជ្រាប​ខ្លឹមសារ​ពាក់ព័ន្ធ​ចាប់ពី​កម្រិត​មត្តេយ្យ​សិក្សា ហើយ​ក្រសួង​ទាំង ២ បាន​ និង​បន្ត​កិច្ចសហការ​លើ​ការងារ​បរិស្ថាន តាមរយ:​គ្រប់​រូបភាព​។

លោក​ សុវាចា ថ្លែងថា​៖ «​ក្រសួង​អប់រំ បាន​និង​បន្ត​អនុវត្ត​កម្មវិធីសិក្សា​ស្តីពី​បរិស្ថាន និង​លើកទឹកចិត្ត​សិស្សានុសិស្ស​គ្រប់កម្រិត​សិក្សា​ឱ្យ​ស្រឡាញ់ និង​ចូលរួម​ថែរក្សា​ការពារ​បរិស្ថាន​សាលារៀន​ និង​សហគមន៍​។ ក្រសួង​អប់រំ​ក៏បាន​និង​បន្ត​រៀបចំ​ចលនា​ប្រឡងប្រណាំង​សាលារៀន​ស្អាត​ ដើម្បី​លើកកម្ពស់​បរិស្ថាន​សាលារៀន​រួមទាំង​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក​»​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ ក្រសួងបរិស្ថាន ថ្លែង​នៅ​ថ្ងៃទី​ ២២ សីហា ថា ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​នាំឱ្យ​មានការ​ប្រែប្រួល​របប​ទឹកភ្លៀង សីតុណ្ហភាព និង​ការកើនឡើង​នៃ​នីវ៉ូ​ទឹកសមុទ្រ ព្រមទាំង​ផលប៉ះពាល់​លើ​វិស័យ​សំខាន់ៗ ដូចជា សុខភាព​មនុស្ស ផលិតកម្ម​កសិកម្ម ព្រៃឈើ និង​ប្រព័ន្ធ​អេកូឡូស៊ី ធនធានទឹក តំបន់ឆ្នេរ សេដ្ឋកិច្ច​ និង​យេនឌ័រ​។

លោក​បន្តថា រដ្ឋាភិបាល​បាន​បង្កើន​ថវិកា​រហូតដល់​ទៅ​ ៤ ​ដង​រយៈពេល​ ៨ ​ឆ្នាំ​ចុង​ក្រោយនេះ ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា ដែល​បណ្តាលមកពី​ការប្រែប្រួល​អាកាសធាតុ​។ ថវិកា​ប្រមាណ​ជា​ ៩០០ ​លាន​ដុល្លារ​ដែលមាន​ការវិនិយោគ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដៃគូ​អភិវឌ្ឍន៍​នានា​គ្រោង​នឹង​ចំណាយ​នៅក្នុង​គម្រោង​រយៈពេល​ ៥ ​ឆ្នាំ ដែល​គម្រោង​ឆ្លើយតប​ការប្រែប្រួល​អាកាសធាតុ​នេះ​ត្រូវបាន​ធ្វើឡើង​រួម​ជាមួយ​នឹង​ស្ថាប័ន​ និង​ក្រសួង​ចំនួន​ ១៤ ​ផ្សេងទៀត ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​។

លោក​ថ្លែងថា​៖ «​កម្ពុជា​មិនមែនជា​ប្រទេស​ដែល​បង្កឱ្យមាន​ការប្រែប្រួល​អាកាសធាតុ​ទេ តែ​ជា​អ្នក​ទទួលរង​នូវ​ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​។ កម្ពុជា​ត្រូវបាន​ទទួលស្គាល់ថា​ជា​ប្រទេស​ដែលមាន​ភាពសកម្មភាព​ក្នុង​ការចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ​»៕