ភ្នំពេញៈ វ៉ាក់សាំង​ប្រភេទ​ស៊ី​ណូ​ហ្វា​ម​ចំនួន ១០០ ០០០ ដូ​ស ដែលជា​ជំនួយ​របស់​សមាគមជាតិ​កាកបាទក្រហម​ចិន ផ្តល់ជូន​កាកបាទក្រហមកម្ពុជា​ នឹង​ដឹកមកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅវេលា​ម៉ោង ៥ រសៀល ថ្ងៃទី ២៣ ខែសីហា នេះ។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការទទួល​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​ ពី​សមាគមជាតិ​កាកបាទក្រហម​ចិន ជូន​កាកបាទក្រហមកម្ពុជា នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក បាទ ក្រហម កម្ពុជា និង​លោក វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

កាកបាទក្រហមកម្ពុជា​បាន​បញ្ជាក់ថា ៖ «វ៉ាក់សាំង​កូ​វីដ ១៩ ដែលជា​ជំនួយ​របស់​កាកបាទក្រហម​ចិន នឹងចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា នូវ​មធ្យោបាយ​ដ៏​មាន​អានុភាព​បន្ថែមទៀត ក្នុង​ការបន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ១៩»។

ប្រភព​ដដែល​បាន​បន្តថា ទោះជា​យ៉ាងនេះ​ក្តី វ៉ាក់សាំង​តែមួយ​មុខ​នឹង​មិនអាច​បញ្ចប់​ការឆ្លង​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូវីដ ​១៩​ នេះ​បាន​ឡើយ។

ការបន្ត​អនុវត្ត​វិធានការ​សុខភាព​សាធារណៈ ដើម្បី​ទប់ស្កាត់​ការចម្លង​ជំងឺ​នេះ នៅតែ​ជាការ​ចាំបាច់ ដូចជា​ការធ្វើ​តេស្ត ការគោរព​វិធានការ​ច​ត្តា​ឡី​ស័ក ព្រមទាំង​ការបន្ត​អនុវត្ត ៣ការពារ និង៣កុំ។

កាកបាទក្រហម​កម្ពុជា​បានឱ្យដឹងថា៖ «ក្នុងស្ថានភាព​បច្ចុប្បន្ន ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ១៩ ទាមទារ​ឱ្យមាន​ការចូលរួម និង​សហការ​យ៉ាង​ស្អិតរ​មួ​ត​ ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់។ ក្នុងន័យនេះ កាកបាទក្រហមកម្ពុជា ប្តេជ្ញា​បន្ត​ខិតខំ​ចូលរួម និង​សហការ​ជាមួយនឹង​រាជរដ្ឋាភិបាល ឱ្យ​កាន់តែ​ខ្លាំងក្លា​មួយកម្រិត​ទៀត ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ ១៩ តាមរយៈ ការចូលរួមចំណែក​អប់រំ​ផ្សព្វផ្សាយ ដល់​ប្រជាពលរដ្ឋ​តាម​សហគមន៍​ឱ្យ​អនុវត្ត​វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល ដើម្បី​សុខភាព​ល្អ​របស់​គ្រួសារ​មួយ សហគមន៍​មួយ និង​សង្គមជាតិ​ទាំងមូល»។

ជាមួយគ្នានេះដែរ នៅ​ថ្ងៃត្រង់​ថ្ងៃ​ទី​ ២៣​ សីហា​នេះ​ដែរ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ទៀ បាញ់ នឹង​ទទួល​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​ ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ និង​ប្រជាជន​ចិន ចំនួន ៥០ ម៉ឺន​ដូ​ស​ផងដែរ៕